ប៉ុណ្ណេះល្មមជឿហើយថាអេក្រង់ iPhone 12 មាំដូច Apple អួតមែន (វីដេអូ)

  • 2020-10-27 02:10:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អេក្រង់​ iPhone 12 ទាំង​បួន​ម៉ូដែល​​ការពារ​ដោយ​​​កញ្ចក់​ការពារ​ថ្មី​ដែល Apple ​ឲ្យ​ឈ្មោះ​ថា​ Ceramic Shield ហើយ​បាន​អះអាង​ថា​វា​អាច​ទ្រាំទ្រ​ការ​ធ្លាក់​បាន​ល្អ​ប្រសើរ​ជាង​មុន​រហូត​ដល់​ទៅ​៤​ដង​ឯណោះ។

ការ​អះអាង​របស់​ Apple នាំ​ឲ្យ​​កើត​មាន​ការ​ចង់​ដឹង​ថា​អេក្រង់​ iPhone 12 អាច​ទ្រាំទ្រ​នឹង​ការ​ធ្លាក់​បាន​ខ្លាំង​ដល់​កម្រិត​ណា។ ដូច​នេះ​ទើប​មាន​ការ​បង្កើត​វីដេអូ​ថ្មីៗ​ជា​ច្រើន​ដែល​ធ្វើ​តេស្ត​លើ​អេក្រង់ iPhone 12។

គណនី YouTube ឈ្មោះ​ថា​ PhoneBuff បាន​ធ្វើ​តេស្ត​ទម្លាក់ iPhone 12 និង iPhone 12 Pro ដោយ​​ចាប់​ផ្ដើម​ពី​ការ​ទម្លាក់​ខ្នង​ទូរសព្ទ​មក​មុន​នៅ​កម្ពស់ ១,៥ម៉ែត្រ ដែល​លទ្ធផល​គឺ iPhone 12 ប្រេះ​ស្រាំ​កញ្ចក់​ខាង​ក្រោយ ខណៈ​ដែល iPhone 12 Pro ​នៅ​រក្សា​ទ្រង់ទ្រាយ​ដើម​បាន​យ៉ាង​ល្អ។

បន្ទាប់​មក​ទៀត​គឺ​ការ​ធ្វើ​តេស្ត​ទម្លាក់​ពី​ផ្នែក​ចំហៀង​ដែល​លទ្ធផល​ iPhone ទាំង​ពីរ​មាន​រង​ការ​ឆ្កូត​បន្តិច​បន្តួច​ដូច​គ្នា​។ ក្រោយ​មក​ទៀត​គឺ​ការ​​ធ្វើ​តេស្ត​ទម្លាក់​ដោយ​បែរ​អេក្រង់​ចុះ​ក្រោម​ ​ដែល​ជា​លទ្ធផល​ឃើញ​ថា​កញ្ចក់​ Ceramic Shield ពិត​ជា​អាច​ការពារ​អេក្រង់ iPhone 12 បាន​ល្អ អេក្រង់​ iPhone ទាំង​ពីរ​មិន​មាន​ប្រេះ​ស្រាំ​សោះ​ឡើយ។

ដោយ​សារ​អេក្រង់​មិន​មាន​ប្រេះស្រាំ​សោះ ទើប​ត្រូវ​​ឈាន​ចូល​ដល់​ការ​ធ្វើ​តេស្ត​​បន្ត​ទៀត​ជា​ការ​ធ្វើ​តេស្ត​ទម្លាក់​ពី​កម្ពស់​ក្រោម ១,៥ម៉ែត្រ និង​ទម្លាក់​ចំនួន ១០​ដង​ជាប់​គ្នា។ ​ក្រោយ​ទម្លាក់ ១០​ដង អេក្រង់ iPhone 12 ទាំង​ពីរ​នៅ​តែ​មិន​មាន​ប្រេះ​ស្រាំ​អ្វី​នោះ​ទេ។ ប៉ុន្តែ​កញ្ចក់​ខាង​ក្រោយ​របស់ iPhone 12 រង​ការ​ប្រេះ​ស្រាំ​​កាន់​តែ​ខ្លាំង រហូត​ធ្វើ​ឲ្យ​កាមេរ៉ា​ក្រោយ​មាន​បញ្ហា។

នៅ​មិន​ទាន់​អស់​ចិត្ត គេ​បាន​ធ្វើ​តេស្ត​ចុង​ក្រោយ​មួយ ដោយ​​ទម្លាក់ iPhone 12 ទាំង​ពីរ លើ​​​ដុំ​ស៊ីម៉ង់​វិញ​ម្ដង ហើយ​លទ្ធផល​នៅ​តែ​មិន​អាច​ធ្វើ​ឲ្យ​អេក្រង់ iPhone 12 ផ្លាស់​ប្ដូរ​ទ្រង់ទ្រាយ​ដើម​ដដែល៕​​​​​​

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង