ក្រុមហ៊ុន OYIKA ដាក់ឱ្យប្រើថាមពលអាគុយ សម្រាប់ទោចក្រយានយន្តនៅកម្ពុជា

  • 2020-10-27 07:12:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងទៅតាមការសិក្សាស្រាវជ្រាវដែលត្រូវបានធ្វើឡើងនៅប្រទេស ស្វីស និងត្រូវបានបោះពុម្ពផ្សាយដោយព្រឹត្តិបត្រផ្នែកវិទ្យាសាស្រ្តបរិស្ថាន និងបច្ចេកវិទ្យានៃសង្គមគីមីសាស្ត្រសហរដ្ឋអាមេរិក (American Chemical Society) នៅថ្ងៃទី១ ខែមករា ឆ្នាំ២០០៦ ជារួមមកទោចក្រយានយន្តបញ្ចេញនូវសារធាតុអ៊ីដ្រូកាបូនប្រមាណជាង ១៦ ដង សារធាតុកាបូនម៉ូណូអុកស៊ីតប្រមាណជាង ៣ ដង និង សារធាតុពុលក្នុងអាកាសដទៃទៀត ដែលមានគម្លាតមិនសមាមាត្រច្រើនជាងរថយន្តអ្នកដំណើរ។ សារធាតអ៊ីដ្រូកាបូនដែលបញ្ចេញដោយទោចក្រយានយន្តកង់ពីរនេះ មានភាពទាក់ទងទៅនឹងការកើនឡើងនៃកម្តៅផែនដី និងត្រូវបានសង្ស័យថាបង្កនូវជម្ងឺមហារីកដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្សជាតិ។

រឿងចាំបាច់ដែលត្រូវធ្វើនៅពេលនេះ គឺការផ្លាស់ប្តូរទៅរកការប្រើប្រាស់ទោចក្រយានយន្តដែលយកចិត្តទុកដាក់ទៅលើបរិស្ថាន និងមិនប៉ះពាល់ដល់សុខភាពមនុស្សជាតិ។ ទោចក្រយានយន្តដែលប្រើប្រាស់អគ្គិសនី គឺជាចម្លើយតែមួយគត់ ហើយក្រុមហ៊ុន OYIKA គឺមានដំណោះស្រាយមួយដើម្បីកាត់បន្ថយនូវរនាំងក្នុងការចាប់ផ្តើមប្រើប្រាស់ទោចក្រយានយន្តអគ្គិសនី (e-motorbike)។

OYIKA គឺជាក្រុមហ៊ុនដែលត្រូវបានវិនិយោគដោយក្រុមបណ្តាក់ទុនរួមរបស់ប្រទេសសិង្ហបុរី ហើយបានចាប់ផ្តើមធ្វើឱ្យគំនិតក្នុងការដាក់ឱ្យប្រើប្រាស់ថាមពលអាគុយសំរាប់ទោចក្រយានយន្តលេចជារូបរាងឡើងនៅឆ្នាំ២០១៨។ ក្រុមហ៊ុន OYIKA បានចូលមកព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ២០១៩ និង ត្រូវបានដឹកនាំដោយលោកប្រធាន Carl Wong ។

ជាមួយនឹងគំនិតក្នុងការដាក់ឱ្យប្រើប្រាស់ថាមពលអាគុយ ក្រុមហ៊ុន OYIKA អនុញ្ញាតឱ្យអ្នកជិះទោចក្រយានយន្តអគ្គិសនីផ្លាស់ប្តូរអាគុយដែលអស់ថាមពលជាមួយនឹងអាគុយមួយដែលបានសាកពេញ នៅតាមស្ថានីយ៍ផ្លាស់ប្តូរអាគុយនីមួយៗ។ ជំនួសឱ្យការចាក់សាំងនៅតាមស្ថានីយ៍ប្រេងឥន្ធននៅពេលដែលទោចក្រយានយន្តអស់សាំង អ្នកជិះអាចប្តូរអាគុយនៅតាមស្ថានីយ៍ផ្លាស់ប្តូរអាគុយនីមួយៗបាន។ ការដាក់ឱ្យប្រើប្រាស់ថាមពលអាគុយចាប់ផ្តើមជំនួសឱ្យការចាក់សាំង។ វាក៏មានតម្លៃថោកជាងសាំងផងដែរ។

ហេតុអ្វីដែលត្រូវធ្វើការដាក់ឱ្យប្រើប្រាស់ថាមពលអាគុយ? ពីព្រោះយើងបានគិតពីក្តីបារម្ភជាច្រើនទាក់ទងទៅនឹងការធ្លាក់ចុះនៃគុណភាពអាគុយ និង ការទិញអាគុយដែលមានតម្លៃថ្លៃ ដែលជាឧបសគ្គក្នុងការចាប់ផ្តើមប្រើប្រាស់ទោចក្រយានយន្តអគ្គិសនី។ ដំណោះស្រាយរបស់ក្រុមហ៊ុន OYIKA នឹង ដោះស្រាយនូវក្តីកង្វល់ទាំងអស់នេះ។

