Xiaomi មានមហិច្ឆតាចង់ទម្លាក់ Apple និង Huawei

  • 2020-12-04 04:38:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​ប្រភព​ពី​សង្វាក់​ផលិតកម្ម​ផ្គត់ផ្គង់​បាន​ឲ្យ​ដឹង​ថា​ Xiaomi បាន​កុម្ម៉ង់​ទិញ​គ្រឿង​បន្លាស់​​សម្រាប់​ផលិត​ស្មាតហ្វូន​នៅ​​ក្នុង​ឆ្នាំ ២០២១ ចំនួន​ ២៤០​លាន​គ្រឿង ដែល​ច្រើន​ជាង​ទំហំ​លក់​ចេញ​បច្ចុប្បន្ន​របស់​ខ្លួន។

ប្រភព​មួយ​បាន​បង្ហាញ​ថា​គោលដៅ​របស់ Xiaomi សម្រាប់​ឆ្នាំ​ក្រោយ​នេះ គឺ​ចង់​បញ្ចេញ​លក់​ស្មាតហ្វូន​ឲ្យ​បាន ៣០០​លាន​គ្រឿង។ យ៉ាងណាក្ដី​គោលដៅ​នេះ​ហាក់​ដូច​ជា​​នៅ​ឆ្ងាយ​បន្តិច​ដោយ​សារ​ដៃ​គូ​ផ្គត់ផ្គង់​គ្រឿង​បន្លាស់ មិន​មាន​សមត្ថភាព​បំពេញ​តាម​តម្រូវ​ការ​របស់ Xiaomi បាន​នោះ​ទេ។

ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់ Nikkei បាន​ឲ្យ​ដឹង​ថា Qualcomm និង MediaTek ដែល​ជា​ដៃ​គូ​ផ្គត់ផ្គង់​ឈីប​​សម្រាប់ Xiaomi, OPPO, vivo និង Samsung បាន​ប្រកែក​មិន​ព្រម​ទទួល​យក​ការ​កុម្ម៉ង់​ទិញ​ក្នុង​ទំហំ​មហាសាល​របស់ Xiaomi ដោយ​សារ​សង្វាក់​ផ្គត់ផ្គង់​ទាំង​មូល​ជួប​បញ្ហា​ខ្វះ​ខាត​ព្រោះ​ជំងឺ​កូវីដ​១៩។

តាម​ការ​ប៉ាន់​ស្មាន​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ IDC ប្រសិន​បើ Xiaomi អាច​​ផលិត​ស្មាតហ្វូន ២៤០​លាន​គ្រឿង​នៅ​ឆ្នាំ​​ក្រោយ​នេះ​មែន គឺ​ស្មើ​នឹង​ចំនួន​លក់​ប្រចាំ​ឆ្នាំ ២០១៩ របស់ Huawei (២៤០,៩​លាន​គ្រឿង) និង​ច្រើន​លើស​ចំនួន​លក់​របស់ Apple ដែល​លក់​បាន​ប្រមាណ ២០០​លាន​គ្រឿង​នៃ iPhone ក្នុង​មួយ​ឆ្នាំ។

ក្រឡេក​ទៅ​មើល​ឆ្នាំ ២០១៩ ក្រុមហ៊ុន Xiaomi អាច​លក់​ស្មាតហ្វូន​បាន​សរុប ១២៥,៦​លាន​គ្រឿង។ ​ចូល​ដល់​​​រយៈពេល​៩​ខែ​ដំបូង​នៃ​ឆ្នាំ ២០២០ ក្រុមហ៊ុន​អាច​លក់​ស្មាតហ្វូន​បាន ១០៤,៥​លាន​គ្រឿង ដែល​មាន​កំណើន​ ១៦% ធៀប​នឹង​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ២០១៩៕​​​​

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង