ខូចចិត្ដទៀតហើយ!​ នាយតាក់ស៊ី ជួបស្នេហ៍មិនសមប្រកបជាលើកទី២

  • 2020-09-30 03:16:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កំប្លែង​ប្រចាំ​ក្រុម​នាយ​ពាក់មី គឺ​លោក មុល សារឿន ហៅ​នាយ​តាក់ស៊ី បាន​បែកបាក់​ស្នេហា​ជា​លើក​ទី២ បើ​ទោះ​បី​ជា​ពេល​នេះ​រូប​លោក​មាន​លំនឹង​ទាំង​អាជីព​សិល្បៈ និង​អាជីវកម្ម​ក្រៅ​សិល្បៈ។ ​បើ​និយាយ​ពី​រឿង​ស្នេហា​វិញ​លោក​ដូច​ជា​មិន​សម​ប្រកប​សោះ។

ក្រោយ​ពី​លែងលះ​ដាច់​ស្រេច​ជាមួយ​អ្នកនាង​​ភីម ដែល​ជា​អតីត​ភរិយា​រៀបការ​ពេញច្បាប់ ហើយ​មានដំណក់ឈាម​រួម​គ្នា គឺកូន​ស្រី​ម្នាក់​ផង​នោះ លោក មុល សារឿន បាន​សម្លឹង​ឃើញ​នារី​ម្នាក់​ផ្សេង​ទៀត​ឈ្មោះ សុខា នៅ​ខេត្ត​ស្វាយរៀង។ លោក​ធ្លាប់​ប្រកាស​ថា រូប​លោក និង​នាង សុខា នឹង​ចូល​រោងការ​នៅ​អំឡុង​ខែ​ឧសភា ឆ្នាំ២០២០ ព្រោះ​នារី​នោះ​ធ្លាប់​មើល​ថែរូប​លោក​កាល​នៅ​ឈឺ ហើយ​បាន​យល់​ចិត្ត​ថ្លើម​គ្នា​ច្រើន តែ​បន្តិច​ក្រោយ​មក​ក៏​ស្ងាត់​ឈឹង​ទៅ​វិញ។

នៅ​ក្នុង​ឱកាស​ដែល​តារា​កំប្លែង​មាឌ​ល្អិត​ វ័យជាង៤០ឆ្នាំ រូប​នេះ អញ្ជើញ​ចូល​រួម​ក្នុង​កម្មវិធី​សម្ពោធ​យានដ្ឋាន​ជួសជុល និង​បើកលក់​រថយន្ត​មួយ​របស់​តារា​ចម្រៀង​ម្នាក់ នា​ខណ្ឌ​សែនសុខ លោកបង្ហើប​ថា ស្នេហា​របស់​លោក​ក្រោយ​នេះ បាន​ដើរ​ដល់​ផ្លូវ​បំបែក​ហើយ។

លោក មុល សារឿន៖"យើង​បាន​ស្រឡាញ់ យល់​ចិត្ត​ថ្លើម​គ្នា​បាន​បី​ខែ​ដែរ ឥឡូវ​ចែក​ផ្លូវ​គ្នា​ហើយ។ ចំពោះ​មូលហេតុ​ដូច​ថា​យើង​មាន​និស្ស័យ​ជាមួយ​គ្នា​តែ​បី​ខែ​ហ្នឹង ឥឡូវ​មិន​ទាន់​មើល​ឃើញ​អ្នកណា​អ្នកណី​ទៀត​ទេ ព្រោះ​បង​នៅ​មើល​ថែ​ម្ដាយ​ចាស់​ម្នាក់"។

បច្ចុប្បន្ន​ នាយ​តាក់ស៊ី ជាប់​អាជីព​លេង​កំប្លែង​ប្រចាំ​នៅ​ប៉ុស្ដិ៍​ស៊ី ធី អិន ឡើង​វិញ ហើយ​លោក​ក៏​ឆ្លៀត​ចេញ​ថត​រឿង​ខាងក្រៅ​ម្ដង​ម្កាល​ដែរ។ វត្តមាន​របស់​លោក​នៅ​ក្នុង​កម្មវិធី​សម្ពោធ​បើក​យានដ្ឋាន​លក់​ឡាន​តារា​ចម្រៀង អ៊ី ណូ ថ្ងៃ​មុន គេ​ឃើញ​លោក​មាន​សាច់​ឈាម​ស្រស់​ថ្លា និង​សុខភាព​ល្អ ក្រោយ​ពី​លោក​កាក់​កប​នឹងការរកស៊ី​លក់​ឡាន​ជាមួយ​គេ និង​ជាប់​លាប់​នឹង​អាជីព​កំប្លែង​ឡើង​វិញ តែចិត្ត​លោកហាក់​ហត់នឿយ​ណាស់​ជាមួយ​នឹងជីវិតស្នេហា​៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទពេញនិយម