កម្មវិធីមេរោគ Emotet បន្ថែមយុទ្ធសាស្ត្រថ្មីក្នុងការវាយលុកតាមរយៈអុីមែល

  • 2020-10-28 04:22:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Emotet គឺជាកម្មវិធីមេរោគដែលធ្វើការវាយលុកតាមរយៈអុីមែល។ ជាទូទៅជនរងគ្រោះទទួលបានអុីមែលដែលមានភ្ជាប់មកជាមួយនឹងឯកសារជាប្រភេទ Word មានផ្ទុកមេរោគ ហើយនៅពេលឯកសារនេះត្រូវបានបើកវានឹងទាមទារឱ្យអ្នកប្រើប្រាស់ បើកមុខងារ Macros ដែលជាមុខងារមួយនៅក្នុងកម្មវិធី Word ប៉ុន្តែនៅពេលអ្នកប្រើប្រាស់បើកមុខងារនេះ វានឹងបញ្ចូលកម្មវិធីមេរោគ Emotet ទៅក្នុងកុំព្យូទ័រ។

កាលពីមុនជនអនាមិកបានផ្ញើអុីមែលទៅឱ្យអ្នកប្រើប្រាស់ ដោយបន្លំធ្វើជាអុីមែលដែលទាក់ទងទៅនឹងវិក័យប័ត្រ បញ្ជាទិញទំនិញ ឯកសារផ្ញើទំនិញ ឬព័ត៌មានដែលទាក់ទងទៅនឹងជំងឺកូវីដ-១៩ ជាដើម ប៉ុន្តែឥឡូវនេះពួកគេបានបន្ថែមយុទ្ធសាស្ត្រថ្មីមួយ ដោយបន្លំធ្វើជាសារមកពីក្រុមហ៊ុន Microsoft ដែលទាមទារឱ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាពកម្មវិធី Word ដើម្បីទទួលបានមុខងារថ្មីៗ។ ដើម្បីធ្វើបច្ចុប្បន្នភាពនេះវានឹងទាមទារឱ្យអ្នកប្រើប្រាស់ចុចលើ Enable Editing បន្ទាប់មកចុចលើ Enable Content ដែលនេះធ្វើឱ្យពួកគេអាចបញ្ចូលកម្មវិធីមេរោគទៅក្នុងកុំព្យូទ័របាន។

បច្ចុប្បន្នកម្មវិធីមេរោគ Emotet កំពុងតែរីករាលដាលយ៉ាងខ្លាំងជុំវិញពិភពលោក ហើយត្រូវបានអ្នកស្រាវជ្រាវផ្នែកបច្ចេកវិទ្យាចាត់ទុកថាជាមេរោគមួយដែលមានគ្រោះថ្នាក់បំផុតផងដែរព្រោះថា បន្ទាប់ពីមេរោគនេះឆ្លងចូលទៅក្នុងកុំព្យូទ័ររបស់អ្នកប្រើប្រាស់ហើយ វានឹងបញ្ចូលកម្មវិធីបន្ថែមពីរទៀតគឺ កម្មវិធី TrickBot និងកម្មវិធី QBot ដែលជាកម្មវិធីសម្រាប់លួចយកលេខសម្ងាត់ គណនីធនាគារ និងព័ត៌មានឯកជនភាពផ្សេងៗទៀតរបស់អ្នកប្រើប្រាស់ លើសពីនេះទៅទៀត វាក៏អាចនាំឱ្យមានការជំរិតទារប្រាក់តាមរយៈកុំព្យូទ័រផងដែរ (Ransomware)។

ដូច្នេះដើម្បីការពារទិន្នន័យនៅក្នុងកុំព្យូទ័ររបស់លោកអ្នកក៏ដូចជាសុវត្ថិភាពក្នុងប្រើក្នុងការប្រើប្រាស់កុំព្យូទ័រ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្ននៅពេលដែលលោកអ្នកបានទទួលសារអុីមែលណាមួយនោះ។ សូមលោកអ្នកកុំបើកឯកសារដែលមានភ្ជាប់មកជាមួយនៅពេលដែលលោកអ្នកពុំដឹងពីប្រភពច្បាស់លាស់ ជាពិសេសសូមកុំចុចលើប៊ូតុងដែលអាចឱ្យបើកមុខងារ Macros ព្រោះវាជាប្រភពដែលធ្វើឱ្យមេរោគឆ្លងចូលទៅក្នុងកុំព្យូទ័ររបស់លោកអ្នកបាន៕

ប្រភព៖ Anti Cyber Crime Department