ធ្លាប់ដឹងអត់? វត្តសសរ១០០ ជាទីតាំង​អភិរក្ស​សត្វជិតផុតពូជបំផុតមួយប្រភេទ​ក្នុងលោក​!

  • 2020-10-06 12:30:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តសសរ១០០ គឺជារមណីយដ្ឋាន​វប្បធម៌ប្រវត្តិសាស្រ្ដដ៏ចំណាស់មួយ ស្ថិតនៅស្រុកសំបូរ ខេត្តក្រចេះ។ ដើម្បីធ្វើដំណើរទៅកាន់វត្តសសរ១០០ យើងត្រូវធ្វើដំណើរចេញពីក្រុងក្រចេះ តាមផ្លូវលេខ ៣៧៧ ក្នុងរយៈចម្ងាយប្រមាណ ៣៦គីឡូម៉ែត្រ។

វត្តសសរ១០០ មើលពីលើអាកាស

កសាងឡើងនៅសតវត្សទី១៦ ក្នុងរាជកាលស្ដេច​អង្គច័ន្ទរាជាទី២ វត្តសសរ១០០ មានលក្ខណៈពិសេសខុសពីវត្តដទៃ ត្រង់វត្តនេះមានព្រះវិហារបែរមុខទៅកាន់ទិសខាងជើង និងមានប្រវត្តិទាក់ទងរឿងព្រេងនៃសត្វក្រពើ២ក្បាល គឺក្រពើនេនធន្ទ និងក្រពើសុពណ៌កាឡី។ អ្នកទេសចរ​ដែលបានទៅដល់វត្តសសរ១០០ ពិតជាលាន់មាត់សរសើរពុំខានឡើយ នៅចំពោះមុខព្រះវិហារដ៏ធំស្កឹមស្កៃ ទ្រទ្រង់ដោយសសរខ្ពស់ត្រដែត ចំនួន ១១៦ដើម។

ក្រោមជំនោរដ៏ត្រជាក់នៃដងទន្លេមេគង្គ អ្នកទេសចរ​អាច​ដើរទស្សនាសំណង់វិហារដ៏ចំណាស់នេះ ព្រមទាំងគយគន់​ផ្ទាំងគំនូរសាសនាដ៏ត្រណីត នៅតាមជញ្ជាំង និងពិដានព្រះវិហារថែមទៀត។ នៅក្នុងបរិវេណវត្តសសរ១០០ ក៏មានផងដែរនូវមជ្ឈមណ្ឌលអភរក្សសត្វអណ្ដើក និងកន្ធាយទន្លេមេគង្គ។ មជ្ឈមណ្ឌលនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១១ ក្នុងគោលបំណងការពារសត្វអណ្ដើក និងជាពិសេសសត្វកន្ធាយក្បាលកង្កែបដែលជាប្រភេទសត្វរងគ្រោះជិតផុតពូជបំផុតនៅលើពិភពលោក។

សត្វកន្ធាយក្បាលកង្កែប

ការទស្សនាសត្វអណ្ដើក និងកន្ធាយដ៏កម្រនេះ តិចឬច្រើន ពិតជាអាចបណ្ដុះមនោសញ្ចេតនាស្រឡាញ់សត្វដល់ភ្ញៀវទេសចរ ដែលនឹងក្លាយជាចលករដ៏សំខាន់ក្នុងការសង្រ្គោះការពារធនធានធម្មជាតិដ៏កម្រ​នេះ ឲ្យបានគង់វង្ស។

សូមទស្សនា​វីដេអូពីកម្មវិធីផ្លូវទៅស្រុក វគ្គ៣ ខាងក្រោមនេះ៖