គេឃើញមានយានយន្តដែលបានចុះបញ្ជីជាង ៥លានគ្រឿង ដែល ៨៥%គឺជាទោចក្រយានយន្ត ហើយមាន តិចជាង ០.១% ដែលប្រើប្រាស់ថាមពលអគ្គិសនី។ យោងទៅតាមតួលេខរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន នៅឆ្នាំ២០១៩ យានយន្តជាង ៦៤០.១៨៣ ត្រូវបានចុះបញ្ជី ហើយទោចក្រយានយន្តមាន ៥៣១.២៦៩។ ដូច្នេះ ការណែនាំឱ្យប្រើប្រាស់ទោចក្រយានយន្តអគ្គិសនី គឺជាមធ្យោបាយដ៏ឆាប់រហ័សមួយក្នុងការកាត់បន្ថយការបញ្ចេញផ្សែងពុលនៃយានយន្ត។

ផ្ទុយពីជំនឿដែលពេញនិយមនាពេលបច្ចុប្បន្ន ប្រសិនបើគំនិតក្នុងការដាក់ឱ្យប្រើប្រាស់ថាមពលអាគុយត្រូវបានចាប់ផ្តើមទូលំទូលាយ នោះទោចក្រយានយន្តអគ្គិសនីអាចនឹងមានតម្លៃថោកជាងទោចក្រ យានយន្តបែបប្រពៃណីដែលប្រើប្រាស់ចំហេះនៅខាងក្នុង (internal combustion engine: ICE) ។ ឧទាហរណ៍៖ អ្នកជិះមិនចាំបាច់ចំណាយប្រាក់ក្នុងការទិញអាគុយសំរាប់ទោចក្រយានយន្តអគ្គិសនី ជាមុនឡើយ ដែលមានតម្លៃប្រហែលជា ៥០% ឬច្រើនជាងតម្លៃសរុបរបស់ទោចក្រយានយន្ត។ ទោចក្រយានយន្តអគ្គិសនីមិនត្រឹមតែមានតម្លៃថោកដោយមិនចាំបាច់ទទួលឧបត្ថម្ភធនពីរដ្ឋាភិបាលនោះទេ ហើយវាអាចនឹងប្រកួតប្រជែងជាមួយនឹងការប្រើប្រាស់សាំងដែលត្រូវបានឧបត្ថម្ភធនដោយរដ្ឋ ដូចជាករណីនៅប្រទេសឥណ្ឌូនេស៊ី។

ក្រុមហ៊ុន OYIKA បានសហការជាមួយនឹងម៉ាកទោចក្រយានយន្តអគ្គិសនីនៅក្នុងស្រុក និង បានផ្លាស់ប្តូរ ទោចក្រយានយន្តរបស់ពួកគេទៅជាទោចក្រយានយន្តឆ្លាតវៃ ដោយផ្គួបផ្សំវាជាមួយនឹងអាគុយឆ្លាតវៃ ដែលអាចយកតាមខ្លួនបានរបស់ក្រុមហ៊ុន OYIKA បណ្តាញនៃស្ថានីយ៍សាកអាគុយនានា និង កម្មវិធីApp ទូរស័ព្ទចល័ត។ ក្រុមហ៊ុន OYIKA បានជួយដល់ឧស្សាហកម្មទោចក្រយានយន្តអគ្គិសនីក្នុងស្រុក និង ដៃគូទោចក្រយានយន្តរបស់ខ្លួន។

ឥឡូវនេះ ក្រុមហ៊ុន OYIKA ផ្តល់នូវការផ្លាស់ប្តូរអាគុយជាមួយដៃគូទោចក្រយានយន្តអាគុយរបស់ខ្លួន ដោយធ្វើការបង់ប្រាក់នៅពេលដែលចេញដំណើរតែប៉ុណ្ណោះ (pay-as-you-go) សំរាប់ការធ្វើដំណើរជិតៗ ការជួលប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំខែ។ សូមគិតថាវាដូចជាគម្រោងទូរស័ព្ទចល័តដែលយើងត្រូវបង់ប្រាក់ជាមុនក្នុងការប្រើប្រាស់។

លោក Carl បានមានប្រសាសន៍ថា «យើងបានចាប់ផ្តើមដោយមានស្ថានីយ៍ចំនួន ១០ នៅរាជធានីភ្នំពេញ កាលពីខែកក្កដា ឆ្នាំ២០១៩ ហើយបានផ្តល់ដល់អ្នកជិះនូវគម្រោងបង់ប្រាក់ក្នុងតម្លៃ ៦៩ ដុល្លាក្នុង១ខែ ដោយផ្តល់ជូននូវទោចក្រយានយន្តអគ្គិសនីមួយគ្រឿង និង គម្រោងផ្លាស់ប្តូរអាគុយ សំរាប់ការធ្វើដំណើរចម្ងាយ ១៥០០ គីឡូម៉ែត្រ ក្នុង១ខែ» ។

