យឹម តាស្រង់ ថា MV ពិសេស​របស់ តន់ ច័ន្ទសីម៉ា មួយ​នេះ ផ្ទុះ​សាហាវ!

  • 2020-11-06 03:28:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ចម្រៀង​ផ្លូវ​ការ​ពិសេស​មួយ​របស់ តន់ ច័ន្ទសីម៉ា មាន​ចំណង​ជើង​ថា "បង​ប្អូន​យើង​ទេ" ដែល​បាន​ចេញ​ផ្សាយ​នៅ​លើ​យូធូប​៣សប្ដាហ៍​មក​ហើយ​នោះ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ស្ទុះ​ឡើង​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក យឹម តាស្រង់ នាយក​គ្រប់​គ្រង​ផលិតកម្ម​ផ្ទាល់។

“បាទ...បទ​នេះ ឡើង​លឿន​មែន​ទែន​បង ត្រឹម​តែ​៣សប្ដាហ៍​ទេ អ្នក​មើល​ឡើង​ជិត ៥លាន​ទៅ​ហើយ និយាយ​រួម​ត្រឹម​តែ ៤ ថ្ងៃ​ប៉ុណ្ណោះ MV របស់ សីម៉ា មួយ​នេះ ឆក់​បាន​អ្នក​មើល​ជាង ១លាន​បាត់​ហើយ!”។ តាស្រង់ ថ្លែង។

បទ "បង​ប្អូន​យើង​ទេ!” និពន្ធ Melody និង​ទំនុក​ច្រៀង​ដោយ​លោក យឹម តាស្រង់ ដោយ​ឡែក​បទ​ភ្លេង​ស្នាដៃ​របស់ Tempo Tris ដែល​ចេញ​ផ្សាយ​នៅ​លើ​យូធូប​របស់ Galaxy Navatra កាល​ពី​ថ្ងៃ​ទី ១០ តុលា ២០២០។ ចំណុច​គួរ​កត់​សម្គាល់ បទ​នេះ មាន​លក្ខណៈ​ពិសេស ត្រង់​ថា មិន​មាន​ចេញ​ជា​វីដេអូ​សំឡេង (Video Audio) ជា​មុន​នោះ​ទេ ពោល​គឺ​ចេញ​ជា​វីដេអូ​ចម្រៀង​ផ្លូវ​ការ​យក​តែ​ម្ដង។ ប្រការ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា បទ​នេះ ពិសេស​ជាង​បទ​ផ្សេង​ៗ​របស់ Galaxy។

ជា​លទ្ធផល គ្រាន់​តែ​ចេញ​នៅ​លើ​បណ្ដាញ​សង្គម​យូធូប​ភ្លាម​ៗ បទ​នេះ បាន​ទាញ​យក​ការ​គាំទ្រ​យ៉ាង​គំហុក ក្នុង​នោះ​បើ​តាម​នាយក​គ្រប់​គ្រង​ដដែល បញ្ជាក់​ថា ត្រឹម​តែ ៤​ថ្ងៃ​ប៉ុណ្ណោះ វីដេអូ​ចម្រៀង "បង​ប្អូន​យើង​ទេ" ទាញ​អ្នក​ចូល​ទស្សនា​ជាង ១លាន​ដង​ទៅ​ហើយ។ “និយាយ​ទៅ​សឹង​ថា កម្រ ព្រោះ ៤ថ្ងៃ អ្នក​មើល​ជាង​១លាន​ដង មិន​មែន​លេង​សើច​ទេ គឺ​ខ្លាំង​មែន​ទែន​បង!” តាស្រង់ ថ្លែង។

គិត​មក​ត្រឹម ម៉ោង ១០​ព្រឹក​ថ្ងៃ​ទី ០៦ វិច្ឆិកា ២០២០ នេះ វីដេអូ​ចម្រៀង​របស់​តារា​ចម្រៀង​មក​ពី​ខេត្ត​តាកែវ មាន​ចំនួន​អ្នក​ចូល​ទស្សនា​ចំនួន ៤ ៧០៩ ៣០២ ដង​។ តាម តាស្រង់ បាន​ធ្វើ​ការ​ប៉ាន់​ប្រមាណ​ថា វីដេអូ​ចម្រៀង​របស់ សីម៉ា មួយ​នេះ អាច​នឹង​កាន់​កាប់​កំណត់​ត្រា​ថ្មី​មួយ នា​រង្វង់​១ខែ​ទៀត។

ក្រៅ​មាន​ចង្វាក់​ភ្លេង ពីរោះ រន្ថើន​ចិត្ត​ចង់​រាំ នៅ​ក្នុង​វីដេអូ​ចម្រៀង "បង​ប្អូន​យើង​ទេ" នេះ គេ​មើល​ឃើញ​ថា សីម៉ា បង្កើត​ភាព​ទាក់​ទាញ​ខ្លាំង​មួយ​ផ្នែក​ទៀត​តាម​រយៈ​ទេពកោសល្យ​រាំ​របស់​នាង។ ក្បាច់​រាំ​នីមួយ សីម៉ា មើល​ទៅ ឡូយ និង​គួរ​ឲ្យ​ក្នាញ់​ណាស់។ តោះ...ទស្សនា​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

បិទ