គ្រប់ខែសម្រាលកូនដំបូង ម៉ាក់សែន សូនីតា ស្រាប់តែមានអារម្មណ៍អល់អែក!

  • 2020-10-01 04:46:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង ម៉ាក់ សែនសូនីតា ហៅ​តូតា ប្រាប់ថា​នាង​គ្រប់​ខែ​កើត​កូន​ដំបូង នៅ​ខែ​តុលា ឆ្នាំ​២០២០ នេះ​ហើយ។ នាង​ចង់​សម្រាល​កូន​ដំបូង​នេះ​តាម​បែប​ធម្មជាតិ​ដោយ​ពុំ​ចង់​វះកាត់​ឡើយ ប៉ុន្តែ​នាង​បារម្ភ​ខ្លាច​ឈឺ​ទ្រាំ​មិន​បាន។

តូតា បាន​ជូន​ដំណឹង​នេះ​ដល់​អ្នក​គាំទ្រ និង​សាច់​ញាតិ​តាម​រយៈ​បណ្ដាញ​សង្គម​ Instagram នៅ​ថ្ងៃទី១ ខែ​តុលា ថា៖"ដល់​ខែ​មាំមី​ឡើង​ជ្រុញ​ហើយ ម៉េច​ម៉ា​ទេ​លោក​អើយ ចង់​សម្រាល​តាម​ធម្មជាតិ​តែ​ខ្លាច​ឈឺ​ណាស់! សុំ​កម្លាំង​ចិត្ត​ម្នាក់​តិច​មក"។

នៅ​ក្នុង​ខមិន​លើ​សារ​ដែល​បាន​បង្ហោះ​នេះ មាន​មិត្ត​សិល្បៈ​ខ្លះ បាន​គាំទ្រ​ឲ្យ​នាងសម្រាល​តាម​បែប​ធម្មជាតិ ​ត្បិត​ថា​ការ​សម្រាល​តាម​បែប​ធម្មជាតិ​ឈឺ​ពោះយូរ​ជាង​ការ​វះកាត់ ប៉ុន្តែ​ការ​សម្រាល​កូន​បែប​នេះ​ស្រួល​ខ្លួន​មិន​ទ្រុឌទ្រោម​ខ្លាំង​ ក្រោយ​ពេល​សម្រាល​រួច​។ ចំពោះ​ព័ត៌មាន​ជាក់លាក់​ទាក់ទង​នឹង​ថ្ងៃ​សម្រាល​នៅ​ដើម​ខែ ឬ​ចុង​ខែ​តុលា​នេះ ហើយ​កូន​ក្នុង​ផ្ទៃ​នោះ គឺជា​កូន​ប្រុស ឬ​កូន​ស្រី​ មិន​ទាន់​ត្រូវ​បាន​នាង​បង្ហើប​ឲ្យ​ដឹង​នៅ​ឡើយ​ទេ។

នៅ​ព្រឹក​នេះ តូតា បាន​បង្ហាញ​រូប​ថត​ស្លៀក​ឈុត​ខ្មៅ​ប្រលែង​ក្បាលពោះ​ដែល​ខ្ទាត​យ៉ាង​ធំ ក្នុង​ទឹកមុខ​ស្រស់ថ្លា​ពី​ក្នុង​បន្ទប់​ទឹក​ជា​ច្រើន​សន្លឹក ដើម្បី​សុំ​កម្លាំង​ចិត្ដ​ពី​មហាជន ជា​ពិសេស​អ្នក​គាំទ្រ​នាង។ តូតា បាន​ចូល​រោងការ​ជាមួយ​បុរស​អ្នកជំនួញ​ធំដុំ​ក្រៅ​សិល្បៈ​ម្នាក់ ​កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០២០ នៅ​សណ្ឋាគារ សុខា​ភ្នំពេញ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