ពិធីបិទកម្មវិធី “គ្រាប់ពូជដើម្បីអនាគត” ឆ្នាំ២០២០ ធ្វើ​ឡើង​ជោគជ័យតាមប្រព័ន្ធអ៊ិនធើណេត

  • 2020-11-12 06:14:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីបិទកម្មវិធី“ គ្រាប់ពូជដើម្បីអនាគត” ឆ្នាំ២០២០ ត្រូវបានប្រារព្ធឡើងដោយជោគជ័យតាមប្រព័ន្ធអ៊ិនធើណេត ហើយក្រុមហ៊ុន Huawei បានប្រកាសថាខ្លួននឹងបន្តបណ្តុះបណ្តាលផ្នែកឌីជីថលដល់យុវនិស្សិតកម្ពុជា ក្នុងរយៈពេល ៣ ឆ្នាំខាងមុខថែមទាំងប្តេជ្ញាក្នុងការកសាងបណ្តាញតភ្ជាប់ដ៏ពេញលេញនៃឌីជីថលកម្ពុជា។

ជម្រាបជូន​ដែរ​ថា គម្រោង“ គ្រាប់ពូជដើម្បីអនាគត” របស់ក្រុមហ៊ុន Huawei ប្រចាំកម្ពុជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ហើយរហូតមកដល់ពេលនេះបានផ្តល់ឱកាសដល់និស្សិតសាកលវិទ្យាល័យឆ្នើមៗនៅកម្ពុជាសរុបចំនួន ៤០នាក់ ដែលធ្លាប់បានចូលរួមដំណើរទស្សនកិច្ចសិក្សាទៅកាន់ប្រទេស ចិន។

ឆ្នាំនេះ គឺជាឆ្នាំទី៥ នៃការអនុវត្តគម្រោងនេះ ប៉ុន្តែដោយសារផលប៉ះពាល់នៃការរីករាលដាលនៃជំងីកូវីដ១៩ នៅឆ្នាំ២០២០ ពិធីបើកនៃកម្មវិធី “គ្រាប់ពូជដើម្បីអនាគត” របស់ក្រុមហ៊ុន Huaweiឆ្នាំ២០២០ នឹងត្រូវធ្វើឡើងតាមប្រព័ន្ធអ៊ិនធើណេត ដោយមានការពង្រីកនូវកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យធំៗចំនួន ៤ នៅកម្ពុជារួមមាន៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៏មាន, សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ជាលទ្ធផលនិស្សិតឆ្នើមចំនួន ៣០ នាក់ត្រូវបានជ្រើសរើសដើម្បីចូលរួមកម្មវិធីចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៥ ខែវិច្ឆិកា នៃសប្តាហ៏កន្លងទៅនេះ។

