ឡូយ​តិច​អី ស្ងាត់ៗ អៀង ចេនឡា កុងត្រា​ជាមួយ​ផលិតកម្ម​មួយ ឡើង​ជា​តារា​អាជីព​បាត់​ហើយ!

  • 2020-09-24 02:52:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង និង​ជា​តារា​កំប្លែង​ពេញ​និយម អៀង ចេនឡា បាន​បោះ​មួយ​ជំហាន​ទៀត ដោយ​លោក​ទើប​នឹង​ចុះ​កុងត្រា​ធ្វើ​ជា​តារា​ចម្រៀង​អាជីព​របស់​ផលិតកម្ម​ក្នុង​ស្រុក​មួយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

តាម​ព័ត៌មាន​ដែល​ទទួល​បាន ចេនឡា បាន​សម្រេច​ចិត្ត​ចាប់​យក​ឱកាស​ថ្មី​ក្នុង​អាជីព​សិល្បៈ​របស់​ខ្លួន ដោយ​ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម Classic កាល​ពី​អំឡុង​មុន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​បាន​ចូល​មក​ដល់។ តារា​ប្រុស​លើក​ឡើង​ថា នេះ​ជា​សមិទ្ធផល​ថ្មី​មួយ​ទៀត​ក្នុង​អាជីព​សិល្បៈ ខណៈ​ពី​មុន​មក​លោក​មិន​ដែល​បាន​ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម​ក្នុង​ស្រុក​ណា​មួយ​ឡើយ។

លោក អៀង ចេនឡា បច្ចុប្បន្ន​ត្រូវ​បាន​ស្គាល់​ថា​ជា​តារា​សម្ដែង និង​កំប្លែង​ពេញ​និយម​មួយ​រូប ប៉ុន្តែ​នៅ​ពី​ក្រោយ​នេះ លោក​ក៏​ជា​តារា​ចម្រៀង​មួយ​រូប​ដែរ​ពី​មុន​មក ដោយ​ក្នុង​នោះ​លោក​ក៏​ជា​អតីត​ជយលាភី​លេខ​១​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង ណេសកាហ្វេ ឆ្នាំ ២០០៥ ផង។ យ៉ាងណា​ដោយ​សារ​អាជីព​សម្ដែង និង​កំប្លែង​លេច​ធ្លោ​ជាង ទើប​អាជីព​ចម្រៀង​ហាក់​ចុះ​ថមថយ។

ប៉ុន្តែ​សាមី​ខ្លួន​បញ្ជាក់​ថា លោក​នៅ​តែ​ស្រឡាញ់ និង​ស្ដាយ​សមិទ្ធផល​របស់​លោក​ក្នុង​ចម្រៀង​ពី​អតីត ទើប​លោក​សម្រេច​ហក់​ចូល​ប្រឡូក​ក្នុង​ជំនាញ ដែល​បាន​ត្រួសត្រាយ​ជីវិត​សិល្បៈ​របស់​លោក​ជិត​២ទសវត្សរ៍​នេះ​ជា​ថ្មី។ "ខ្ញុំ​ខ្លាច​គេ​ភ្លេច​ថា​ខ្ញុំ​ជា​អ្នក​ចម្រៀង ផ្សំ​នឹង​ឱកាស​ដែល​ផលិតកម្ម Classic គេ​កំពុង​ត្រូវ​ការ​អ្នក​ចម្រៀង​ផង ខ្ញុំ​ក៏​សម្រេច​ចិត្ត​ចូល​ច្រៀង​កុងត្រា​តែ​ម្ដង​ទៅ!”។

នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​លោក អៀង ចេនឡា បាន​ធ្វើ​ជា​តារា​ចម្រៀង​ផលិតកម្ម ពោល​គឺ​ពី​អតីតកាល​លោក​ធ្លាប់​បាន​ចូល​ច្រៀង​ឲ្យ​ផលិតកម្ម​មួយ​ចំនួន​នៅ​ក្រៅ​ស្រុក​ដែរ។ ប៉ុន្តែ​ដូច​បញ្ជាក់​ពី​ខាង​លើ លោក​គ្រាន់​តែ​ច្រៀង តែ​មិន​បាន​ចុះកុងត្រា​ដូច​ជា​ពេល​នេះ​នោះ​ទេ។ អតីត​ជយលាភី​លេខ១ ណេសកាហ្វេ ឆ្នាំ ២០០៥ បាន​ចុះ​កុងត្រា​រយៈ​ពេល​១​ឆ្នាំ​ជាមួយ​ផលិតកម្ម Classic។

ភ្លាម​ៗ បន្ទាប់​ចុះ​កិច្ច​សន្យា​ការងារ​ជាមួយ​គ្នា​រយៈ​ពេល​ខាង​លើ លោក អៀង ចេនឡា បាន​ចេញ​បទ​ចម្រៀង​ដំបូង​មួយ​បទ​ហើយ គឺ​បទ "ប្រែត" ដែល​ទើប​នឹង​ចេញ​វីដេអូ​ចម្រៀង​ពេញ​លេញ​ផ្លូវ​ការ​មុន​ថ្ងៃ​ភ្ជុំ​បិណ្ឌ​១​ថ្ងៃ ដើម្បី​អបអរ​ពិធីបុណ្យ​ប្រពៃណី​ជាតិ​ខ្មែរ​ដ៏​ធំ​មួយ​នេះ។ លោក​ថា តាម​ផែន​ការ ផលិតកម្ម​នឹង​ជួយ​ឲ្យ​លោក​បាន​ចេញ​បទ​ចម្រៀង​លើ​ទីផ្សារ​បន្ត​បន្ទាប់​ពី​ពេល​នេះ​ត​ទៅ៕

តោះ...ស្ដាប់​បទ​ចម្រៀង​ដំបូង​របស់​លោក អៀង ចេនឡា ក្នុង​ផលិតកម្ម Classic ទាំង​អស់​គ្នា៖

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម