អតីតជម្រើស U18 កម្ពុជា ចាន់ សុភា ចែកផ្លូវជាមួយណាហ្គាវើលដ៍

  • 2020-12-03 07:48:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតជម្រើសជាតិកម្ពុជាអាយុក្រោយ១៨ឆ្នាំ ចាន់ សុភា បានចែកផ្លូវជាមួយណាហ្គាវើលដ៍ហើយ ក្រោយរួមរស់ជាមួយក្លឹបជើងខ្លាំងមួយនេះ អស់រយៈពេល២រដូវកាលមក។

ចាន់ សុភា ពេលប៉ះជាមួយយុវជនថៃ AFF U-18 Youth Championship​

តាមសម្ដីរបស់ ចាន់ សុភា រូបគេរកបានទ្រនំថ្មីហើយ គឺក្លឹបបាល់ទាត់អង្គរថាយហ្គឺរ និងបានព្រមព្រៀងចុះកុងត្រា រយៈពេល២ឆ្នាំរួចមកហើយដែរ សម្រាប់ឆ្នាំ២០២១-២០២២។ ក្លាយជាសមាជិកថ្មីរបស់ក្លឹប តាំងនៅទឹកដីអង្គរខេត្តសៀមរាបនេះ ខ្សែបម្រើប្រយុទ្ធវ័យ១៩ឆ្នាំ បានបង្ហាញអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដ្បិតគេរំពឹងនឹងបានបង្ហាញសមត្ថភាពច្រើនជាងមុន​។

អតីតយុវជនកម្ពុជា លេងពានរង្វាន់ AFF U-18 Youth Championship ឆ្នាំ​២០១៩ បានលើកឡើង​យ៉ាងដូច្នេះថា ៖«សម្រាប់ប្អូន ប្អូនមានអារម្មណ៍ថារៀងសប្បាយចិត្តដែរបង ពីព្រោះថាមកក្លឹបថាយហ្គឺរនេះ កីឡាករគេរុះរើច្រើនទី១ ទី២មកក្លឹបនេះខ្ញុំអាចនិយាយបានថា ឱកាសដែលខ្ញុំអាចបង្ហាញ១១នាក់ អាចបាន៦០ទៅ៧០% ពីព្រោះអាហ្នឹងស៊ីសង​លើការយើងប្រឹងប្រែងបន្ថែមដែរបង»។

គួរបញ្ជាក់ថាក្រៅពីក្លឹបអង្គរថាយហ្គឺរ ក៏មានក្លឹបប្រមូលផ្ដុំដោយយុវជនខ្មែរល្អៗ អគ្គិសនីកម្ពុជា ទាក់ទងអតីតយុវជនម្ចាស់ជើងឯក លីគកំពូលកម្ពុជា៤សម័យបឹងកេតរូបនេះដែរ។

យុវជនដែលជួយ​ឱ្យក្រុមគោព្រៃជំទង់កម្ពុជា ទម្លាក់ U18 ប្រទេសថៃ ៤-៣​ និងវៀតណាម ២-១ ជាប្រវត្តិសាស្ត្រនេះ ក្នុងព្រឹត្តិការណ៍ AFF U-18 Youth Championship បានចូលរួមជាមួយក្លឹបជើងឯក លីគកំពូលកម្ពុជា៣សម័យកាលណាហ្គាវើលដ៍ ក្នុង​ឆ្នាំ២០១៩ បន្ទាប់ពីក្លឹបចាស់របស់គេវេសស្ទឺនភ្នំពេញ ប្រកាសផ្អាកសកម្មភាព៕

អត្ថបទ៖ អ៊ុំ សុភក្តិ