ពិធីបិទកម្មវិធី “គ្រាប់ពូជដើម្បអនាគត” ឆ្នាំ២០២០ ត្រូវបានប្រារព្ធឡើងតាមប្រព័ន្ធអ៊ិនធើណេត នៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា កន្លងទៅនេះ ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា, ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋចិនប្រចាំនៅកម្ពុជា, ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជននិងកីឡា, លោក សុវណ្ណ យ៉ាវ នាយកប្រតិបត្តិនៃក្រុមហ៊ុន Huawei ថេកណឡជី (ខេមបូឌា) ខូអិលធីឌី និងមានការអញ្ជើញចូលរួមពីតំណាងសាកលវិទ្យាល័យធំៗចំនួនបួននៃប្រទេសកម្ពុជាផងដែរ។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកឡើងនៅក្នុងសុន្ទរកថា: “ ក្រុមហ៊ុន Huawei បានធ្វើប្រតិបត្តិការធុរកិច្ចនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាយូរមកហើយ ដែលជាគំរូដ៏ប្រសើរមួយសម្រាប់សហគ្រាសបច្ចេកវិទ្យាទំនើបរបស់ប្រទេសចិនក្នុងការរួមចំណែកអភិវឌ្ឍនៅប្រទេសកម្ពុជា។ ក្នុងរយៈពេល ២១ ឆ្នាំនៃប្រតិបត្តិការនៅកម្ពុជា ក្រុមហ៊ុនក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យទូរគមនាគមន៍នៅកម្ពុជានិងបានបណ្តុះបណ្តាលទេពកោសល្យផ្នែកឌីជីថល។ ហើយក្រុមហ៊ុន Huaweiនៅតែបន្តរួមចំណែកបណ្តុះបណ្តាលទេពកោសល្យវ័យក្មេងនៅកម្ពុជាតាមរយៈបណ្តាញអ៊ិនធើណេតផងដែរ។ ដូចនេះ ខ្ញុំសង្ឃឹមថានិស្សិតមកពីសាកលវិទ្យាល័យនៅកម្ពុជាទាំង ៣០ នាក់ចាប់យកនូវឱកាសក្នុងការសិក្សាស្វែងយល់ពីក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេរបស់ប្រទេសចិនតាមរយៈការសិក្សានេះ និងដើម្បីចូលរួមចំណែកបន្ថែមទៀតក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជានាពេលអនាគត”។

ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា: “ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក៏កំពុងបន្តអនុវត្តការងារលើវិស័យឌីជីថលថ្នាក់ជាតិផងដែររួមមាន៖ ផែនការទីក្រុងឆ្លាតវៃ, សេចក្តីព្រាងផែនទីផ្លូវ៥G និងការកសាងក្រសួងឌីជីថល ជាដើម។ ជាពិសេសក្នុងវិស័យអប់រំផ្នែកឌីជីថល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានធ្វើការជាមួយក្រសួងអប់រំដើម្បីបង្កើតកម្មវិធីសិក្សាតាមអ៊ិនធើណេតក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ដើម្បីធានានូវភាពងាយស្រួលនិងដើម្បីអោយនិស្សិតអាចបន្តការសិក្សាបាន។ ទន្ទឹមនឹងនេះវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៏មាន នឹងក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលទេពកោសល្យក្នុងយុគសម័យឌីជីថលនៃប្រទេសកម្ពុជា"។

ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា“ ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេនៅលើពិភពលោក។ កំឡុងពេលធ្វើប្រតិបត្តិការនៅកម្ពុជា ក្រុមហ៊ុន Huawei ក៏បានចូលរួមចំណែកយ៉ាងសកម្មដើម្បីផ្តល់គុណតម្លៃដល់សហគមន៍មូលដ្ឋាននៅក្នុងប្រទេសកម្ពុជាផងដែរ។ ចាប់ផ្តើមពីដើមឆ្នាំនេះ ការរាតត្បាតជំងឺកូវីដ១៩ បានវាយលុកទូទាំងពិភពលោកនិងបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការផ្លាស់ប្តូរនៃការធ្វើដំណើរនិងប្រាស័យទាក់ទងគ្នាវវាងប្រទេសនីមួយៗ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ដោយសារការគាំទ្រនៃបច្ចេកវិទ្យាឌីជីថលដែលជួយសម្រួលដល់ដំណើរកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជាតែងតែឆ្ពោះទៅមុខជានិច្ច។ ជាក់ស្តែងដោយមានការគាំទ្រផ្នែកបច្ចេកវិទ្យាពីក្រុមហ៊ុន Huawei កម្ពុជា យើងក៏បានបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជាជាផ្លូវការតាមរយៈ "ការជជែកពិភាក្សាតាមបច្ចេកវិទ្យាCloud" និង "ការចុះហត្ថលេខាតាមបច្ចេកវិទ្យាCloud" ។

