ពាក្យរិះគន់ធ្វើឱ្យយុវជនវ័យ១៨ឆ្នាំ ហេង កាម៉ារី អាចគ្រប់គ្រងតារាងបាល់ទះ តម្លៃជាង១០ម៉ឺនដុល្លារ
- 2020-10-09 03:58:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពាក្យរិះគន់ធ្វើឱ្យយុវជនវ័យ១៨ឆ្នាំ ហេង កាម៉ារី អាចគ្រប់គ្រងតារាងបាល់ទះ តម្លៃជាង១០ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
អាយុទើបតែ១៨ឆ្នាំប៉ុណ្ណោះ ប៉ុន្តែយុវជន ហេង កាម៉ារី បានក្លាយខ្លួនជាម្ចាស់ និងអ្នកគ្រប់គ្រង តារាងបាល់ទះកូនភ្លោះក្រុងតាខ្មៅតម្លៃជាង១០ម៉ឺនដុល្លារ។ យុវជនរូបនេះបានមើលការខុសត្រូវលើតារាងមួយនេះ ចាប់តាំងពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែគ្រាដំបូងពោលគឺគ្រប់គ្រងបានបីខែ សិស្សថ្នាក់ទី១២ នៃសាលាអន្តរជាតិវេស្ទលែនដ៍ បានប្រឈបនឹងបញ្ហាជាច្រើន ដ្បិតគេគ្មានបទពិសោធន៍។
អតីតអ្នកចាំទីអាយុក្រោម ១៦ឆ្នាំរបស់ក្លឹបព្រះខ័នរាជស្វាយរៀង បានទម្លាយឱ្យដឹងថា បញ្ហាធំដែលគេជួបគឺការចាប់គូគីឡូធំៗ ដោយរងនូវពាក្យរិះគន់មួយចំនួនជម្រុញឱ្យគេ អាចគ្រប់គ្រងតារាងបាល់ទះរហូតដល់សព្វថ្ងៃ។
ហេង កាម៉ារី បានបង្ហើបថា ៖ខ្ញុំជួបឧបសគ្គចាប់គូធំៗ...ហើយយើងអត់សូវដឹងការប្រកួតធំៗហ្នឹងច្រើន យើងអត់សូវមានបទពិសោធន៍ ហើយអាចនិយាយបានថាយើងក្មេងខ្ចី យើងអត់ដឹងរឿងការចាប់គូធំៗ និងគូពិសេស»។
បើតាមការបញ្ជាក់ពី កាម៉ារី កាលបើកតារាងបាន១០ថ្ងៃ មានស្មាត់យុន តឱ្យស្មាត់រ៉ា បីទល់បួន ដោយមានអ្នកមកទស្សនាយ៉ាងច្រើនកុះករ។ ម្ចាស់តារាងវ័យក្មេងកើតនៅក្រុងតាខ្មៅ រៀបរាប់ថា ៖«ពេលហ្នឹងពួកខ្ញុំអត់ដឹងការប្រកួតហ្នឹង ហើយអ្នកទស្សនាអ្នកគាំទ្រគេមកសួរខ្ញុំថា អូនងៃហ្នឹងស្មាត់រ៉ានិងស្មាត់យុនលេងនៅហ្នឹងមែន គឺខ្ញុំឆ្លើយប្រាប់គេថាខ្ញុំអត់ដឹងទេបង ពេលហ្នឹងខ្ញុំជាម្ចាស់តារាងអត់ដឹងអីទាំងអស់ ពេលហ្នឹងអត់មានការផ្ញើម៉ូតូអីទាំងអស់ គឺមានតែការលក់ធម្មតាប៉ុណ្ណោះ។ ពេលនោះខ្ញុំគិតចង់ឈប់ចាប់គូដែរបង ដោយមានពាក្យបោះសម្ដីថា អូនឯងក្មេងណាស់ បើអូនឯងចាប់គូត្រូវ ក៏គេមិនមកលេងតារាងអូនឯងដែរ»។
កាម៉ារី ហាក់អន់ចិត្តនឹងពាក្យទាំងនេះ ប៉ុន្តែមិនខឹងឡើយដោយលើកហេតុផលថាសម្ដីរិះគន់នោះហើយ បានជម្រុញឱ្យគេខំប្រឹងស្វែងយល់ តាមតារាងនានា។ ការសិក្សាស្វែងយល់របស់ កាម៉ារី គឺមានចំណុចធំៗជាច្រើនដូចជា មើលពីរបៀបចាប់គូ ការទទួលកីឡាករ អ្នកឡាយ និងទស្សនិកជន រួមទាំងកន្លែងផ្ញើ កង់ ម៉ូតូ និងរថយន្ត រហូតគេអាចគ្រប់គ្រងបានល្អ។ សព្វថ្ងៃយុវជនថា គេជោគជ័យបាន៥០%ហើយ ខណៈ៥០%ទៀត គេកំពុងកែតម្រូវចំណុចខ្វះខាត ដើម្បីអភិវឌ្ឍតារាងបាល់ទះស្តង់ដារមួយនេះ កាន់តែដំណើរការរលូននាថ្ងៃអនាគត។
ទៅថ្ងៃមុខ កាម៉ារី ចង់បំពាក់កាម៉ារ៉ាសុវត្ថិភាព ដើម្បីងាយស្រួលកាត់សេចក្ដី ពេលមានបញ្ហាពេលប្រកួត និងចង់បង្កើតពានរង្វាន់លេងអ៊ីគីបបួនស្មើ ប្រកួតលក្ខណៈស្តង់ដា មិនមានបោកម្រាបប្រាំ ប៉ះសេជាប់ដៃឡើយ ដែលប្រមូលផ្ដុំដោយកីឡាករលំដាប់ស្រុកខ្មែរ។
អនាគតយុវជនវ័យ១៨ឆ្នាំ ចង់សិក្សាជំនាញគ្រប់គ្រង ដើម្បីមើលការខុសត្រូវលើអាជីវកម្មរបស់ខ្លួន និងពង្រីកតារាងបាល់ទះ បាល់ទាត់ បន្ថែមទៀត៕