អភិបាលស្រុកបន្ទាយស្រី បង្អួតកន្លែងថ្មីមួយ ដែលមានសក្តានុពល

  • 2020-10-08 09:54:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក អភិបាលស្រុកបន្ទាយស្រី ឃឹមហ្វីណង់ បានបង្ហោះរូបភាពដ៏ស្រស់ស្អាតជាច្រើនសន្លឹក នៅលើទំព័រហ្វេសប៊ុក ដោយភ្ជាប់មកជាមួយខ្លឹមសារបង្អួតសម្រស់កន្លែងថ្មីមួយនៅស្រុកបន្ទាយស្រី ដែលមានសក្តានុពល អាចឲ្យអ្នកវិនិយោគយកទៅពិចារណាដោយច្នៃកន្លែងទាំងនេះ ទៅជាទីតាំង «កសិទេសចរណ៍» ។

លោកបានសរសេរដូចនេះថា «ចាប់អារម្មណ៍វិនិយោគនៅបន្ទាយស្រី?»៖ ថ្ងៃនេះ សុំផុសបង្អួតពីកន្លែងថ្មីមួយនៅក្នុងស្រុកបន្ទាយស្រី ដើម្បីលើកទឹកចិត្តដល់អ្នកវិនិយោគដែលបានបង្កើតរមណីយដ្ឋានដ៏ស្រស់ស្អាតនៅលើទឹកដីដ៏សែនមនោរម្យមួយនេះ ហើយថែមទាំងបានដើរស្របជាមួយនឹងចក្ខុវិស័យរបស់រដ្ឋបាលស្រុកទៀតផង។ ឆ្លៀតឱកាសនេះ ខ្ញុំសូមលើកឡើងបន្តិចពីចំណងទាក់ទងគ្នានៃការវិនិយោគពីវិស័យឯកជន និងការអភិវឌ្ឍរីកចម្រើនរបស់ស្រុកបន្ទាយស្រី។

ក្នុងនាមរដ្ឋបាលស្រុក ខ្ញុំសូមធ្វើការកោតសរសើរយ៉ាងខ្លាំងចំពោះរាល់គំនិតច្នៃប្រឌិតបង្កើតបានជារមណីយដ្ឋានថ្មីៗ ដែលឱ្យតម្លៃទៅលើការថែរក្សាបរិស្ថានធម្មជាតិ និងភាពបន្សុីគ្នាទៅនឹងស្ថានភាពទីតាំងភូមិសាស្ត្រតំបន់។ ប៉ុន្តែស្រុកបន្ទាយស្រីនៅមានសក្តានុពលជាច្រើនទៀត ដែលអ្នកវិនិយោគអាចយកទៅពិចារណាបាន ទាំងការធ្វើកសិកម្មដែលមានតម្លៃខ្ពស់ ទាំងលើវិស័យអេកូទេសចរណ៍និងទេសចរណ៍ជនបទ ឬច្របាច់បញ្ចូលគ្នាឱ្យទៅជា”កសិទេសចរណ៍”រឹតតែប្រសើរ។

រាល់ការខិតខំប្រឹងប្រែងទាំងឡាយទៅលើការអភិវឌ្ឍក្នុងពេលកន្លងមករបស់រដ្ឋបាលស្រុក គ្មានគោលបំណងអ្វីក្រៅពីធ្វើយ៉ាងណាឱ្យវិស័យឯកជនអាចមើលឃើញពីសក្តានុពលទាំងនេះ ហើយធ្វើការបោះទុនវិនិយោគមកក្នុងស្រុកបន្ទាយស្រីនោះទេ ព្រោះការអភិវឌ្ឍនៅក្នុងទីកន្លែងណាមួយ ដាច់ខាតទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ មិនអាចមានតែអាជ្ញាធរមូលដ្ឋានម្នាក់ឯងនោះទេ។ ដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល សហគមន៍ និងប្រជាពលរដ្ឋខ្លួនឯងផ្ទាល់សុទ្ធសឹងតែជាតួអង្គសំខាន់ក្នុងរឿងនេះ តែអ្វីដែលសំខាន់បំផុតនោះគឺអ្នកវិនិយោគមកពីវិស័យឯកជននោះឯង។

