ក្រុម​កម្ពុជា ​ទទួល​ជ័យជម្នះ​ជា​លើក​ដំបូង​ក្នុង​ការ​ប្រកួត​ហ្គេម eSports ​លើ​ឆាក​អន្តរជាតិ

  • 2020-12-30 04:28:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមកម្ពុជា​ បានយកឈ្នះលើក្រុមចំនួន៧ដែលមកពីទូទាំងតំបន់ ហើយបានក្លាយជាក្រុមជើងឯក ក្នុងការ​ប្រកួតហ្គេម​ eSports ដ៏ធំបំផុតមួយប្រចាំតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។ ​

នេះគឺជាលើកទីមួយហើយ ​ដែលក្រុមកម្ពុជាទទួលបានជ័យជម្នះលើការប្រកួតហ្គេម eSports លើ​ឆាក​អន្តរជាតិ។​ ក្រុមកម្ពុជា HMB eSports បានយកឈ្នះលើក្រុមម៉ាឡេស៊ី​ ក្រុមស្រីឡាំងកា​ ក្រុម​បង់ក្លាដេស ​និងក្រុមឥណ្ឌូនេស៊ី​ ហើយ​បាន​ឈ្នះ​រង្វាន់ជាទឹកប្រាក់ចំនួន​១ម៉ឺន​៥ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក ពី​ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃ Axiata Game Hero 2020 ជា​ការ​ប្រកួត​ហ្គេម​ eSports ដ៏​ធំ​បំផុត​មួយ​ប្រចាំ​តំបន់។

ហ្គេម​ដែល​បាន​ប្រកួត​ មាន​ឈ្មោះ​ថា​ Free Fire​ ជា​ហ្គេម​បាញ់​ប្រហារ​ដែល​ផលិត​និង​រៀបចំ​ក្នុង​ភាព​ជា​ដៃ​គូ​រវាង Garena, Techninier និង Axiata Group ព្រមទាំង​ក្រុមហ៊ុន​ Smart Axiata ​ផង​ដែរ ​ដែល​ជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ឈាន​មុខ​គេ​នៅ​កម្ពុជា។ ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ (Grand Final) ​ក្រុម ​HMB eSports ​បាន​ឆ្លង​កាត់​ការ​ប្រកួត​ដ៏​លំបាក​មួយ​ ប៉ុន្តែ​នៅ​ទី​បំផុត​ សមាជិក​ទាំង​៤​នាក់​របស់​ក្រុម​ ក៏​អាច​យក​ឈ្នះ​ការ​ប្រកួត​ដោយ​ប្រើ​យុទ្ធសាស្ត្រ​និង​ជំនាញ​ដ៏​ពូកែ​របស់​ពួកគេ។

បេក្ខជន ​HMB Boy Loy ​ដែល​មក​ពី​ក្រុម​ជ័យលាភី ​បាន​និយាយ​ថា​៖ “ខ្ញុំពិតជា​សប្បាយ​ចិត្ត​មែនទែន​ដែល​ឈ្នះ​ការ​ប្រកួត​នេះ​។ ខ្ញុំ​ស្ទើរ​តែ​មិន​ជឿ​សោះ​ថា​ ក្រុម​ HMB eSports ​របស់​កម្ពុជា​ អាច​គ្រង​ដំណែង​ជើងឯក​ក្នុង​ការ​ប្រកួត​នេះ”។

បេក្ខជន ​HMB Girl Loy ​ដែល​ជា​ប្រធាន​ក្រុម ​HMB បាននិយាយថា៖​ “ខ្ញុំ​ពិតជា​រំភើប​ខ្លាំង​ណាស់​ ដែល​ក្រុម​របស់​យើង ​ក្លាយ​ជា​ក្រុម​ជើងឯក។ ​ការដែលយើងឈ្នះប្រាក់រង្វាន់នេះ​ គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​រំភើប​មួយ​ហើយ​ ប៉ុន្តែអ្វីដែលគួរឲ្យរំភើបជាងនេះទៀតនោះ​ គឺ​យើង​បាន​ធ្វើឲ្យកម្ពុជា​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​លើ​ឆាក​អន្តរជាតិ”។

