ស្ងាត់​ៗ កម្មវិធី​ប្រឡង​ចម្រៀង​យុវវ័យ​ធំ​មួយ រើស​បាន​បេក្ខជន​សម្រាប់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ហើយ!

  • 2021-01-09 04:38:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រឡង​ចម្រៀង​ថ្មី​ដ៏​ធំ​មួយ បាន និង​កំពុង​ដំណើរ​ការ​ជម្រុះ​បេក្ខជន ចម្រាញ់​យក​អ្នក​ដែល​មាន​សមត្ថភាព​ខ្ពស់​ឆ្ពោះ​ទៅ​កាន់​ក្ដី​ស្រមៃ​កាន់​ពាន​ដ៏​មាន​កិត្តិយស​របស់​កម្មវិធី ដោយ​ថ្មី​ៗ​នេះ បាន​រក​ឃើញ​បេក្ខភាព​សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ។

នេះ​ជា​កម្មវិធី​ប្រកួត​សមត្ថភាព​យុវវ័យ​លើ​ទេពកោសល្យ​សិល្បៈ​ចម្រៀង​ក្នុង​ស្រុក​ថ្មី​ស្រឡាង​មួយ ហៅ​ថា​កម្មវិធី "សំនៀង​ពេជ្រ NNP”។ តាម​ដំណឹង កម្មវិធី​បាន​បើក​ដំណើរ​ការ​ដំបូង​នៅ​ចុង​ឆ្នាំ ២០២០ ដោយ​ប្រមូល​បាន​បេក្ខជន​ចូល​មក​ដាក់​ពាក្យ​ទូទាំង​ប្រទេស​តាម​រយៈ​ការ​ផ្ញើ​សារ​ចូល​ប្រអប់សារ​ទំព័រ​ហ្វេសប៊ុក​​នៃ​កម្មវិធី មាន​ចំនួន​ដល់​ទៅ​ជាង ២ម៉ឺន​នាក់​ឯណោះ។

តាម​អ្នក​តំណាង​ម្នាក់ ឲ្យ​ដឹង​ថា បេក្ខជន​ដ៏​ច្រើន​នេះ ត្រូវ​បាន​ជម្រុះ​បន្ត​មក​ត្រឹម​១០០​នាក់ ដើម្បី​យក​ទៅ​មក​ធ្វើ​ការ​ប្រឡង​ប្រជែង​លើ​វេទិកា​ប្រព្រឹត្ត​ទៅ​នៅ​អ៊ី​អន​២ ដើម្បី​បន្ត​ស្វែង​រក​អ្នក​ខ្លាំង​ចំនួន ២២​នាក់​បន្ថែម​ទៀត។ គិត​មក​ត្រឹម​ថ្ងៃ​ទី ០៩ មករា ២០២១ នេះ កម្មវិធី​ខាង​លើ បាន​រក​ឃើញ បេក្ខជន​ចំនួន ៦នាក់​ក្នុង​បេក្ខភាព​សម្រាំង ២២​នាក់ ឆ្ពោះ​ទៅ​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ហើយ នៅ​ក្នុង​ការ​ប្រកួត​២ថ្ងៃ​ជាប់​គ្នាតាំង​ពី​ថ្ងៃ​ទី ០៧ មករា ២០២១​មក។

បេក្ខភាព​ទាំង​៦នោះ​មាន បេក្ខជន ភេត ស៊ីណាត សិលា ដារ៉ូ សៅ សុវណ្ណរ៉ា បេក្ខនារី អាន សុខកាន់ បេក្ខជន កែវ វីរៈ និង​បេក្ខជន យន ធី។ ពួក​គេ​ទាំង​៦ នឹង​កាន់​ដៃគ្នា​ទៅ​ប្រកួត​ប្រជែង​​បន្ត​ទៀត​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​មួយ​តាម​រយៈ​ទូរទស្សន៍​ភីអ៊ិនអ៊ិន នា​ម៉ោង ៧យប់ ថ្ងៃ​ទី ២១ ខាង​មុខ​នេះ។

តាម​លក្ខខណ្ឌ​របស់​កម្មវិធី អ្នក​ឈ្នះ​ជយលាភី​លេខ ១ ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន ៤០លានរៀល – លេខ២ ២០លានរៀល និងលេខ៣ ១០លានរៀល បូក​រួម​ជាមួយ​កុងត្រា​ការងារ​ជាមួយ​ម្ចាស់​ឧបត្ថម្ភ​ធំ ក្រុមហ៊ុន ទ្រី ដាណា ២ ឆ្នាំ។ ក្នុង​រយៈ​ពេល​នេះ ពួក​គេ​ទាំង​ថែម​ទាំង​មាន​ប្រាក់​ប្រចាំ​ខែ​ថែម​ទៀត​ផង៕

បេក្ខភាព​សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​ទាំង ៦

អត្ថបទ៖ ទារិកា