ប្រធានាធិបតី​ប្រទេស​អាហ្វ្រិក​មួយ ធ្លាប់​មាន​ប្រវត្តិ​ឈ្នះ​ពាន Ballon d'Or

  • 2020-10-14 10:41:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​ប្រទេស​លីបេរីយ៉ា (ប្រទេស​នៅ​អាហ្វ្រិក​ខាង​លិច) លោក George Weah ធ្លាប់​មាន​ប្រវត្តិ​ឈ្នះ​ពាន​បាល់​មាស Ballon d'Or កាលពី​លោក​លេង​ជា​ខ្សែ​ប្រយុទ្ធ​នៃ​ក្លឹប​ Paris Saint-Germain និង​ក្លឹប​ AC Milan នៅ​ឆ្នាំ១៩៩៥។

នៅ​ក្នុង​ឆ្នាំ​នោះ គាត់​បាន​បញ្ចប់​រដូវ​កាល ១៩៩៤/៩៥ ជាមួយ​ក្លឹប​យក្ស​បារាំង​រដ្ឋធានី​ប៉ារីស ដោយ​បាន​ឈ្នះ​ពាន Coup de France និង​Coup de la Ligue ព្រម​ទាំង​ជា​កីឡាករ​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​ក្នុង​ UEFA Champions League (រក​បាន​ ៧​គ្រាប់​) ទៀត​ផង​។ គាត់​បាន​​ផ្ដើម​រដូវ​កាល ១៩៩៥/៩៦​ជាមួយ​នឹង​ក្លឹប​អ៊ីតាលី​ AC Milan។

លោក Weah បាន​ប្រកប​អាជីព​បាល់ទាត់​រយៈពេល​ជាង ១៣ឆ្នាំ​ប៉ុណ្ណោះ។ លោក​បាន​លេង​នៅ Monaco ក្រោយ​មក​ទៅ​ប៉ារីស រួច​ក៏​ទៅ​លេង​នៅ AC Milan បន្ទាប់​មក​ទៅ Chelsea រួច​បន្តទៅ Manchester City ហើយ​ក៏​បញ្ចប់​អាជីព​នៅ​ក្លឹប​បារាំង Marseille កាល​ពី​ឆ្នាំ២០០១។

George Weah បាន​ចូល​ប្រឡូក​នយោបាយ​តាំង​ពី​ឆ្នាំ២០០៣ ហើយ​លោក​បាន​ជាប់​ជា​សមាជិក​ព្រឹទ្ធសភា​ពី​ឆ្នាំ២០១៥-២០១៨ ហើយ​ក្រោយ​មក​ក៏​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​នៅ​ឆ្នាំ២០១៨៕

ប្រភព៖ transfermarkt   ប្រែ​សម្រួល៖ ហ៊ីម រស្មី