វគ្គផ្ដាច់ព្រ័ត្រ​ ដែលបានប្រព្រឹត្តទៅនាចុងខែធ្នូនេះ​ គឺជាវគ្គចុងក្រោយបង្អស់នៃការប្រកួតនេះ។​ ការ​ប្រកួត​នេះ​ មាន​រយៈពេល១ឆ្នាំពេញ​ដោយ​វគ្គជម្រុះ​បានចាប់ផ្ដើម​កាលពីខែ​មករា​ឆ្នាំ២០២០ ជាមួយ​នឹង​ការ​ប្រកួត​ជា​លក្ខណៈ​បុគ្គល​ ហើយ​បន្ទាប់​មក​គឺ​ជា​ការ​ប្រកួត​ជា​ក្រុម​ មុននឹង​ឈាន​ដល់​វគ្គ​ប្រកួត​ក្រុម​ជម្រើសជាតិ។

វគ្គផ្ដាច់ព្រ័ត្រ​ មានការចូលរួមពីក្រុមចំនួន៨​ មកពីប្រទេសកម្ពុជា ​ម៉ាឡេស៊ី ស្រីឡាំងកា បង់ក្លាដេស និង​ឥណ្ឌូនេស៊ី។ ​ប្រាក់រង្វាន់សរុបចំនួន​ ១សែន៣ម៉ឺន៨ពាន់ដុល្លារសហរដ្ឋអាមេរិក ត្រូវ​បាន​ផ្ដល់ជូន​ដល់​បេក្ខជន​ម្នាក់ៗ ដូចជា​ក្រុមដែល​បានចូលរួមប្រកួត។

នាយក​ប្រតិបត្តិក្រុមហ៊ុន ​Smart Axiata លោក ​ថូម៉ាស ហ៊ុន​ បានមាន​ប្រសាសន៍ថា៖​ “ជ័យ​ជម្នះ​ដ៏​អស្ចារ្យ​របស់ក្រុម​ HMB eSports ​ស​បញ្ជាក់​ឲ្យយើង​ឃើញថា ​វិស័យ eSports ​នៅកម្ពុជា​ កំពុង​អភិវឌ្ឍ​ឈាន​ទៅ​មុខ។ ​ទោះ​បី​កម្មវិធី​ប្រកួត​មានអ្នក​ប្រកួតប្រជែង​ផ្សេង​ដែលគួរឲ្យកោតសរសើរ​ បេក្ខជន​ទាំង​៤នេះ​បាន​បង្ហាញ​នូវ​ជំនាញ​និង​សមត្ថភាព​ដ៏​អស្ចារ្យ​ដែល​បាន​នាំ​ឲ្យ​គេ​នូវ​ជ័យលាភីជើងឯក។​ ក្រុម​ហ៊ុន Smart គឺ​នៅ​ក្នុង​ចំណោម​អ្នកគាំទ្រ​ eSports ​មុន​គេ​ដំបូង​បង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​យើង​នៅ​មាន​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ផ្ដល់​ការគាំទ្រ​បន្ថែមទៀត​ ដល់ការអភិវឌ្ឍន៍នៃវិស័យ ​eSports និង​បន្ត​នាំ​យក​ព្រឹត្តិការណ៍ ​eSports ​ដ៏គួរឲ្យ​រំភើប​ជាច្រើនទៀត​ មកកាន់ប្រទេសកម្ពុជា”។

Axiata Game Hero​ គឺជាហ្គេមទូរស័ព្ទ ​និង ​ទីប្រមូលផ្ដុំហ្គេម​ eSports ​ដ៏​ធំ​បំផុត​មួយ​នៅ​អាស៊ី​ ដែល​មាន​ផ្ដល់​ជូន​នូវ​ហ្គេម​ទូរស័ព្ទ​និង​ហ្គេម​កុំព្យូទ័រ​ជា​ច្រើន​ប្រភេទ៕

អត្ថបទ៖ ប្រុស យុទ្ធ