លើក​នេះ ទេព បូព្រឹក្ស ចេញ​មុខ​ហើយ​រឿង គេ​ថា G-Devith ពាក់​នាឡិកាតម្លៃ ២លាន​ដុល្លារ

  • 2020-09-29 02:34:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​តារា​ចម្រៀង G-Devith ពាក់​នាឡិកា​ដៃ​មួយ​គ្រឿង​មាន​តម្លៃ​ដល់​ទៅ ២លាន​ដុល្លារ បាន​ធ្វើ​ឲ្យ​សាមី​ខ្លួន​បាន​ចេញ​មុខ​បក​ស្រាយ​រួច​មក​ហើយ ហើយ​នៅ​រសៀល​ម្សិលមិញ​នេះ​គូស្នេហ៍​របស់​លោក គឺ​កញ្ញា ទេព បូព្រឹក្ស បាន​ចេញ​មុខ​ម្ដង។

នៅ​មុន​ការ​ចេញ​មក​របស់​គូស្នេហ៍​វ័យ​ក្មេង​មួយ​គូ​នេះ ប៉ុន្មាន​ថ្ងៃ​មុន មាន​ទំព័រ​ហ្វេសប៊ុក​លក់​នាឡិកា បាន​បញ្ចេញ​រូបភាព​តារា​ចម្រៀង​ប្រុស​ភ្ជាប់​ជាមួយ​សារ​បញ្ជាក់​ថា G-Devith ត្រូវ​គេ​ប្រមាញ់​រូប​បាន ឃើញ​លោក​មាន​ពាក់​នាឡិកា មួយ​គ្រឿង​ម៉ាក Richard Mille ម៉ូដែល RM 10-03 ដែល​មាន​តម្លៃ​ដល់​ទៅ​ជាង ២លាន​ដុល្លារ​អាមេរិក។

ព័ត៌មាន​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល ត្បិត​ថា​មុន​នេះ មាន​ព័ត៌មាន​ពី​សិល្បករ​ខ្មែរ​ជា​ច្រើន​នាក់ មាន​ប្រើ​ប្រាស់​នាឡិកា​ប្រណិត​តម្លៃ​កប់​ពពក ក៏​តម្លៃ​នោះ​មិន​ថ្លៃ​ដល់​របស់​ដែល​តារា​ចម្រៀង​មក​ពី​ខេត្ត​បាត់​ដំបង​ពាក់​ដែរ ក្នុង​នោះ​សូម្បី​តែ​លោក ព្រាប សុវត្ថិ ជា​កំពូល​តារា​ចម្រៀង​ប្រចាំ​ប្រទេស ក៏​ពាក់​ត្រឹម​នាឡិកា​ថ្លៃ​ជាង ១០ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។

បន្ទាប់​ពី​មាន​ការ​ទម្លាយ​ចេញ​ដូច្នេះ ធ្វើ​ឲ្យសាធារណជន​មាន​ការ​ភ្ញាក់​ផ្អើល សាមី​ខ្លួន​តារា​ចម្រៀង ងួន ចាន់ដេវីដ ឬ G-Devith ក៏​បាន​ចេញ​មក​អះអាង​ថា មិន​ពិត​នោះ​ទេ។ ដេវីដ ទទួល​ថា លោក​ពិត​ជា​មាន​ប្រើ​នាឡិកា​ដៃ​ម៉ូដែល​ខាង​លើ​ពិត​មែន ប៉ុន្តែ​នោះ​ជា​នាឡិកា​កូពី(ក្លែង​ក្លាយ)ទេ គ្រាន់​តែ​នាឡិកា​នោះ​ជា​ប្រភេទ​នាឡិកា​ដាំ​ពេជ្រ​ប៉ុណ្ណោះ។

