សោក​ស្ដាយ នាយកដ្ឋាន​ភាពយន្ត ប្រកាស​ផ្អាក​មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី​៣​ទៅ​ហើយ!

  • 2020-11-18 05:07:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ នាយកដ្ឋាន​សិល្បៈ​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ ទើប​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​បន្ទាន់​មួយ ដោយ​សម្រេច​ផ្អាក ការ​រៀប​ចំ​ធ្វើ​មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី​៣ នា​ឆ្នាំ ២០២០​នេះ​ហើយ។

សេចក្ដី​ជូនដំណឹង​នេះ គឺ​ប្រមាណ​តែ​១​ខែ​ប៉ុណ្ណោះ បន្ទាប់​ពី​ក្រសួង​វប្បធម៌​បាន​ប្រកាស​ពី​ការ​បើក​ធ្វើ​មហោស្រព​ភាពយន្ត​ថ្នាក់​ជាតិ​លើក​នេះ​៣​នេះ កាល​ពី​ដើម​ខែ តុលា។ នៅ​ក្នុង​កាល​បរិច្ឆេទ​ដំបូង មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី​២ ត្រូវ​បាន​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៤-៧ ធ្នូ ខាង​មុខ។ យ៉ាង​ណា កន្លែង​ដែល​ផ្ដល់​ការ​លើក​កម្ពស់​សិល្បៈ​ភាពយន្ត​ក្នុង​ស្រុក​នេះ បាន​សម្រេច​ផ្អាក​ទៅ​ហើយ ដោយ​មិន​មាន​បញ្ជាក់​កាល​បរិច្ឆេទ​រៀប​ចំ​ឡើង​វិញ​នៅ​ពេល​ណា​នោះ​ទេ។

ចំពោះ​មូលហេតុ ដែល​មាន​នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​នោះ គឺ​ដោយ​យោង​លើ​ស្ថានភាព​ខូវីដ ១៩ បាន និង​កំពុង​រីករាល​ដាល​ជា​សាកល។ ដូច្នេះ​ហើយ នាយកដ្ឋានភាពយន្ត ស្នើ​សុំ​ការ​អធ្យាស្រ័យ​ចំពោះ​ការ​សម្រេច​ផ្អាក​កម្មវិធី​ផ្ដល់​ចំណាត់​ភាពយន្ត​ធំ​បំផុត និង​មាន​តែ​១​គត់​ក្នុង​មួយ​ឆ្នាំ​នេះ។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​នាយកដ្ឋានភាពយន្ត។

សេចក្ដីជូនដំណឹង ដែល​បង្ហោះ​នៅ​លើ​ទំព័រហ្វេសប៊ុក​ នាយកដ្ឋានភាពយន្ត

លោក ប៉ុក បូរក្ស ថ្នាក់​ដឹកនាំ​នាយកដ្ឋាន​ខាង​លើ ក៏​បាន​បញ្ជាក់​នៅ​​ព្រឹក​ថ្ងៃ​ទី ១៨ វិច្ឆិកា​នេះដែរ​ថា មហោស្រព​នេះ សម្រេច​ថា​ផ្អាក​ផ្លូវ​ការ​ហើយ។ តាម​រយៈ​សារអេឡិចត្រូនិក លោក បូ រក្ស ថា ជា​រឿង​រាល់​ឆ្នាំ ក្រុម​ការងារ​ក្រសួង​ទាំង​មូល ត្រូវ​ចំណាយ​ពេល​យ៉ាង​តិច ៦​ក្នុង​​ការ​រៀប​ចំ។ ប៉ុន្តែ​ឆ្នាំ​នោះ ដំណើរការ​រៀប​ចំ​ទាំង​អស់ ត្រូវ​បាន​រំខាន​ដោយ ខូវីដ។ ដូច្នេះ​ហើយ ការ​ប្រារព្ធ​ផ្លូវ​ការ​មិន​អាច​ធ្វើ​ទៅ​បាន​ឡើយ។

ប្រធាននាយកដ្ឋានដដែល​សង្កត់​ធ្ងន់​ថា ព្រឹត្តិការណ៍​នេះ សម្រេច​ផ្អាក​តែ​ម្ដង មិន​មែន​ពន្យារពេល​នោះ​ទេ។ លោក​ថ្លែង​ដូច្នេះ​ថា៖ "មិនអាចពន្យាទេ ព្រោះការប្រើប្រាស់ថវិការដ្ឋ ត្រូវទូទាត់មុនបំណាច់ឆ្នាំ"។

កាល​ពី​ចុង​ឆ្នាំ ២០១៩ មហោស្រព​ដូច​គ្នា​នេះ បាន​ប្រារព្ធ​លើក​ជា​លើក​ទី​២​របស់​ខ្លួន ដោយ​កាល​ណោះ បាន​រក​ឃើញ ភាពយន្ត អ្នក​ដឹកនាំ​រឿង និង​បុគ្គល​បម្រើ​ការ​នៅ​ក្នុង​វិស័យ​នេះ មាន​ភាព​លេច​ធ្លោ និង​ទទួល​បាន​ពាន​រង្វាន់​តាម​សមត្ថភាព​រៀង​ៗ​ខ្លួន។ ចំណុច​ចាប់​អារម្មណ៍ រឿង "នាឡិកា​ដាស់​វិញ្ញាណ" និង​រឿង "ស្នេហា​ក្មេងៗ" ប្រមូល​យក​ពាន​ពី​មហោស្រព​ភាពយន្ត​ថ្នាក់​ជាតិ​លើក​ទី​២​នេះ យ៉ាង​ច្រើន​រឿង​ខ្លួន៕

អត្ថបទ៖ ទារិកា