បើស្ងាត់ Covid-19 ការប្រកួតបាល់ទះដណ្ដើមប្រាក់លានវ័យចាស់១នេះនឹងចាប់ផ្ដើម

  • 2020-12-04 03:27:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើស្ថានភាពជំងឺរាតត្បាត Covid-19 មានសភាពស្ងប់ស្ងាត់ ការប្រកួតដណ្ដើមប្រាក់លានវ័យចាប់ពី៣៥ឆ្នាំឡើង នឹងដំណើរការភ្លាម ក្រោមការរៀបចំរបស់លោក ស៊ ដាវុធ នៅតារាងបាល់ទះព្រែកជ្រៃ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោក ស៊ ដាវុធ អ្នករៀបចំកម្មវិធីប្រកួត

បើតាមការឱ្យដឹងពីអ្នករៀបចំកម្មវិធីខាងលើ ពានរង្វាន់នេះមានឈ្មោះថា «ពានអតីតកីឡាករវ័យចំណាស់» ហើយលោកជ្រើសយកតែ៨ក្រុមប៉ុណ្ណោះ មួយក្រុមមានគ្នា៥នាក់ (លេងបួនស្មើ) ដើម្បីប្រកួតជម្រុះរកជើងឯកត្រឹមរយៈពេល២ថ្ងៃ ពោលគឺថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងថ្ងៃទី០១ ខែមករា ឆ្នាំ២០២១​។

ការប្រកួតពានវ័យចាស់នេះដែរ ធ្វើឡើងក្នុងគោលបំណង ចង់ឱ្យកីឡាករជំនាន់ក្រោយ និងអ្នកគាំទ្របាល់ទះបច្ចុប្បន្ន ស្គាល់ពីអតីតជម្រើសជាតិកីឡាករបាល់ទះ និង​ជម្រើសខេត្ត ហើយក៏ដើម្បីអបអរឱកាសបុណ្យចូលឆ្នាំសាកលផងដែរ។

លោក ដាវុធ បានបញ្ជាក់ថា ៖«គោលបំណងកម្មវិធីយើង ចង់ឱ្យប្អូនៗដែលជាកីឡាករជំនាន់ក្រោយ ឱ្យគាត់ស្គាល់ពីអតីតជម្រើសជាតិ ក៏ដូចជាអតីតជម្រើសខេត្ត ក៏ដូចជាកីឡាករដែលមានកេរ្តិ៍ឈ្មោះជំនាន់មុនៗ និងចង់ឱ្យអ្នកគាំទ្រវិស័យបាល់ទះយើងបច្ចុប្បន្ន បានស្គាល់ហើយក៏បានដឹងពីគេហៅថា សមត្ថភាពរបស់កីឡាករជំនាន់មុនយើង ដែលគាត់ទទួលបានមេដាយប្រាក់ មេដាយសំរិទ្ធ...ដែលតំណាងប្រទេសយើង ដោយសារតែសម័យនោះ អត់មានប្រព័ន្ធផ្សព្វផ្សាយទូលំទូលាយដូចឥឡូវ»។

លោក ស៊ ដាវុធ ប្រគល់ប្រាក់រង្វាន់ជូនលេខ៣ អេគីបអ្នកតាកែវ

អ្នករៀបចំកម្មវិធីវ័យ៣៧ឆ្នាំ បានរៀបរាប់ទៀតថា ការប្រកួតពានរង្វាន់អតីតកីឡាករវ័យចំណាស់នេះ មានលក្ខខណ្ឌដូចកម្មវិធីប្រកួតអេគីប២៥ខេត្តក្រុង ដែលទើបបញ្ចប់កាលពីពេលថ្មីៗដែរ ពោលគឺមានលក្ខណៈស្តង់ដារ មានអាជ្ញាកណ្ដាល មិនប៉ះសេ និងបោកជាប់ដៃ​។ ប៉ុន្តែខុសត្រង់ថាកីឡាករ មិនចាំបាច់មកពីខេត្តដូចគ្នាទេ ឱ្យតែមានអាយុចាប់ពី៣៥ឆ្នាំឡើង មានក្រុមសមាជិក៥នាក់ និងអាចលេងបានជាការស្រេច។

លោក ស៊ ដាវុធ បាននឹងកំពុងចាប់ផ្ដើមទទួលពាក្យតាំងពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០មកម្ល៉េះ ហើយក៏មានអ្នកដាក់ពាក្យមកបណ្ដើរៗហើយដែរ។

បុរសរហស្សនាមអ្នកប៉ះសេសារ៉េសំណាង បានថ្លែងបែបនេះ ៖«ខ្ញុំចាប់ផ្ដើមទទួលពាក្យតាំងពីថ្ងៃទី០២ ខែធ្នូមកម៉្លេះ ហើយបើដល់ថ្ងៃទី៣១ថ្ងៃ១ហ្នឹង ស្ថានភាពកូវីដនៅតែតឹងយើងត្រូវពន្យារ ប៉ុន្តែបើស្រាកស្រាន្ត ហើយខាងក្រសួង គាត់បើកឱ្យមានបការជួបជុំឡើងវិញ យើងចាប់ផ្ដើមធ្វើនៅថ្ងៃកំណត់យើងតែម្ដង»។

ការប្រកួតដណ្ដើមប្រាក់លាន «ពានអតីតកីឡាករវ័យចំណាស់» ជ័យលាភីលេខមួយ១ នឹងទទួលបានទឹកប្រាក់៤លានរៀល លេខ២ទទួលបាន ២លានរៀន និងលេខ៣ស្ទួនទទួលបាន១លានរៀល៕

អត្ថបទ៖ អ៊ុំ សុភក្តិ