ឯកឧត្តម ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានបន្តទៀតថា "និស្សិតទាំង ៣០ នាក់ដែលត្រូវបានជ្រើសរើសសម្រាប់គម្រោង “គ្រាប់ពូជដើម្បីអនាគត” សុទ្ធតែជាតំណាងនិស្សិតឆ្នើមដែលត្រូវបានជ្រើសរើសដោយសាកលវិទ្យាល័យ។ ពួកគេមិនត្រឹមតែបានសិក្សាពីចំណេះដឹងផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យាប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យពួកគេមានការយល់ដឹងអំពីក្រុមហ៊ុន Huawei និងវប្បធម៌ចិនកាន់តែស៊ីជម្រៅជាងមុន។ ហើយខ្ញុំសង្ឃឹមថានិស្សិតទាំងអស់មិនត្រឹមតែក្លាយជាគ្រាប់ពូជនៃកម្មវិធី“គ្រាប់ពូជដើម្បីអនាគត” ក្នុងការអភិវឌ្ឍឌីជីថលប៉ុណ្ណោះទេ ហើយក៏ក្លាយជាគ្រាប់ពូជនៃមិត្តភាព តាមរយៈការជម្រុញការកសាងសហគមន៍ចិនកម្ពុជាក្នុងពេលអនាគតផងដែរ"។

ឯកឧត្ដម សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានៃប្រទេសកម្ពុជា, បានថ្លែងកោតសរសើរចំពោះការចូលរួមចំណែកជាបន្តបន្ទាប់របស់ក្រុមហ៊ុន Huawei ក្នុងការរួមចំណែកអភិវឌ្ឍវិស័យអប់រំផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យានៅកម្ពុជាដែលជាគំរូដ៏ល្អមួយសម្រាប់សហគ្រាសចិន។ "ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជាក៏បានបន្តអនុវត្តកំណែទម្រង់ការអប់រំឌីជីថលផងដែរ។ ការផ្ទុះឡើងនៃការរីករាលដាលនៃជំងឺកូវីដ១៩នៅឆ្នាំនេះ ក៏បានជម្រុញបន្ថែមទៀតនូវដំណើរការកែទម្រង់ឌីជីថលរបស់ក្រសួងអប់រំរួមទាំងការអភិវឌ្ឍវេទិកានិងមាតិកាឌីជីថល ក៏ដូចជាការបណ្តុះបណ្តាលសមត្ថភាពរបស់សាស្ត្រាចារ្យក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

ដូច្នេះ យុវជននៅកម្ពុជាអាចសម្របទៅនឹងយុគសម័យឧស្សាហកម្ម ៤.០ កាន់តែប្រសើរជាងមុននិងជួយប្រទេសកម្ពុជាឱ្យឆាប់សម្រេចបាននូវគោលដៅរបស់ប្រទេសកម្ពុជា ដើម្បីក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ខាងមុខនេះ”។

លោក សុវណ្ណ យ៉ាវ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei ថេកណឡជី (ខេមបូឌា) ខូអិលធីឌីបានថ្លែងថា: “សូមថ្លែងអំណរគុណដល់ស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា ក៏ដូចជាក្រសួងអប់រំយុវជននិងកីឡាដែលបានគាំទ្រដល់កម្មវិធីគ្រាប់ពូជនៃពេលអនាគតនៅឆ្នាំ២០២០។ ក្រុមហ៊ុន Huawei ជឿជាក់ថាការអប់រំនិងការបណ្តុះបណ្តាលទេពកោសល្យគឺជារឿងសំខាន់បំផុតក្នុងការធ្វើឱ្យប្រទេសមួយបន្តការរីកចម្រើន។

