ចង់ទស្សនាដំរីក្នុងព្រៃធម្មជាតិ កុំភ្លេច​ចូលលេង​ភូមិពូតាំង ក្បែរក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

  • 2020-10-14 04:47:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភូមិពូតាំង ជាតំបន់ទេសចរណ៍បែបធម្មជាតិមួយនៃខេត្តមណ្ឌលគិរី មានចម្ងាយប្រមាណ ៩គីឡូម៉ែត្រពីក្រុងសែនមនោរម្យ។ តំបន់នេះ មិនត្រឹមតែសំបូរទៅដោយជនជាតិពូនង​រស់នៅប៉ុណ្ណោះទេ តែក៏ជាជម្រកដ៏សំខាន់របស់ហ្វូងសត្វដំរីស្រុក​នៃខេត្តមណ្ឌលគិរីផងដែរ។

សព្វថ្ងៃនេះ នៅភូមិពូតាំង មានសត្វដំរីស្រុករស់នៅចំនួន ៦ក្បាល ក្រោមគម្រោងអភិរក្សផ្សេងៗគ្នា។ គម្រោងអភិរក្សទាំងនេះ ចិញ្ចឹម និងថែរក្សាសត្វដំរីតាមរបៀបជីវិតក្នុងធម្មជាតិ ដោយដាក់ឲ្យដំរីរ់សនៅក្នុងព្រៃ រកចំណី និងដើរលេងតាមការចូលចិត្ត។ ភ្ញៀវទេសចរ​ដែលចាប់អារម្មណ៍ អាចទៅស្វែងយល់ពីជីវិតឥតកង្វល់របស់សត្វដំរីតាំងនេះបាន ដោយធ្វើដំណើរថ្មើរជើង​ចេញពីភូមិពូតាំង ឆ្ពោះទៅកាន់ព្រៃដែលសត្វដំរីរស់នៅ។

ដំណើរកាត់តាមភូមិស្ថាន និងចម្ការរបស់អ្នកភូមិដែលប្រើរយៈពេលប្រមាណ ៣០នាទី នឹងនាំភ្ញៀវទេសចរ​ទៅដល់អូរទេ ដែលមានទឹកហូរត្រជាក់ល្ហឹម ក្រោមម្លប់ឈើត្រឈឹងត្រឈៃ។ ទីនេះជាកន្លែងដែលពពួកសត្វដំរីនិយមចូលចិត្តសម្រាកលម្ហែជារៀងរាល់ថ្ងៃ ខ្លះបេះស្លឹកឈើឆី ខ្លាចទារចំណីពីដៃអ្នកទេសចរ ហើយខ្លះទៀតចុះលេងទឹកអូរបំបាត់ភាពក្ដៅ។ ចំណែកអ្នកទេសចរដែលស្អុះស្អាប់ ក៏អាចចុះហែលទឹកលេងជាមួយដំរីដ៏រួសរាយទាំងនេះបានផងដែរ។

ការស្វែងយល់ពីជីវិតរបស់សត្វដំរីក្នុងធម្មជាតិ ដោយកាយវិការបបោសអង្អែលដោយក្ដីមេត្តា ជំនួសឲ្យការជិះកម្សាន្ត គឺជាការផ្ដល់ក្ដីសង្ឃឹមឲ្យសត្វប្រភេទកម្រនេះ មានឱកាសរស់នៅតាមដំណើរនៃធម្មជាតិ បង្កើតជាកូនពូនជាចៅ ហើយរស់នៅជាមួយមនុស្សបានជានិរន្តតទៅ៕

ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយភោជនីយដ្ឋាន Asian Kitchen, ហាងនំប៉័ង TOUS les JOURS, ហាងប៊ឺហ្គើ Lotteria, ហាងភីហ្សា Domino's Pizza, ក្រុមហ៊ុនទូរសព្ទដៃ OPPO និងគាំទ្រដោយក្រសួងទេសចរណ៍៕