អាកាសយានិក ហូបឆៃថាវដែលដាំបាននៅលើអាវកាសលើកដំបូងបំផុត

  • 2021-01-04 06:20:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្មីៗនេះអាកាសយានិកនៅឯស្ថានីយអវកាសអន្តរជាតិ ទទួលបានលទ្ធផលដ៏ជោគជ័យបន្ថែមពីការស្រាវជ្រាវនៅក្នុងលំហ ដោយបានដាំបន្លែឆៃថាវនៅក្នុងមជ្ឈដ្ឋានទំនាញខ្សោយលើកដំបូងបំផុតយ៉ាងជោគជ័យ។

លោក Kate Rubins អវកាសយានិករបស់ អង្គការណាសា បានដាំរុក្ខជាតិឆៃថាវចំនួន២០ដើម ដោយចំណាយពេលថែទាំ ២៧ថ្ងៃ។ គាត់បានប្រមូលផលចំនួន ១៩មើមហើយ ដោយទុកបរិភោគ៩មើម រីឯ១០មើមទៀត គឺនឹងត្រូវក្លាសេឱ្យកកដឹកយកទៅភពផែនដី ដើម្បីទុកធ្វើជាការវិភាគស្រាវជ្រាវ។

ការដាំដុះដំណាំនៅទីអវកាសគឺជារឿងពិបាកមួយ ដោយរុក្ខជាតិមានប្រតិកម្មទៅនឹងបញ្ហាទំនាញខ្សោយនៅក្នុងលំហ ដូចនេះពួកគេត្រូវដាំវានៅក្នុងជំរក​លក្ខខណ្ឌ​កម្រិតខ្ពស់មួយ ដែលសូម្បីតែការដាក់ទឹក ជី រួមទាំងពន្លឺ ក៏តម្រូវឱ្យត្រួតពិនិត្យយ៉ាងម៉ត់ចត់ផងដែរ។

បន្លែស្រស់នៅទីអាវកាសជារឿងដ៏កម្រ និងជាតម្រូវការខ្លាំងផងដែរ ត្បិតក្រុមអាកាសយានិកទាំងនោះត្រូវទទួលទានអាហារប្រអប់ គ្រឿងទេស និងអាហារសម្រន់ផ្សេងៗត្រូវផ្ញើតាមយានដែលដឹកឧបករណ៍ស្រាវជ្រាវទីកាន់ស្ថានីអវកាសអន្តរជាតិម្ដងៗ។

គួរបញ្ជាក់ផងដែរថាក្រុមអាកាសយានិក ក៏ធ្លាប់ទទួលបានជោគជ័យក្នុងការដាំបន្លែសាឡាត់ ត្រសក់ និងបន្លែបៃតងមួយចំនួនទៀតផងដែរ៕

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម