ដំណឹងល្អ! ផ្លូវក្រវ៉ាត់ក្រុងទី៤ និងមានវត្តមានក្នុងប្រទេសកម្ពុជា ឆាប់ៗ

  • 2020-10-20 07:05:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លូវក្រវាត់ក្រុងទី៤ នឹងមានវត្តមាន នៅក្នុងប្រទេសកម្ពុជានាពេលឆាប់ៗ បន្ទាប់ពីការសិក្សាអស់រយៈពេល២ឆ្នាំ។

នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្ដម លីម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការជ្រើសរើសផ្លូវក្រវាត់ក្រុងទី៤ ក៏ដូចជាការគ្រប់គ្រង ការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវ និង តម្រូវការហេដ្ឋានរចនាសម្ព័ន្ធ នៃប្រព័ន្ធចម្រោះទឹកកខ្វក់ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង មន្ត្រីអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង មន្ទីរសាធារណការ និងដឹកជញ្ជូនទាំង២៥រាជធានី-ខេត្ត អង្គភាពពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនសាជីវកម្ម ស្ពានថ្នល់ចិនផងដែរ។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងគោលបំណង ពិគ្រោះយោបល់ស្តីពីការជ្រើសរើសផ្លូវក្រវាត់ក្រុងទី៤ យន្តការការគ្រប់គ្រង និងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវ និងតម្រូវការហេដ្ឋានរចនាសម្ព័ន្ធ នៃប្រព័ន្ធចម្រោះទឹកកខ្វក់ ដោយមានការពិគ្រោះយោបល់ ជាមួយបណ្តាក្រសួងពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍អំពីផលប៉ះពាល់លើអនុវត្តគម្រោងនេះ និងដើម្បីប្រមូលធាតុចូលបន្ថែមឱ្យគ្រប់ជ្រុងជ្រោយ សម្រាប់ការអនុវត្តគម្រោងផ្លូវក្រវាត់ក្រុងទី៤នេះមានភាពរលូន និងប្រសិទ្ធភាពខ្ពស់។

ផ្លូវខ្សែក្រវាត់ក្រុងទី៤ ក្រសួងបានស្នើឱ្យក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនសិក្សាតាំងពីឆ្នាំ២០១៨ ពេលនេះក្រុមហ៊ុនបានសិក្សាចប់សព្វគ្រប់នៅឆ្នាំ២០២០ ផ្លូវក្រវាត់ក្រុងទី៤នេះមានប្រវែង១៩៥ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ស្ពី តាកែវ កណ្តាល និងខេត្តព្រៃវែង ដោយកាត់ខេត្តកំពង់ស្ពីចំនួន៣ស្រុក ខេត្តតាកែវចំនួន១ស្រុក ខេត្តកណ្តាល៨ស្រុក និងខេត្តព្រៃវែង២ស្រុក។

ផ្លូវក្រវាត់ក្រុងទី៤ជាផ្លូវមួយមានសារៈសំខាន់ ក្នុងចូលរួមចំណែកកាត់បន្ថយការកក់ស្ទះចរាចរណ៍ និងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញរបស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់ផ្លូវជាតិផ្សេងៗ និងទៅកាន់ព្រំដែនប្រទេសវៀតណាម និងប្រទេសថៃ បានកាន់តែលឿន ចំណេញពេលវេលា កាត់បន្ថយការចំណាយបានមួយកំរិតទៀត។

ប្រភព ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទពេញនិយម