កម្មវិធីសិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​លេខ ១ ​ជប៉ុន ក្លាយជា​កម្មវិធី​ដំបូង​គេ​ ក្នុង​កុំព្យូទ័រ Koompi E11

  • 2020-10-12 06:53:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) ប្រចាំ​នៅ​កម្ពុជា​ បាន​រៀបចំ​ពិធី​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់ ​បច្ចេកវិទ្យា​អប់រំ​ថ្មី​សម្រាប់​កុមារ​អាយុ​ពី ៤ ទៅ ១២ ឆ្នាំរវាង​ក្រុមហ៊ុន Think!Think! និង​ក្រុមហ៊ុន​កុំព្យូទ័រ Koompi កាលពី​ចុងខែកញ្ញកន្លងទៅ។​

រូបភាព៖ Koompi

Think!Think! គឺជា​កម្មវិធី​មួយ​ដើម្បី​ជួយ​ដល់​កុមារ​ក្នុងការ​អភិវឌ្ឍ​ជំនាញ​បញ្ញា​និង​សមត្ថភាព​ដោះស្រាយ​បញ្ហា​។ វា​ជា​កម្មវិធីសិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​លេខ ១ របស់​ជប៉ុន ហើយនឹង​ក្លាយជា​កម្មវិធី​ដំបូង​គេ​នៅក្នុង​កុំព្យូទ័រ Koompi ម៉ូ​ឌែ​ល E11 ថ្មី​ដែល​រចនា​ឡើងជា​មួយឈុត​សិក្សា​សម្រាប់​សិស្សានុសិស្ស​ក្នុងតម្លៃ​សមរម្យ​បំផុត​។​ ​ពាក្យ KOOMPI បានមកពី​ឃ្លា​ជា​ភាសា​ខ្មែរ​មានន័យថា «​សៀវភៅ ឬ ប្រភព​ចំណេះដឹង​» ខណៈដែល​កុំព្យូទ័រ​នេះ​ជា​យីហោ​របស់​កម្ពុជា​ដំណើរការ​ដោយ Linux ដើម្បី​ជួយ​បង្កើត​និង​ផ្តល់នូវ​ឧបករណ៍​ក្នុងការ​ដោះស្រាយ​បញ្ហា​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។​

​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​កុំព្យូទ័រ Koompi លោក ថុល រឹទ្ធី​បាន​ថ្លែងថា​៖ «​អ្នក​រាល់គ្នា​អាចមាន​លទ្ធភាព​ក្នុង​ការទិញ​កុំព្យូទ័រ​របស់​យើង​ក្នុងតម្លៃ​សមរម្យ ខណៈដែល​តម្លៃ​បច្ចុប្បន្ន​សម្រាប់​ការបញ្ជាទិញ​មុន​គឺមាន​តម្លៃ ១៤៨,៩៩ ដុល្លារ ខណៈដែល​តម្លៃ​ក្នុង​បញ្ជី​គឺ ១៦៨,៩៩ ដុល្លារ​។ យើង​គ្រោង​នឹង​បញ្ចុះតម្លៃ​រហូតដល់ ៩៩ ដុល្លារ តែ​វា​ត្រូវការ​ពេលវេលា​។ គំនិត​ផ្តួចផ្តើម​ចំបង​របស់​យើង​គឺ​ដើម្បី​ឲ្យ​សិស្ស​ម្នា​ក់មាន​កុំព្យូទ័រ​មួយ (One-Student-One-Notebook) ។ យើង​កំពុងតែ​ស្ថិតក្នុង​ដំណើរ​ការផលិត​កុំព្យូទ័រ​យួរដៃ​ដែល​អាច​សាក​ថ្ម​កុំព្យូទ័រ​តាមរយៈ​ថាមពល​ពន្លឺព្រះអាទិត្យ ដែល​មិន​តម្រូវ​ក្នុងការ​ប្រើប្រាស់​អគ្គិសនី​ទៀត​ទេ​»​។​ ​