លោក ងួន ចាន់ដេវីដ បញ្ជាក់​ថា "អត់​មាន​ចេតនា​បន្លំ​ធ្វើ​ Original ហើយ​ពាក់​ឡាយ​រាល់​ថ្ងៃ​ទេ​យាយ"។ ថ្វី​ត្បិត​តែ សាមី​ខ្លួន​បាន​ចេញ​មក​​អះអាង​ដូច្នេះ​ក្ដី ប៉ុន្តែ​នៅ​តែ​មាន​មតិ​ខ្លះ ពុំព្រម​ទទួល​ទេ ដោយ​លើក​ឡើង​ថា ដេវីដ គុហក និង​មាន​ចេតនា​ឌឺដង​ទៅ​វិញ។ ជុំវិញ​បញ្ហា​នេះ បាន​នាំ​ឲ្យ​កញ្ញា ទេព បូព្រឹក្ស ដែល​ជា​គូស្នេហ៍ នៅ​មិន​សុខ​ក៏​បាន​​ចេញ​មុខ​មក​ទៀត។ តារា​ស្រី​បញ្ជាក់​ថា ពួក​នាង តែង​តែ​និយាយ​ការ​ពិត​នូវ​អ្វី​ដែល​ខ្លួន​មាន មិន​ដែល​បំផ្លើស​ឡើយ ហើយ​ថា នោះ​ជា​នាឡិកា​ធម្មតា ដាំ​ពេជ្រ​ដែល​ធ្វើ​ដោយ​ហាង​នៅ​ក្នុង​ស្រុក​ប៉ុណ្ណោះ ។

"ពួក​ខ្ញុំ​អត់​ចង់​ឲ្យ​គេ​យល់​ច្រលំ​នឹង​ពួក​ខ្ញុំ​ចូល​ចិត្ត​និយាយ​ត្រង់ ហើយ​ដូច​អត់​ប៉ះពាល់​អ្នកណា​សោះ ម៉េច​បាន​ចូល​ចិត្ត​ទាញ​ពួក​ខ្ញុំ​ចូល​ម្ល៉េះ!”។ បូព្រឹក្ស ថ្លែង។ បន្ថែម​ពី​លើ​នេះ តារា​ស្រី ក៏​បាន​បញ្ចេញ​ហាង​ដែល​ដាក់​លក់​នាឡិកា ដេវីត ពាក់ ដោយ​តាម​រយៈ​រូប​ភាព​ដែល​ភ្ជាប់​មក​នោះ នាឡិកា​នេះ​មាន​តម្លៃ​ត្រឹម​តែ ជាង ១ម៉ឺន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

ក្រោយ​ពី បូព្រឹក្ស ចេញ​មក​ការពារ​គូស្នេហ៍ គេ​ឃើញ​ភាគី​ខាង​ប្រុស​ក៏​មិន​អស់​មិន​ហើយ​ដែរ ដោយ​លោក​បាន​ចេញ​សារ​ថ្មី​ទៀត​ថា "និយាយ​ត្រង់​អាយុ​ខ្លី និយាយ​ខ្លី​អាយុ​វែង"។ ករណី​របស់ ងួន ចាន់​ដេវីដ ដូច​គ្នា​នឹង​ករណី​កញ្ញា វ៉ាន់ វល័ក្ខ ដែរ​ដោយ​មុន​នេះ មាន​ទំព័រ​ហ្វេសប៊ុក​លក់​នាឡិកា បាន​បញ្ចេញ​ថា នាង​មាន​ប្រើ​នាឡិកា​ដៃ​មួយ​គ្រឿង​តម្លៃ​ប្រមាណ ៣ម៉ឺន​ដុល្លារ​អាមេរិក។

ភ្លាម​ៗ តារា​ស្រី​ក៏​បាន​ចេញ​មក​បញ្ជាក់​ដែរ​ថា នាឡិកា​ដែល​នាង​ប្រើ គឺ​ជា​នាឡិកា​ធម្មតា​ប៉ុណ្ណោះ មិន​មែន​ជា​របស់ Original នោះ​ទេ គ្រាន់​តែ​ថា នាឡិកា​នោះ មាន​ដាំ​ពេជ្រ​ប៉ុណ្ណោះ ហើយ​តម្លៃ​ក៏​មិន​ដូច​ការ​លើក​ឡើង​ថា​ប្រមាណ ៣ម៉ឺន​ដុល្លារ​នោះ​ទេ គឺ​ត្រឹម​ជាង ២ម៉ឺន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ៕

អត្ថបទ៖ ទារិកា