ប្រាយុទ្ធ ព្រម​ប្រជុំ​សភា​បន្ទាន់​ដោះ​ស្រាយ​វិបត្តិ​ ប៉ុន្តែ​បាតុករ​ថៃ​​យក​តែ​លក្ខខណ្ឌ​ចេញ​ពី​តំណែង​ប៉ុណ្ណោះ​

  • 2020-10-26 00:57:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ចាប់​ពី​ថ្ងៃ​ទី​២១​ តុលា​ ២០២០ ខាង​រដ្ឋាភិបាល​ លោក​នាយករដ្ឋមន្ត្រី​ ប្រា​យុទ្ធ​ ច័ន្ទ​អូឆា​ បាន​ស្នើ​បក​ទៅ​អ្នក​ប្រមូល​ផ្ដុំ​វិញ​ថា​ ត្រូវ​ដក​ថយ​មួយ​ជំហាន​ទាំង​អស់​គ្នា។​ ដោយ​រដ្ឋាភិបាល​លុប​ចោល​នូវ​សេចក្ដី​ប្រកាស​ដាក់​ក្រុង​បាងកក​ ស្ថិត​នៅ​ក្នុង​គ្រា​អាសន្ន​កម្រិត​ខ្ពស់​ និង​បើក​ឲ្យ​មាន​ការ​ប្រជុំ​សភា​ សម័យ​វិសាមញ្ញ​នៅ​ថ្ងៃ​ទី​ ២៦​ តុលា​ - ២៧ តុលា​ ដើម្បី​រក​ដំណោះ​ស្រាយ​។​

បញ្ហា​ពេល​នេះ​ នៅ​ត្រង់​ចំណុច​ដែល​បាន​លើក​ឡើង​របស់​នាយករដ្ឋមន្ត្រី​ ប្រាយុទ្ធ​ ពី​លក្ខខណ្ឌ​ ក្នុង​ការ​ដកថយ​របស់​រដ្ឋាភិបាល មិន​ស៊ី​សង្វាក់​គ្នា​ជាមួយ​នឹង​ក្រុម​អ្នក​ប្រមូល​ផ្ដុំ​ ហើយ​គេ​មិន​ឃើញ​មាន​និន្នាការ​ណាមួយ​បង្ហាញ​ថា​ នឹង​មាន​ការ​ចរចា​គ្នា​ កើត​ឡើង​ដែរ​ រវាង​ក្រុម​អ្នក​ប្រមូល​ផ្ដុំ​ និង​រដ្ឋាភិបាល​លោក​ ប្រាយុទ្ធ​ ដែល​មាន​ការ​ពាក់ព័ន្ធ​ និង​ការ​ទាមទារ​ របស់​ក្រុម​អ្នក​ប្រមូល​ផ្ដុំ​ និង​ជំហរ​របស់​រដ្ឋាភិបាល។​

ការ​ទាមទារ​របស់​អ្នក​ប្រមូល​ផ្ដុំ​គឺ​ នាយករដ្ឋមន្ត្រី​ ប្រាយុទ្ធ​ ត្រូវ​ចុះ​ចេញ​ពី​តំណែង​ គឺ​ជា​លក្ខខណ្ឌ​សំខាន់​ដែល​ក្រុម​អ្នក​ប្រមូល​ផ្ដុំ​បាន​កំណត់។​ បើ​ទិដ្ឋភាព​នេះ​កើត​ឡើង​ទើប​ពួកគេ​ ព្រម​ដកថយ​ក្រោយ​មួយ​ជំហាន​មក​វិញ។ រដ្ឋាភិបាល​លោក​ ប្រាយុទ្ធ​ បង្ហាញ​ពី​ជំហរ​របស់​ខ្លួន​ ដោយ​កំណត់​លើ​ការ​លុប​ការ​ប្រកាស​ដាក់​ក្រុង​បាងកក​ ឲ្យ​ស្ថិត​នៅ​​ក្នុង​គ្រា​អាសន្ន​ដ៏​ធ្ងន់ធ្ងរ​ ព្រម​ទាំង​ឈាន​ទៅ​បើក​ឲ្យ​​សភា​ប្រជុំ​សម័យ​វិសាមញ្ញ។ ​ ជុំវិញ​រឿង​នេះ​មាន​ការ​វិភាគ​ពី​សំណាក់​ អ្នក​ជំនាញ​លើ​នយោបាយ​របស់​ថៃ​ ថា​លោក​ ប្រាយុទ្ធ​ ច័ន្ទ​អូឆា​ គ្មាន​ការ​ដកថយ​ ដើម្បី​បញ្ចប់​ជម្លោះ​នេះ​ទេ។​ ប្រសិន​បើ​ពិនិត្យ​ លើ​ការ​ប្រកាស​របស់​អ្នក​ប្រមូល​ផ្ដុំ​ទុក​ពេល​ឲ្យ​លោក​ ប្រាយុទ្ធ​ ៣​ថ្ងៃ​ ក៏​បាន​គ្រប់​កំណត់​ក្នុង​ថ្ងៃ​ទី​ ២៤​តុលា​ ហើយ​គេ​ពុំ​ឃើញ​ លោក​ ប្រាយុទ្ធ​ បង្ហាញ​ឥរិយាបថ​ណាមួយ​ ថា​នឹង​ចុះ​ចេញ​ពី​តំណែង​នោះ​ទេ។​

ការ​ចរចា​រវាង​ក្រុម​អ្នក​ប្រមូល​ផ្ដុំ​ និង​រដ្ឋាភិបាល​ ក៏​មិន​មាន​សញ្ញា​ណាមួយ​បង្ហាញ​ថា​ នឹង​កើតឡើង​ដែរ។​ ទន្ទឹម​នឹង​ការ​លើក​ឡើង​ពី​ខាង​រដ្ឋាភិបាល​ថៃ​ ឲ្យ​មាន​ការ​ដកថយ​មួយ​ជំហាន​ម្នាក់​នេះ​ គេ​ឃើញ​មាន​ចលនា​ក្រុម​ អ្នក​ពាក់​អាវ​លឿង​ ចេញ​មក​ដើរ​ក្បួន​ ហើយ​ប្រកាស​ថា​ពួកគេ​មាន​ស្វាមីភក្ដិ​​លើ​ស្ថាប័ន​ព្រះមហាក្សត្រ​ថៃ​ ហើយ​ការពារ​ស្ថាប័ន​នេះ។​ ការ​ប្រមូល​ផ្ដុំ​របស់​ក្រុម​អាវ​លឿង​ ក៏​បាន​ធ្វើ​ជា​ច្រើន​ កន្លែង​ ក្នុង​ក្រុង​បាងកក​ និង​នៅ​តាម​ខេត្ត​​ខ្លះ​ទៀត៕

ប្រភព៖ Thai PBS   ប្រែសម្រួល៖ សៀនហួរ