ជាមួយគ្នានេះ​ផងដែរ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Think!Think! លោក Daiki Watanabe បាន​ថ្លែងថា​៖ «KOOMPI ផលិត​ផ្នែក​រឹង Hardware ដ៏​ល្អ​បំផុត ហើយ​យើង​គឺជា​ក្រុមហ៊ុន​ផ្នែក​ទន់ software ល្អ​បំផុត​មកពី​ប្រទេស​ជប៉ុន​។ យើង​នឹង​ធ្វើការ​រួមគ្នា​ដើម្បី​ផ្តល់នូវ​ផលិតផល​ថ្មី​របស់ KOOMPI OS ដោយមាន​ការប្រើប្រាស់​ក​ម្ម​វិធី Think!Think!​។ បច្ចុប្បន្ន អ្នក​រាល់គ្នា​អាច​ទទួលបាន​កុំព្យូទ័រ​ដែលមាន​ផ្នែក​រឹង​និង​ផ្នែក​ទន់​ដែល​ល្អ​បំផុត​ដើម្បី​សិក្សា​ក្នុងតម្លៃ​សមរម្យ​»​។​

រូបភាព៖ Koompi

​បន្ទាប់ពី​បាន​ចុះហត្ថលេខា​លើ​ភាពជា​ដៃគូ​ជា​ផ្លូវការ​រវាង​ក្រុមហ៊ុន​កុំព្យូទ័រ Koompi និង​ក្រុមហ៊ុន Think!Think! លោក Daiki Watanabe បាន​មានប្រសាសន៍ថា​៖ «​យើង​ពិតជា​រីករាយ​ណាស់​ក្នុងការ​បង្កើត​ឱកាស​ស្មើគ្នា​សម្រាប់​អ្នក​រាល់គ្នា​ក្នុង​ការទទួល​បានការ​សិក្សា​រៀនសូត្រ​ជាមួយនឹង​តម្លៃ​សមរម្យ​ជាពិសេស​កុមារ​នៅតាម​បណ្ដា​ខេត្ត​នានា​។ គោលដៅ​របស់​យើង​គឺ​សម្រាប់​កុមារ​ដែលមាន​អាយុ​ពី ៤ ទៅ ១២ ឆ្នាំ​។ ក្មេង​ដែលមាន​អាយុប្រមាណ​ជា ៤ ឆ្នាំ ប្រហែលជា​មានការ​ពិបាក​ក្នុងការ​ប្រើប្រាស់​កុំព្យូទ័រ ដូច្នេះ​ឧបករណ៍ tablet អាច​នឹង​ត្រូវបាន​ណែនាំ​សម្រាប់​អាយុ​នេះ រីឯ​ក្រុម​អាយុ​ពី ៦ ទៅ ១២ ឆ្នាំ​អាច​ប្រើ​កុំព្យូទ័រ​បាន​»​។​ ​

លោក ថុល រឹទ្ធី បន្ថែមថា​៖ «​នេះ​គឺជា​សមិទ្ធិផល​ថ្មី​មួយទៀត​។ ភាពជា​ដៃគូ​នេះ​បាន​នាំ​ឲ្យ​យើង​នូវ​ការសហការ​គ្នា​ជាពិសេស​សម្រាប់​ការអប់រំ​កុមារ​។ យើង​នឹងមាន​ការសហការ​កាន់​តែ​ច្រើន​ជាមួយគ្នា​បន្ថែមទៀត​នាពេលខាងមុខ​។ Think!Think! គឺជា​កម្មវិធី​ដំបូង​ដែល​បាន​តំ​ឡើងជា​ផ្លូវការ​នៅក្នុង KOOMPI ខណៈដែល​យើង​សង្ឃឹមថា​សកម្មភាព​នេះ​នឹង​ក្លាយជា​ការចាប់ផ្តើម​សម្រាប់​កម្មវិធី​ជាច្រើន​ទៀត​ដែល​ត្រូវបាន​បង្កើត​និង​តំឡើង​នាពេល​អនាគត​»​។​

