Facebook ប្ដឹងក្រុមហ៊ុនពីរទាក់ទងនឹងការលួចប្រមូលទិន្នន័យ

  • 2020-10-05 01:28:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះក្រុមហ៊ុន Facebook បានដាក់ពាក្យបណ្ដឹងប្ដឹងក្រុមហ៊ុនពីរ ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីមុខងារបន្ថែម (Extensions) សម្រាប់ប្រើប្រាស់ជាមួយកម្មវិធី Chrome។ ក្រុមហ៊ុនទាំងពីរនេះមានឈ្មោះថា BrandTotal Ltd. និង Unimania Inc. ហើយពួកគេបានបង្កើតកម្មវិធី UpVoice និងកម្មវិធី Ads Feed ដែលមានដាក់ឱ្យទាញយកបានពីក្នុង Chrome Web Store ចាប់តាំងពីខែកញ្ញាឆ្នាំ២០១៩។

បើតាមការចោទប្រកាន់របស់ក្រុមហ៊ុន Facebook នៅក្នុងពាក្យបណ្ដឹងបានឱ្យដឹងថាក្រុមហ៊ុន BrandTotal បានប្រើល្បិចល្បួងអ្នកប្រើប្រាស់ ដោយផ្ដល់ប្រាក់កាសជាប្រភេទកាត ឱ្យពួកគេបន្តិចបន្តួចជាថ្នូរនឹងការបញ្ចូលកម្មវិធីនេះ ចំណែកឯក្រុមហ៊ុន Unimania ត្រូវបានចោទប្រកាន់ដោយប្រើល្បិចបោកបញ្ឆោតអ្នកប្រើប្រាស់ថា នៅពេលដែលពួកគេទាញយកកម្មវិធីនេះ ពួកគេនឹងក្លាយទៅជាសមាជិករបស់សហគមន៍អ្នកល្បីៗ ដែលគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មដែលមានថវិការាប់ពាន់លានដុល្លារ។

ទោះជាយ៉ាងណាក្ដីក្រុមហ៊ុន Facebook បានធ្វើការចោទប្រកាន់ថា កម្មវិធីទាំងពីរនេះគឺជាកម្មវិធីបង្កើតឡើងដើម្បីលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់ដូចជា ឈ្មោះផ្ទាល់ខ្លួន ឈ្មោះសម្រាប់ចូលក្នុងគណនី ភេទ ថ្ងៃខែឆ្នាំកំណើត និងទីតាំង របស់អ្នកប្រើប្រាស់តាមរយៈគេហទំព័រពីក្រុមហ៊ុនផ្សេងៗមានដូចជា Facebook, Instagram, Amazon, Twitter, LinkedIn, Pinterest និង YouTube ជាដើម។ ក្រុមហ៊ុនទាំងពីរខាងលើបានប្រមូលទិន្នន័យទាំងអស់នេះដើម្បីលក់ទៅឱ្យក្រុមហ៊ុនផ្សេងៗទៀតក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម។

បច្ចុប្បន្នកម្មវិធីទាំងពីរនេះនៅតែមាននៅក្នុង Chrome Web Store ទោះបីជាក្រុមហ៊ុន Facebook បានព្យាយាមទាក់ទងជាមួយក្រុមហ៊ុន Google ជាច្រើនលើកច្រើនសាមកហើយ ដែលនេះធ្វើឱ្យពួកគេមានការងឿងឆ្ងល់ដែរថា តើហេតុអ្វីបានជាក្រុមហ៊ុន Google មិនលុបចោលកម្មវិធីទាំងពីរនេះចេញ ព្រោះថាកម្មវិធីនេះមានបង្កប់មុខងារដែលផ្ទុយពីសេវាកម្មរបស់ក្រុមហ៊ុន Google៕

ប្រភព៖ Anti Cyber Crime Department

អត្ថបទពេញនិយម
អត្ថបទថ្មី