ក្នុងនាមជាក្រុមហ៊ុនឈានមុខគេផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា ក្រុមហ៊ុន Huawei សង្ឃឹមថានឹងគាំទ្រដល់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសយុទ្ធសាស្ត្រចតុកោណរបស់សម្ដេចតេជោ សម្រាប់បដិវត្តន៏ឧស្សាហកម្មដំណាក់កាលទី៤នេះ ដែលនាំមកនូវពិភពឌីជីថលជូនដល់គ្រប់គ្រួសារក្នុងប្រទេសកម្ពុជា និងដើម្បីឱ្យយុវជនគ្រប់រូបអាចសិក្សាអំពីបច្ចេកវិទ្យាឌីជីថលចុងក្រោយបង្អស់រួមមានដូចជា បច្ចេកវិទ្យា 5G, Cloud, IoT, AI ដើម្បីជម្រុញការអភិវឌ្ឍប្រកបដោយចីរភាពក្នុងរយៈពេលវែងនៃសេដ្ឋកិច្ចសង្គមនិងបរិស្ថានរបស់ប្រទេសកម្ពុជាផងដែរ"។

លើកនេះក្រុមហ៊ុន Huawei ក៏បានប្រកាសពី“ កម្មវិធីបណ្តុះបណ្តាលទេពកោសល្យ” ដោយប្តេជ្ញាចិត្តដើម្បីបណ្ដុះបណ្ដាលទេពកោសល្យផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យានិងទូរគមនាគមន៍ចំនួន ១០០ រូប ជារៀងរាល់ឆ្នាំក្នុងរយៈពេល ៣ ឆ្នាំខាងមុខទៀតដើម្បីត្រៀមខ្លួនរួចជាស្រេចនៃការឈានចូលមកដល់នៃយុគសម័យសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជានាពេលខាងមុខនេះ។

ក្រុមហ៊ុនHuawei គឺជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងការផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា (ICT) ដែលបច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកសរុបចំនួន១៨៨.០០០នាក់ នៅទូទាំងពិភពលោកមានប្រតិបត្តិការអាជីរកម្មនៅបណ្តាជាង ១៧០ ប្រទេសនិងតំបន់ ក៏ដូចជាបម្រើសេវាកម្មដល់ប្រជាជនប្រមាណជាង ៣ ពាន់លាននាក់នៅទូទាំងពិភពលោក។

ក្រុមហ៊ុន Huawei បានចាប់ផ្តើមប្រតិបត្តិការធុរកិច្ចរបស់ខ្លួននៅប្រទេសកម្ពុជាកាលពីឆ្នាំ ១៩៩៩ នៅក្នុងឆ្នាំ២០២០នេះ គឺជាឆ្នាំទី ២១ ហើយដែលក្រុមហ៊ុន Huawei បានធ្វើប្រតិបត្តិការនៅលើទីផ្សារកម្ពុជា មកទល់បច្ចុប្បន្នក្រុមហ៊ុន ហួវៃ មានបុគ្គលិកសរុបចំនួនជាង ២០០ នាក់ហើយ ៨០ ភាគរយគឺជានិយោជិកក្នុងស្រុក។

កម្មវិធី "គ្រាប់ពូជដើម្បីអនាគត" គឺជាគម្រោងទំនូលខុសត្រូវសង្គមឬ CSR ជាសកលរបស់ក្រុមហ៊ុន Huawei ។

កម្មវិធីនេះត្រូវបានធ្វើឡើងជាលើកដំបូងក្នុងឆ្នាំ ២០០៨ ដែលជាគម្រោងវិនិយោគធំបំផុតរបស់ក្រុមហ៊ុន ដើម្បីរួមចំណែកផ្តល់នូវឱកាសការងារក្នុងស្រុក និងក្នុងគោលបំណងជួយអភិវឌ្ឍទេពកោសល្យវ័យក្មេងផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យានៅបណ្តាពិភពលោក។

គិតត្រឹម ខែធ្នូ ឆ្នាំ ២០១៩ គម្រោង“ គ្រាប់ពូជដើម្បីអនាគត” មានការចូលរួមពី ១២៦ ប្រទេសនិងតំបន់ជុំវិញពិភពលោកហើយមាននិស្សិតសរុបចំនួន ៥៧៧០ នាក់បានចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សាអំពីបច្ចេកវិទ្យាព័ត៌មានវិទ្យានេះ៕

អត្ថបទពេញនិយម