កម្របានឃើញណាស់ ដំរីព្រៃជាង១០ក្បាល ត្រូវប្រជាពលរដ្ឋថតបានទាំងហ្វូង (មានវីដេអូ)

  • 2020-11-24 06:59:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកភូមិពូចារនៅខេត្តមណ្ឌលគិរី បានប្រទះឃើញដំរីព្រៃមួយហ្វូង ខណៈពេលដែលពួកគាត់កំពុង ប្រមូលអនុផលព្រៃឈើនៅក្នុងភាគខាងត្បូងនៃដែនជម្រកសត្វព្រៃកែវសីមា កាលពីចុងខែតុលា កន្លងទៅ។

នៅពេលបានឃើញហ្វូងដំរីទាំងនោះភ្លាម ពួកគាត់ បានប្រញាប់ប្រញាលរត់ឡើងលើដើមឈើ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។ ខណៈនោះដែរអ្នកភូមិម្នាក់ក្នុងក្រុមនោះ បានយកទូរស័ព្ទថតសកម្មភាពសត្វដំរីទាំងនេះ កំពុងស៊ីឫស្សី និងដើរឆ្លងកាត់ក្រោមដើមឈើដែលពួកគាត់កំពុងលាក់ខ្លួន។

ក្នុងហ្វូងនោះ មានដំរីតូចធំយ៉ាងតិច ១៤ក្បាល និងទំនងជាមានសុខភាពល្អ។ តាមធម្មតាហ្វូងដំរីនីមួយៗដឹកនាំដោយដំរីញីដែលចាស់ជាងគេ ហើយក្នុងហ្វូងនោះមានញាតិសណ្តាន ព្រមទាំងកូនចៅរបស់មេហ្វូង។

ទោះបីជាគេកម្រឃើញសត្វដំរីទាំងនេះក្តី មានការប៉ាន់ប្រមាណថា មានដំរីប្រហែល ១០០ក្បាល កំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ហើយការដែលបានឃើញហ្វូងដំរីដ៏ធំ មានសុខភាពល្អ មានកូនមានចៅច្រើនដូចនេះ គឺជាករណីកម្រណាស់។

អង្គការ WCS បានឱ្យដឹងថា ដំរីនៅទូទាំងប្រទេសកម្ពុជាកំពុងទទួលរងការគំរាមកំហែងដោយសារការបាត់បង់ទីជម្រករបស់ពួកវា ដែលបណ្តាលមកពីមានការកាប់រានព្រៃខុសច្បាប់ យកដីធ្វើកសិកម្មនៅក្នុងតំបន់ការពារធម្មជាតិ។

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

ប្រភព៖ WCS Cambodia