អគ្គលេខាធិការ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ៖​ ការ​ប្រកួត​ប៉ុន្មាន​ថ្ងៃ​នេះ​សមត្ថភាព​អ្នក​ចូលរួម​ល្អ​គួរ​កត់សម្គាល់​

  • 2020-10-23 07:11:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​ ថា​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ប៉ុន្មាន​ថ្ងៃ​នេះ​គឺ​ដំណើរ​ការ​ល្អ​ធម្មតា​ ខណៈ​កីឡាករ​ កីឡា​ការិនី​ចូលរួម​មាន​សមត្ថភាព​រីកចម្រើន​ឈ្នះ​ចាញ់​តានតឹង​តែ​ម្ដង។​

លោក​ ស៊ុន​ សុធារិទ្ធ

លោក​ ស៊ុន​ សុធារិទ្ធ ​អគ្គលេខាធិការ​សហព័ន្ធ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ ការ​ចូលរួម​ប្រកួតប្រជែង​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​នេះ​មាន​ការ​ផុលផុស​ខ្លាំង​ និង​មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​មុនៗ​ទៅ​ទៀត។​ តាម​បណ្ដា​ក្លឹប​ សមាគម​ដែល​ចូលរួម​នេះ​មាន​កីឡាករ​លេចធ្លោ​ច្រើន​ ការ​ប្រកួត​ខ្លះ​សង​ទៅ​សង​មក​ និង​ចំណាយ​ពេល​យូរ​ទម្រាំ​អាច​ដឹង​ឈ្នះ​ចាញ់​នោះ។​

​ថ្នាក់​ដឹកនាំ​ដែល​ស្រឡាញ់​ខ្លាំង​លើ​កីឡា​មួយ​នេះ​បន្ត​ប្រាប់​ទៀត​ថា​ មិន​ត្រឹម​ជា​ការ​ប្រកួត​ជ្រើសរើស​ជើង​ខ្លាំង​នោះ​ទេ​ ជា​ការ​ប្រមែប្រមូល​ទាំង​ធនធាន​ចាស់ៗ​ និង​ថ្មីៗ​បន្ថែម។​ ការ​សម្លឹង​ឃើញ​ថ្នាល​តូច​ៗ​ដែល​ចូលរួម​នេះ​គឺ​ជា​ដំណើរ​បន្ត​វែងឆ្ងាយ​ និង​ធ្វើ​ឲ្យ​មាន​ភាព​រីកចម្រើន​បន្ថែម​នៅ​ពេល​ខាង​មុខ។​

ទិដ្ឋភាពពេល​ប្រកួត

រំលឹក​ដែរ​ថា​ សហព័ន្ធ​វាយ​កូន​ឃ្លី​លើ​តុ​ បាន​បើក​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ និង​ពាន​រង្វាន់​លើក​ទី១​ របស់​ខ្លួន​តាំង​ពី​ថ្ងៃ​ទី១៩​ ខែ​តុលា​ ឆ្នាំ​២០២០​ មក​ម្ល៉េះ។​ កម្មវិធី​នេះ​នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃ​ស្អែក​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​