Napoli ​ចាញ់ Juventus ​​ដោយ​ស្វ័យប្រវត្តិ ​៣-០ ​ព្រោះ​មិន​មក​ប្រកួត​

  • 2020-10-05 03:45:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Napoli ​នឹង​ចាញ់​ក្រុម Juventus ​ដោយ​ស្វ័យ​ប្រវត្តិ ​ក៏​ព្រោះ​តែ​ពួកគេ​មិន​បាន​មក​ចូល​រួម​ប្រកួត​កាល​ពី​យប់មិញ​នេះ ​បើ​ទោះ​ជា​បាន​ផ្ដល់​ដំណឹង​ជា​មុន​ក៏​ដោយ។

​ក្រុម Juventus ​បាន​ចូល​ទៅ​ទីលាន​និង​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​១១​នាក់​ដំបូង​ជា​ធម្មតា ​បើ​ទោះ​ជា​ក្រុម Napoli ​មិន​បាន​មក​ចូល​រួម​ប្រកួត​ក៏​ដោយ។ ​ការ​ធ្វើ​បែប​នេះ គឺ​មាន​ន័យ​ថា​ក្រុម Napoli ​នឹង​ត្រូវ​ចាញ់​ដោយ​ស្វ័យ​ប្រវត្ដិ​ក្នុង​លទ្ធផល ៣-០ ​តែ​ម្ដង ​ឬ​អាច​នឹង​ទទួល​ការ​ពិន័យ​ពី​ខាង Serie A ​ថែម​ទៀត​ផង។

ក្របខណ្ឌ Serie A ​បាន​បញ្ជាក់​ថា​ការ​ប្រកួត​មួយ​នៅ​តែ​អាច​ដំណើរ​ការ​ទៅ​បាន ​បើ​ទោះ​ជា​មាន​កីឡាករ​ខ្លះ​មាន​ផ្ទុក Covid-19 ​ក៏​ដោយ។ ​វា​បាន​កើត​ឡើង​ហើយ​កាល​ពី​ប្រកួត​រវាង​ក្រុម Torino ​និង Atalanta , Milan ជាមួយ Crotone ​អី​ជា​ដើម​។ ដូច្នេះ​ករណី Napoli ​នេះ គួរ​តែ​អាច​មក​ប្រកួត​ជា​ធម្មតា​បាន ព្រោះ​កីឡាករ​ពួកគេ​ឆ្លង​តែ​២​នាក់​ប៉ុណ្ណោះ។

​រំលឹក​ថា​ក្រុម Napoli បាន​ជូន​ដំណឹង​ជា​មុន​ដែរ ថា​ពួកគេ​មិន​អាច​មក​ប្រកួត​ជាមួយ​ក្រុម Juventus ​ទេ ព្រោះ​កីឡាករ​ទាំង​អស់​ត្រូវ​នៅ​ក្នុង​ផ្ទះ​សិន ​ក្រោយ​រក​ឃើញ​ថា​សមាជិក​២​នាក់​ឆ្លង​មេរោគ Covid-19។ ខណៈ​ដែល​ក្រុម​នេះ​ក៏​ទើប​លេង​ជាមួយ​ក្រុម​Genoa ​ដែល​មាន​កីឡាករ​២២​នាក់​ផ្ទុក​មេរោគ​នេះ​ផង​ដែរ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