«និយាយឱ្យត្រង់ ការដាក់ឱ្យប្រើប្រាស់ថាមពលអាគុយវាដំណើរការទៅមិនរលូនពេកនោះទេ។ ពីព្រោះមនុស្សភាគច្រើននៅស្រឡាញ់ចូលចិត្ត ទោចក្រយានយន្តដែលបញ្ចេញចំហេះខាងក្នុងរបស់ពួកគេ ហើយពួកគេនៅមិនទាន់ទុកចិត្តទៅលើទោចក្រយានយន្តអគ្គិសនី។ ដូច្នេះ យើងបានចាប់ផ្តើមនូវ Go2 ដែលជាសេវាកម្មធ្វើដំណើរដោយការចែករំលែក ដែលជាគម្រោងបង់ប្រាក់នៅពេលចេញដំណើរតែប៉ុណ្ណោះ ហើយមិនតម្រូវឱ្យមានកិច្ចសន្យា មិនមានការបង់ប្រាក់ជាមុន និងប្រាក់កក់ឡើយ។ យើងចាប់ផ្តើមវានៅខែឧសភាឆ្នាំនេះ ដែលការចាប់ផ្តើមនេះមានចំណុចវិជ្ជមានជាច្រើន ហើយយើងមានបំណងបង្កើនឱ្យមានការប្រើប្រាស់វាច្រើនជាងនេះនៅឆ្នាំក្រោយ!»។

«ការធ្វើដំណើរជាទូទៅត្រូវចំណាយប្រហែលជា ០.៧៥ ដុល្លាប៉ុណ្ណោះសំរាប់ចម្ងាយ ៦គីឡូម៉ែត្រ។ វាជាការធ្វើដំណើរដោយខ្លួនឯង។ ហើយមនុស្សអាចប្រើប្រាស់ទោចក្រយានយន្តអគ្គិសនីនៅពេលដែលត្រូវ ការ និងអាចទុកវានៅតាមគោលដៅស្ថានីយ៍នីមួយៗដែលមាន។»

«រឿងដែលសំខាន់នោះគឺ ការធ្វើដំណើរដោយចែករំលែកជាមួយនឹងការដាក់ឱ្យប្រើប្រាស់ថាមពលអាគុយបានចូលរួមកាត់បន្ថយនូវរនាំងក្នុងការចាប់ផ្តើមប្រើប្រាស់ទោចក្រយានយន្តអគ្គិសនី ផងដែរ។»

ក្រុមហ៊ុន OYIKA ទទួលបាននូវប្រាក់ឧបត្ថម្ភពីកម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ (United Nations Development Programme: UNDP) ដើម្បីពង្រីកនូវការសាកល្បងក្នុងការធ្វើដំណើរដោយការចែករំលែកនៅ រាជធានីភ្នំពេញ ដែលចូលរួមឱ្យការចាប់ផ្តើមរបស់វាអាចដំណើរការទៅបាន ហើយសង្ឃឹមថាអាចនឹងពង្រីក ឱ្យបានទូលំទូលាយទៅកាន់តំបន់ដាច់ស្រយាលនានានៃព្រះរាជាណាចក្រកម្ពុជា។

លោក Carl បានបន្ថែមទៀតថា «គេមិនទាន់ឃើញមានសហគមន៍ផ្តល់សេវាកម្មធ្វើដំណើរ សាធារណៈនៅតាមតំបន់ដាច់ស្រយាលនៅឡើយទេ។ ដូច្នេះការចែករំលែកទោចក្រយានយន្តអគ្គិសនីផ្តល់នូវការធ្វើដំណើរដែលមានតម្លៃសមរម្យទៅកាន់សហគមន៍តំបន់ដាច់ស្រយាលដោយមិនចាំបាច់ធ្វើការទិញយានយន្តជាមុនដើម្បីបានក្លាយជាម្ចាស់កម្មសិទ្ធិ។វាក៏ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ស្រ្តី និងជនដែលងាយរងគ្រោះ ដែលមិនមានមធ្យោបាយ ធ្វើដំណើរដ៏ទុកចិត្តបានដោយខ្លួនឯង។»

ការនាំមកនូវការធ្វើដំណើរដោយចែករំលែកនៅក្នុងតំបន់ដាច់ស្រយាលនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវការដាក់ឱ្យប្រើប្រាស់ថាមពលអាគុយទៅកាន់តំបន់ដទៃទៀតនៃប្រទេសផងដែរ។ សហគមន៍តំបន់ដាច់ស្រយាលជាច្រើនអាចដំណើរការស្ថានីយ៍ផ្លាស់ប្តូរអាគុយផ្ទាល់ខ្លួនបាន ហើយក្រុមហ៊ុននឹងធ្វើឱ្យវាមានតម្លៃដ៏សមរម្យ ដើម្បីឱ្យពួកគេអាចចាប់ផ្តើមនូវអាជីវកម្មមួយនេះបាន។ ខណៈដែលពួកគេមិនមានលទ្ធភាពក្នុងការបើកនូវស្ថានីយ៍ប្រេងឥន្ធនៈបាន ពួកគេអាចនឹងមានលទ្ធភាពក្នុងការចាប់ផ្តើមបើកនូវស្ថានីយ៍ផ្លាស់ប្តូរអាគុយតាមរយៈក្រុមហ៊ុន OYIKA បាន៕