​លោក Naoko Ide តំណាង​អង្គការ JICA ក៏បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា​៖ «​គំរោង​របស់ Think!Think! ​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ដល់​សង្គម​កម្ពុជា ខណៈដែល JICA ក៏បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​គម្រោង​បែបនេះ​ផងដែរ​។ តាមរយៈ​គំរោង​នេះ យើង​អាច​ជម្រុញ​សិស្ស​ឲ្យ​ផ្ដោតទៅលើ​ការសិក្សា​នៅផ្ទះ​ក្នុងកំឡុងពេល​មាន​ជំងឺ​រាតត្បាត​នេះ​។ យើង​បាន​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន​និង​កីឡា​ដើម្បី​ផ្តល់ជូន​មេរៀន Think!Think! តាម​អ៊ិន​ធរ​ណេ​ត ខណៈដែល​កម្មវិធី​នេះ​ត្រូវបាន​ផ្សព្វផ្សាយ​នៅលើ​ប៉ុស្តិ៍​ទូរទស្សន៍ TVK2 និង​គេហទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួង​អប់រំ​។ សកម្មភាព​នេះ​គឺជា​សមិទ្ធិផល​មួយ​ក្នុងចំណោម​សមិទ្ធិផល​ជាច្រើន​នាពេល​បច្ចុប្បន្ន​របស់​យើង​»​។​ ​

ប្រធាន​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន​នៃ​ក្រសួង​អប់រំ លោក សុខ ថា បាន​មានប្រសាសន៍ថា​៖ «​ជាមួយនឹង​បច្ចេកវិទ្យា​ចុងក្រោយ​របស់ KOOMPI និង​កម្មវិធី Think!Think ក្រោម​ការគាំទ្រ​ដោយ JICA យើង​ជឿជាក់ថា​សាលារៀន​ទាំង​រដ្ឋ​និង​ឯកជន​នឹង​អាចបង្កើត​ការអប់រំ​បានល្អ​ប្រសើរ​សម្រាប់​សិស្ស​នៅ​ទូទាំងប្រទេស​កម្ពុជា​។ ភាពជា​ដៃគូ​នេះ​អាច​នាំមក​នូវ​អត្ថប្រយោជន៍​កាន់តែច្រើន​ដល់​ការអប់រំ​។

ហ្គេម គឺជា​ភាសា​សកល​សម្រាប់​កុមា​រហើយ​អ្នក​រាល់គ្នា​នឹង​រីករាយ​ជាមួយ​វា​ខណៈដែល​កំពុង​សិក្សា​រៀនសូត្រ​។​ ​លើសពីនេះ​ទៀត សកម្មភាព​នេះ​អាចជា​ផ្នែក​មួយ​នៃ​ដំណើរ​ការអប់រំ​យ៉ាង​ងាយស្រួល​ដែល​តម្រូវ​ឲ្យ​សាលា​នានា​ត្រូវតែមាន​បន្ទប់ពិសោធន៍​កុំព្យូទ័រ​។ ការបង្កើត​បន្ទប់ពិសោធន៍​ត្រូវការ​ការវិនិយោគ​បន្ថែម​ដែល​ដៃគូ​បាន​ផ្តួចផ្តើម​ក្នុងការ​តម្រូវ​ឲ្យ​សាលា​មួយ​មាន​មន្ទីរពិសោធន៍​មួយ ខណៈដែល ក្រសួង​ក៏​នឹង​គាំទ្រ​ដល់​គំនិត​ផ្ដួចផ្ដើម​នេះ​ផងដែរ​»​។​ ​

អង្គការ JICA និង​ក្រសួង​អប់រំ​នឹង​ក្លាយជា​អតិថិជន​ដំបូង​គេ​ដែល​ប្រើ KOOMPI OS ជាមួយនឹង​កម្មវិធី Think!Think! នៅក្នុង​ការស្ទង់មតិ​ដើម្បី​ឲ្យ​ដឹងថា​តើ​វា​មាន​ជោគជ័យ​យ៉ាងណា​។ Think!Think! បាន​ដំណើរការ​គំរោង​មួយ​ជាមួយ JICA និង​ក្រសួង​អប់រំ យុវជន និង​កីឡា​ចាប់តាំងពី​ឆ្នាំ ២០១៨ ៕ ប្រភព៖ Koompi