"អ្នកមិនឯកាទេ" ពិព័រណ៍បង្ហាញពីជីវិតអ្នករងផលប៉ះពាល់ដោយសារកូវីដ១៩

  • 2020-09-29 03:08:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិព័រណ៌ "អ្នកមិនឯកាទេ" បានបង្ហាញ​ពីជីវិត​របស់ប្រជាជន​ ដែលរងផលប៉ះពាល់ដោយសារ​ជំងឺកូវីដ១៩ តាមរយៈស្នាដៃគំនូររបស់សិល្បៈករ​ក្នុងស្រុក​ឈ្មោះទីល​ និង Miguel អ្នកថតរូបប្រចាំអង្គការ UNICEF Cambodia ដោយ​មានការគាំទ្រពី InSTEDD iLab SEA។ គំនិតនៅពីក្រោយការតាំងពិព័រណ៍នេះ គឺផ្ដួចផ្ដើម​ដោយ​កញ្ញា ពិដោរ មន្រ្ដី​ផ្នែកទំនាក់ទំនង​នៅ InSTEDD iLab SEA។

ពិដោរ (ឆ្វេង) អ្នកផ្ដួចផ្ដើម​ឲ្យមានពិព័រណ៍នេះឡើង

ដូចដែលយើងបានដឹងហើយ គ្រប់គ្នាភ័យខ្លាច​ការឆ្លងជំងឺកូវីដ១៩ ប៉ុន្តែក៏មានមនុស្សមួយចំនួន ខ្លាចក្រពះទទេ និងបំណុល ខ្លាំងជាងជំងឺនេះទៅទៀត ខណៈ​ការងារ​បស់​ពួកគេ​មិនអាច​ធ្វើពីផ្ទះបានឡើយ។ ជីវិតរបស់ពួកគេ ក៏ត្រូវបានបង្ហាញតាមរយៈពិព័រណ៍នេះដែរ។ យ៉ាងណាក្ដី រួមពិព័រណ៍នេះ មិនមែនបង្កើតឡើង ដើម្បីបំផុស​អារម្មណ៍ទុក្ខសោក​នោះទេ តែក៏មានបង្ហាញពីស្នាដៃ​របស់បុគ្គលិកសុខាភិបាល ដែលប្រៀបដូចជាអ្នកចម្បាំងជួរមុខប្រឆាំងនឹងកូវីដ១៩ ផងដែរ។

នៅក្នុងពិព័រណ៏នេះ មានការបញ្ចាំងភាពយន្តឯកសារ​មួយ​ដែល​ផលិតដោយ InSTEDD ក្រោមជំនួសរបស់ Ending Pandamics ដោយសហការជាមួយបុគ្គលសំខាន់ៗ​ក្នុង​ផ្នែកសុខាភិបាល។ ភាពយន្តឯកសារនេះ បានបង្ហាញឲ្យយើងដឹងថា "តើប្រទេស​ដ៏តូចមួយដូចជាកម្ពុជា ត្រូវគ្រប់គ្រង​ស្ថានការណ៍ជំងឺកូវីឌ១៩ មិនឲ្យរីករាយដាលនៅក្នុងសហគមន៍​បានដោយរបៀបណា?" បន្ថែមលើនេះ ស្នាដៃសិល្បៈឌីជីថលមួយចំនួនរបស់ "ទីល" ដែលជាវិចិត្រករក្នុងស្រុកដ៏មានទេពកោសល្យ ក៏ត្រូវបានបង្ហាញក្នុងពិព័រណ៍ផងដែរ។

សរុបមកវិញ ពិព័រណ៍ "អ្នកមិនឯកាទេ" ត្រូវបានរៀបចំឡើង​ក្នុងគោលបំណងប្រាប់នូវសារសំខាន់មួយ គឺ "យើងស្ថិតនៅទីនេះជាមួយគ្នា ហើយយើងមិនឯកាទេ!"៕

អត្ថបទពេញនិយម