រកឃើញក្មេងតូចឆ្នើមៗ១៥នាក់ ឈ្នះការប្រកួតប្រជែងគូររូបរបស់ Hyundai

  • 2020-10-12 10:42:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Hyundai Camko Motor ដែលជាអ្នកនាំចូលផ្ដាច់មុខនូវរថយន្ត Hyundai មកកាន់ទីផ្សារកម្ពុជា បានបង្កើតនូវកម្មវិធីប្រកួតប្រជែងលើសមត្ថភាពគូររូបសម្រាប់ក្មេងតូចៗ ដោយបានរួមសហការជាមួយសាលាបង្រៀនអន្តរជាតិ SCIA។

ការប្រកួតប្រជែងនេះរៀបចំឡើងក្នុងគោលបំណងឲ្យបុត្រធីតារបស់អតិថិជន Hyundai រួមទាំងសិស្សានុសិស្សនៃសាលាបង្រៀនអន្តរជាតិ SCIA ដែលមានវ័យពី ៥ឆ្នាំ ដល់ ១៥ឆ្នាំ អាចបញ្ចេញទេពកោសល្យសិល្បៈរបស់ខ្លួន។

ការប្រកួតនេះដែរគឺមានប្រធានបទដែលទាក់ទងនឹង Family and Car (គ្រួសារនិងរថយន្ត) ឬ Your Dream Car (រថយន្តក្នុងក្ដីស្រមៃ) ដែលតម្រូវឲ្យបេក្ខជនម្នាក់ៗគូររូបនៅលើក្រដាសទំហំ B4 ដោយប្រើប្រាស់ឧបករណ៍ណាមួយអាស្រ័យតាមការចង់បាន។

រូបគំនូរដែលដាក់ចូលរួមប្រកួតទាំងអស់ ត្រូវបានដាក់តាំងបង្ហាញក្នុង City Store Showroom របស់ Hyundai ដើម្បីឲ្យអ្នកអតិថិជន Hyundai ធ្វើការបោះឆ្នោតជ្រើសរើសរកអ្នកឈ្នះ ដោយការបោះឆ្នោតនេះគឺមានពិន្ទុ ៦០% នៃពិន្ទុសរុប។ ពិន្ទុ ៤០% ទៀតគឺប្រគល់ជូនគណៈគ្រប់គ្រងក្រុមហ៊ុន Hyundai និងសាលារៀន SCIA ជាអ្នកជ្រើសរើស។

នាថ្ងៃទី១០ ខែតុលានេះ គេបានរកឃើញអ្នកឈ្នះសរុបចំនួន ១៥នាក់ ដែលមានទេពកោសល្យខាងផ្នែកសិល្បៈគំនូរខ្ពស់។ អ្នកឈ្នះទទួលបាននូវរង្វាន់ពិសេសជាច្រើនមានដូចជាសាច់ប្រាក់, ប័ណ្ណសរសើរ និងរង្វាន់បន្ថែមទៀតពីក្រុមហ៊ុនដែលរៀបចំកម្មវិធីនេះឡើងផងដែរ។

គួរដឹងថាកម្មវិធីប្រកួតនេះបានប្រព្រឹត្តទៅជិតមួយខែមកហើយ ដែលមានការចូលរួមពីបេក្ខភាព និងអ្នកបោះឆ្នោតយ៉ាងអ៊ូរអរបំផុត ដែលអាចបញ្ជាក់បានថាទទួលបានជោគជ័យគួរឲ្យកត់សម្គាល់។ ក្រៅពីកម្មវិធីប្រកួតគូរគំនូរនេះ Hyundai Camko Motor ក៏មានគោលបំណង រៀបចំកម្មវិធីពិសេសៗជាច្រើនទៀត ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន និងរួមចំណែកជួយដល់សហគមន៍ផងដែរ៕