ស្រី​ស្អាត​ប្រចាំ​ក្រុម​ទ័ព ទេព ម៉ូលីកា ថា​​​សង្សារ​មិន​សំខាន់​ទេ

  • 2020-10-20 02:50:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រី​ស្អាត​ប្រចាំ​ក្រុម​​ Tiffy Army នារី ទេព ម៉ូលីកា បាន​រៀបរាប់​ទាំង​សើច​តិច​ៗ​ថា ​សង្សារ​មិន​សំខាន់​ទេ សំខាន់​ក្រុម​លេង​ឲ្យ​បាន​ល្អ​សិន សម្រាប់​ការ​ប្រកួត​លីគ​​នារី​កម្ពុជា​ ដែល​បាន​ប្រកួត​ចំនួន ៤ សប្ដាហ៍​រួច​​រាល់។

​​Sabay បាន​សួរ​ទៅ​កាន់ អ្នក​ខេត្ត​កណ្ដាល​​រូប​នេះ​ថា «​មិន​ខ្លាច​រក​សង្សារ​មិន​បាន​ទេ​ហី ? » សិស្ស​ថ្នាក់​ទី​១០​រូប​នេះ​បាន​ឆ្លើយ​ថា «​​សង្សារ​មិន​សំខាន់​ទេ​។ ​​ស្រលាញ់​វិស័យ​នេះ​ហើយ ទោះ​បី​សម្រស់​យ៉ាង​ណា​ក៏​មិន​អី​ដែរ ព្រោះ​បើ​ថា​មាន​សម្រស់​ហើយ ក៏​មិន​អាច​ជួយ​​ឲ្យ​ក្រុម​លេង​បាន​ល្អ​ដែរ​អីចឹង​សម្រស់​មិន​សំខាន់​ប៉ុន្មាន​ទេ»។

​ទាក់​ទង​ការ​លេង​បាល់​ទាត់​នេះ ម៉ូលីកា ​ធ្លាប់​ត្រូវ​បាន​ឪពុក​ម្ដាយ​របស់​គេ​បដិសេធ​ និង​មិន​គាំ​ទ្រ​ឲ្យ​ចូល​លេង​ឡើយ។ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ ដោយ​សារ​ឪ​ពុក​-​ម្ដាយ​របស់​គេ​យល់​ដឹង​ច្បាស់​ពី​​វិស័យ​នេះ​ទើប​ងាក​​មក​គាំទ្រ​វិញ។

សិស្ស​សាលា​កោះដាច់​រូប​នេះ​​បន្ថែម​ទៀត​ថា រូប​គេ​មិន​គិត​​ថា ខ្លួន​ឯង​ស្អាត​អស្ចារ្យ​អ្វី​ឡើយ ។ ​ចំណែក​​​ការ​ចូល​ចិត្ត​លេង​បាល់​នេះ​​វិញ គឺ​កើត​ឡើង​​ជា​យូរ​ណាស់​មក​ហើយ ពោល​តាំង​ពី​នៅ​តួច​ៗ​ ប៉ុន្តែ​ទើប​តែ​ទទួល​បាន​ឱកាស​ចូល​ហាត់​នៅ​ក្លឹប​ក្រសួង​ការពារ​ជាតិ​កាល​ពី​ ៣ ខែ​មុន​ការ​ប្រកួត។

​បច្ចុប្បន្ន ទេព ម៉ូលីកា ​​សិក្សា​នៅ​ វិទ្យាល័យ​ ប៊ុន​ រានី ហ៊ុន​ សែន កោះដាច់ ។ មាន​តួនាទី​ជា​​ខ្សែ​​បម្រើ​​​ស្លាប​ឆ្វេង​របស់​ទ័ព​។ កីឡា​​ការិនី​រូប​នេះ​​មាន​ស្រុក​កំណើត​នៅ​​​ឃុំ​កោះ​ដាច់ ស្រុក​មុខកំពូល​ ខេត្ត​កណ្ដាល កើត​ថ្ងៃ​ទី​០៥ ខែ​មករា ឆ្នាំ​២០០៤ មាន​កម្ពស់ ១,៦៣ ​ម៉ែត្រ​។ ម៉ូលីកា ជា​កីឡាករ​ឆ្នើម​ក្នុង​ក្រុម ដែល​​បង្ហាញ​ខ្លួន​ក្នុង​ជម្រើស​ ១១ នាក់​ដំបូង​​ទាំង​៤ ប្រកួត​កន្លង​មក​ ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​