ផ្ទុះការសរសើរ! អាជ្ញាធរជាតិអប្សរា ប្រមូលទឹក រក្សាទុក ប្រើប្រាស់ ក្នុងរដូវប្រាំង

  • 2020-10-12 07:33:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទឹកជាច្រើនលានម៉ែត្រគូប ត្រូវបានអាជ្ញាធរជាតិអប្សរា ប្រមូលរក្សាទុកនៅតាមអាងស្ដុកទឹកនានាក្នុងតំបន់រមណីយដ្ឋានអង្គរ បន្ទាប់ពីកម្ពុជាមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ដោយសារការរងនូវឥទ្ធិពលព្យុះពីតំបន់ជុំវិញនារយៈពេលចុងក្រោយនេះ។

ក្នុងការងារនេះ អាជ្ញាធរជាតិអប្សរាបានបង្ហាញនូវអារម្មណ៍ជាទីមោទនបំផុត ក្នុងការប្រមូលទឹកស្ដុកទុកដើម្បីបម្រើកិច្ចការអភិរក្សប្រាសាទ ក៏ដូចជាត្រៀមសម្រាប់ចែកចាយដល់ប្រជាពលរដ្ឋក្នុងតំបន់សម្រាប់ប្រើប្រាស់នារដូវប្រាំងខាងមុខនេះ។

លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ ក្រុមការងាររបស់លោកបានខិតខំ និងប្រមូលទឹកស្ដុកទុក ស្ទើរពេញទាំងស្រុងនៅតាមកសិន្ធុអង្គរវត្ត កសិន្ធុក្រុងអង្គរធំ បារាយណ៍ខាងជើង បារាយណ៍ខាងលិច និងតាមទំនប់នានា ដោយរំពឹងថា នារដូវប្រាំងខាងមុខនេះ ពុំមានកង្វះទឹកប្រើប្រាស់ឡើយ។ លោកបន្ថែមថា កម្រិតទឹកដែលបានបញ្ចូលនៅពេលនេះ គឺស្ថិតក្នុងកម្រិតអតិបរិមា។

លោក ភឿន សុឃីម ពន្យល់បន្ថែមថា ក្រោយពីអាជ្ញាធរជាតិអប្សរារៀបចំស្ដារឡើងវិញនូវប្រព័ន្ធធារាសាស្រ្ដបុរាណមក គឺការងារគ្រប់គ្រងទឹកមានភាពងាយស្រួល ពិសេសបញ្ជៀសទឹកភ្លៀងមិនឱ្យជន់លិចតំបន់អង្គរ និងក្នុងក្រុងសៀមរាប។ ការងារបញ្ជៀសទឹកនេះ គឺអ្នកជំនាញទឹករបស់អាជ្ញាធរជាតិអប្សរា បានធ្វើការបង្ហូរទម្លាក់ទៅតាមដៃស្ទឹងមួយចំនួន ក៏ដូចជាតាមប្រឡាយជាដើម។

យ៉ាងណាក៏ដោយ ដ្បិតថាអ្នកជំនាញទឹករបស់អាជ្ញាធរជាតិអប្សរា បានព្យាករណ៍ថា នារដូវប្រាំងឆ្នាំនេះអាចពុំមានកង្វះទឹកប្រើប្រាស់ក្នុងតំបន់យ៉ាងណាក្ដី តែបានស្នើឱ្យពលរដ្ឋទាំងអស់គួរប្រើប្រាស់ទឹកដោយការសន្សំសំចៃខ្ពស់។ លោក ភឿន សុឃីម ពន្យល់ថា អាកាសធាតុនៅលើពិភពលោកមានការប្រែប្រួល ហើយទឹកមានសារសំខាន់សម្រាប់ជីវិតមនុស្សសត្វ ដូច្នេះយើងត្រូវប្រើប្រាស់ដោយការសន្សំសំចៃ ជៀសវាងការខ្វះខាត៕

អត្ថបទ និងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ

ប្រភព៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