អាជ្ញាធរនៅតែដើរតួនាទីសំខាន់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ និងជាការវិនិយោគសាធារណៈដែលផ្តល់ផលប្រយោជន៍រួម ហើយប្រសិនបើរដ្ឋមិនធ្វើវា ក៏មិនអាចមានអ្នកណាអាចធ្វើជំនួសបានដែរ។ តួនាទីមួយទៀតនៃអាជ្ញាធរមូលដ្ឋានគឺផ្តល់ការសម្របសម្រួល លើកទឹកចិត្ត និងបម្រើសេវាសាធារណៈប្រកបដោយភាពងាយស្រួល កាត់បន្ថយរបាំងការិយាល័យធិបតេយ្យ និងរាល់ភាពស្មុគស្មាញទាំងឡាយដែលបង្កឱ្យមានការខាតបង់ពេលវេលា ឬត្រូវចំណាយបន្ថែមមិនចាំបាច់ ធ្វើយ៉ាងណាឱ្យស័ក្តិសមនឹងការដែលអ្នកវិនិយោគខិតខំយកទុនរបស់ខ្លួនមកដាក់រកសុីនៅក្នុងស្រុកមួយនេះ។

ខ្ញុំជឿថា នៅពេលដែលអ្នកវិនិយោគអាចមើលឃើញដោយខ្លួនឯងពីសក្តានុពល និងមានភាពជឿជាក់ហើយនោះ មិនចាំបាច់អង្វរឬអូសទាញឱ្យពួកគាត់មកវិនិយោគ ក៏ពួកគាត់រត់ចូលមកដោយខ្លួនឯងដែរ ព្រោះនេះគឺជាក្រឹត្យក្រមនៃសេដ្ឋកិច្ចទីផ្សារសេរី។ នៅពេលនោះហើយដែលល្បឿននៃការអភិវឌ្ឍនឹងដើរទៅលឿន ការងារនិងមុខរបរថ្មីនឹងត្រូវបានបង្កើតឡើង ដែលនឹងនាំឱ្យប្រាក់ចំណូល និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកបន្ទាយស្រីមានភាពល្អប្រសើរជាងមុន ក៏ដូចជាបានជួយកាត់បន្ថយភាពក្រីក្រ និងការធ្វើចំណាកស្រុកផងដែរ។

ថ្ងៃណាមួយ រដ្ឋបាលស្រុកនឹងរៀបចំឱ្យមាន”វេទិកាទាក់ទាញអ្នកវិនិយោគមកកាន់ស្រុកបន្ទាយស្រី” ដើម្បីបន្តផ្សព្វផ្សាយ ផ្តល់ពត៌មានបន្ថែម និងរំលេចពីសក្តានុពលសំខាន់ៗរបស់ស្រុក ចាប់ឱ្យជួបនិងសហការគ្នារវាងអ្នកក្នុងស្រុក និងអ្នកមកពីក្រៅស្រុក ក៏ដូចជាធ្វើការតម្រង់ទិសនៃការអភិវឌ្ឍទាំងអស់ ដើម្បីធ្វើឱ្យមានសុខដុមរមនីយកម្មរវាងគ្នានឹងគ្នា និងដើរស្របនឹងចក្ខុវិស័យរួមយូរអង្វែងរបស់ស្រុកបន្ទាយស្រី។

ប៉ុន្តែ ដើម្បីអាចឱ្យវេទិកានេះអាចលេចចេញជារូបរាងបាន វាទាមទារឱ្យប្រជាពលរដ្ឋជាអ្នកស្រុកបន្ទាយស្រី ម្ចាស់អាជីវកម្ម ម្ចាស់ដី រួមទាំងអាជ្ញាធរមូលដ្ឋានខ្លួនឯងផ្ទាល់ ត្រូវត្រៀមខ្លួននិងលក្ខណៈសម្បត្តិឱ្យបានរួចរាល់រួចជាស្រេច ដើម្បីរំលេច និងបង្អួតបង្ហាញពីសក្តានុពលដែលខ្លួនមាន ទៅកាន់រាល់អ្នកវិនិយោគដែលមានបំណងចង់បោះទុនមកក្នុងស្រុកបន្ទាយស្រី។ នៅពេលនោះមកដល់ ការអភិវឌ្ឍនឹងអាចរីកលូតលាស់ក្នុងល្បឿនលឿនបានហើយ។

ប្រភព៖ អភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់