Huawei នៅតែប្រកាសចេញ P50 តាមផែនការ ហើយអាចបំពាក់ឈីប Kirin 9000

  • 2020-11-24 01:59:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​​​ដែល​អាមេរិក​ដាក់​ Huawei ​ចូល​ក្នុង​បញ្ជី​ខ្មៅ ពិត​ជា​បាន​ប៉ះពាល់​ដល់​អាជីវកម្ម​របស់ Huawei ប៉ុន្តែ​​បញ្ហា​នេះ​មិន​បាន​បណ្ដាល​ឲ្យ​ Huawei ផ្អាក​ការ​ផលិត​ស្មាតហ្វូន Flagship នៅ​ឡើយ​ទេ។ កាល​ពី​ខែ​មុន​ក្រុមហ៊ុន​បាន​បង្ហាញ​ចេញ​ Mate 40 Series ហើយ​ P50 Series ក៏​ទំនង​ជា​នឹង​ប្រកាស​ចេញ​តាម​ផែនការ​ផង​ដែរ។

សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង The Elec បាន​រាយការណ៍​ថា​ Huawei P50 Series គ្រោង​នឹង​ប្រកាស​ចេញ​នៅ​ឆមាស​ដំបូង​នៃ​ឆ្នាំ ២០២១ ដោយ​បាន​ដក​ស្រង់​ដំណង​ចេញ​ពី​បុគ្គល​ដែល​ដឹង​អំពី​ស្ថានភាព​នេះ​ច្បាស់។ សារព័ត៌មាន​ដដែល​បាន​បន្ថែម​ថា​ LG និង Samsung កំពុង​ត្រៀម​ខ្លួន​ផ្គត់ផ្គង់​អេក្រង់ OLED សម្រាប់​ស្មាតហ្វូន Flagship ថ្មី​នេះ។

ការ​ប្រកាស​ចេញ​ P Series ជំនាន់​ថ្មី​នៅ​ឆមាស​ដំបូង​នៃ​ឆ្នាំ ២០២១​ មិន​មែន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​ទេ ដោយ​សារ​កន្លង​មក​ Huawei តែង​តែ​ជ្រើស​រើស​យក​ពេល​វេលា​​ដូច​នេះ។ អ្វី​ដែល​គេ​ចាប់​អារម្មណ៍​គឺ​នៅ​ត្រង់​ថា​ការ​ចុះ​ផ្សាយ​ដែល​និយាយ​ថា​ P50 Series រំពឹង​ថា​ប្រើ​ប្រាស់​ឈីប Kirin 9000។ នេះ​ដោយ​សារ​ Huawei ធ្លាប់​ឲ្យ​តម្រុយ​ថា​ Mate 40 Series អាច​ជា​ស្មាតហ្វូន​ Flagship ចុង​ក្រោយ​ដែល​ប្រើ​ឈីប Kirin។

ប្រសិន​បើ​ដំណឹង​នេះ​ក្លាយ​ជា​ការ​ពិត មាន​ន័យ​ថា​ Huawei នៅ​សល់​ស្តុក​​បន្ទះ​ឈីប Kirin 9000 គ្រប់​គ្រាន់​សម្រាប់​ស្មាតហ្វូន​ដើម​ឆ្នាំ ២០២១។ ដូច​នេះ Huawei មិន​បាច់​ពឹង​ពាក់​លើ​បន្ទះ​ឈីប​ដែល​មាន​សមត្ថភាព​ខ្សោយ​​ជាង​ឈីប Kirin 9000 នោះ​ទេ៕​​​

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម