យុវជនកម្ពុជាងាកមកបង្កើតកម្មវិធីជួបជុំ និងចែករំលែកពី «ភាពជឿជាក់តាមការស្លៀកពាក់»

  • 2020-09-29 02:50:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ៖ យុវជនស្ម័គ្រចិត្តកម្ពុជាមួយក្រុមបានរួមគំនិត និងបង្កើតពិធីជួបជុំគ្នាដើម្បីលើកកម្ពស់ ចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ពីស្តាយ នៃការស្លៀកពាក់របស់ខ្លួន នៅតាមទីសាធារណៈ ដែលត្រូវបានស្គាល់ឈ្មោះថា «Dress To Express» នៅក្នុងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៦ ខែកញ្ញា កន្លងមកនេះ។

ការជួបជុំជជែក និងចែករំលែកពីបទពិសោធន៍ពីវិស័យ Fashion គ្រប់ទម្រង់ ប្រារព្ធធ្វើឡើងដើម្បីលើកទឹកចិត្ត និងជួយកាត់បន្ថយការរើសអើង ជាពិសេសការប្រមាថមើលងាយលើការស្លៀកពាក់ ពូជសាសន៍ សម្បុរ និងការបែងចែកភេទនៅតាមទីសាធារណៈជាដើម។ ក្រុមអ្នកបង្កើតកម្មវិធី និងអ្នកចូលរួមប្រមាណជាង១០នាក់ មានដូចជា សិស្សនិស្សិត បុគ្គលិកក្រុមហ៊ុន អ្នកសិល្បៈ បុគ្គលិកអង្គការ បុគ្គលិកការងារឯករាជ្យ និងយុវវ័យគ្រប់ស្រទាប់ជាន់ថ្នាក់ បានចូលរួមដោយការស្ម័គ្រចិត្ត។

បន្ទាប់ពីការជួបជុំថតរូប ពិភាក្សាគ្នារវាងអ្នកជំនាញនិងអ្នកចូលរួមទូទៅ និងផ្លាស់ប្តូរបទពិសោធន៍ពីការយល់ឃើញក្រោមប្រធានបទ «សុវិត្ថភាព នៃការស្លៀកពាក់» អ្នកចូលរួមទាំងអស់បានស្នើឲ្យមានការរៀបចំបែបនេះបន្ថែមទៀតដើម្បីបង្ហាញពីភាពជាខ្លួនឯង។

លោក បូ សកលកិត្យា ជាបុគ្គលិកឯករាជ្យ និងម្នាក់ក្នុងចំនោមអ្នកបង្កើតការជួបជុំនេះ បានលើកឡើងថា៖ នៅកម្ពុជា វប្បធម៍នៃការស្លៀកពាក់មួយចំនួនមិនត្រូវបានផ្តល់នូវតម្លៃទៅតាមការច្នៃម៉ូតសម្លៀកបំពាក់របស់អ្នកច្នៃខ្លួនឯងទេ ដោយហេតុថាវាមានលក្ខណៈខុសប្លែកពីអ្នកដទៃ និងមិនមានភាពជឿជាក់ក្នុងការដើរតាមទីសាធារណៈ។ ផ្ទុយទៅវិញ ការបង្ហាញពីស្តាយនៃការស្លៀកពាក់របស់ខ្លួនឯង ជាកត្តាចាំបាច់ដើម្បីបង្ហាញពីខ្លួនឯង និងជាគំរូដល់អ្នកដែលមានស្តាយផ្ទាល់ខ្លួនដែលមិនប្រាស់ចាកពីប្រពៃណីវប្បធម៌។

លោកបានបន្តថា៖ «ខ្ញុំសង្ឃឹមថាការជួបជុំជែកគ្នាលើកនេះ អាចជាការលើកទឹកចិត្ត និងជាគំនិតតិចតួចជម្រុញដល់អ្នកដែលបានគិតស្រមៃនិងកំពុងគិតច្នៃនូវអ្វីដែលបង្ហាញជាខ្លួនឯង និងជាឳកាសសម្រាប់មនុស្សគ្រប់រូបក្នុងការចូលរួមគាំទ្រលើការស្លៀកពាក់បែប Fashionរបស់បុគ្គល»

អ្នកចូលរួមកម្មវិធីភាគច្រើន បានបង្ហាញពីភាពរីករាយនៃចូលរួម និងបង្ហាញពីស្តាយស្លៀកពាក់រឿងៗខ្លួនដើម្បីបង្ហាញពីខ្លួនឯងតាមរយៈការថតរូបលេង ពិភាក្សាពីបទពិសោធន៍ជីវិត និងបញ្ហាផ្សេងៗដែលមនុស្សក្នុងសង្គមបានជួបប្រទះ។

«ភាពជឿជាក់តាមការស្លៀកពាក់-Dress to Express» គឺជាពិធីជួបជុំ ជជែកពិភាក្សាគ្នា និងពង្រឹងភាពជឿជាក់លើការស្លៀកពាក់ នៃវិស័យ Fashion របស់បុគ្គលម្នាក់ៗ នៅតាមទីសាធារណៈ។ កម្មវិធីនេះ នឹងមានការរៀបចំជាបន្តបន្ទាប់នៅទីតាំងផ្សេងៗ គ្នាក្នុងប្រទេសកម្ពុជា៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម