លែងមានអ្នកអាចតាម Samsung យ៉ាងប្រកៀកទៀតហើយ

  • 2020-09-30 03:42:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung មិន​ត្រឹម​តែ​​ជា​ក្រុមហ៊ុន​អាច​លក់​ស្មាតហ្វូន​បាន​ច្រើន​ជាង​គេ​ប្រចាំ​ខែ​សីហា ឆ្នាំ ២០២០ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាច​នាំ​មុខ​គូ​ប្រកួតប្រជែង​បាន​យ៉ាង​ឆ្ងាយ​បំផុត​ផង​ដែរ។ បើ​ផ្អែក​តាម​តួ​លេខ​​ថ្មី​ចុង​ក្រោយ​ពី​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Counterpoint Research បាន​បង្ហាញ​ថា​ទំហំ​ទីផ្សារ​របស់​​ Samsung ​នៅ​ឥណ្ឌា និង​សហរដ្ឋអាមេរិក​កើន​ឡើង​គួរ​កត់​សម្គាល់។

​​នៅ​ក្នុង​ខែ​សីហា​ឆ្នាំ ២០២០ ក្រុមហ៊ុន Samsung អាច​ក្ដោបក្ដាប់​ទីផ្សារ​ស្មាតហ្វូន​លើ​ពិភពលោក​បាន ២២%។ Huawei នៅ​រក្សា​បាន​តំណែង​លេខ​ពីរ​របស់​ខ្លួន​ជា​មួយ​ចំណែក​ទីផ្សារ ១៦%។ រំលឹក​ថា​កាល​ពី​ខែ​មេសា Huawei បាន​យក​ឈ្នះ Samsung ជា​លើក​ដំបូង ប៉ុន្តែ Samsung អាច​ដណ្ដើម​តំណែង​កំពូល​បាន​មក​វិញ​នៅ​ក្នុង​ខែ​ឧសភា។

​ដោយ​ឡែក Apple ស្ថិត​នៅ​តំណែង​លេខ​បី ជា​មួយ​ចំណែក​ទីផ្សារ ១២% ហើយ​ក្រុមហ៊ុន Xiaomi ស្ថិត​នៅ​តំណែង​លេខ​បួន​ជា​មួយ​ចំណែក​ទីផ្សារ ១១%។ គួរ​ដឹង​ថា​ចំណែក​ទីផ្សារ Smasung មាន​កំណើន​នៅ​ប្រទេស​ឥណ្ឌា ដោយ​សារ​ការ​ពហិការ​ចំពោះ​​ផលិតផល​ចិន​នៅ​ប្រទេស​ឥណ្ឌា ដែល​កើត​មាន​ដោយ​សារ​​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​ឥណ្ឌា និង​ចិន។

បន្ថែម​ពី​នេះ​ដែរ ការ​​ធ្វើ​ទារុណកម្ម​​លើ Huawei ពី​សំណាក់​រដ្ឋាភិបាល​អាមេរិក នឹង​ជួយ​​ដល់​ Samsung ​រួម​ទាំង​​ម៉ាក​ស្មាតហ្វូន ទទួល​បាន​ផល​ចំណេញ​លើ​ទីផ្សារ​​មួយ​ចំនួន​ដូច​ជា​នៅ​អឺរ៉ុប ជា​ទីផ្សារ​ដែល Huawei ឈរ​ជើង​មាំ​គួរ​សម។ Samsung នឹង​ត្រូវ​ប្រកួតប្រជែង​ជា​មួយ​​ម៉ាក​ដទៃ​ទៀត​ដូច​ជា​ OnePlus, OPPO, realme, vivo និង Xiaomi នៅ​អឺរ៉ុប៕​​​

ប្រភព៖ Sammobile   ប្រែ​សម្រួល៖ សុខហេង