ម៉េចដែរប៉ុណ្ណឹង! Nissan Kicks ឆ្នាំ២០២១ ចេញតម្លៃលក់តែជាង ១ម៉ឺនដុល្លារ

  • 2021-01-12 02:29:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Nissan Kicks ស៊េរីឆ្នាំ២០២១ បានបង្ហាញខ្លួនជាផ្លូវការ កាលពីខែមុន ហើយវាត្រូវបានកំណត់ឲ្យចេញលក់នៅលើទីផ្សារសហរដ្ឋអាមេរិក នៅក្នុងខែកុម្ភៈ។

បើយោងតាមគេហទំព័រ Motor1 បានឲ្យដឹងថា រថយន្ត SUV ខ្នាតតូចនេះនឹងមានតម្លៃចាប់ពី ១៩ ៥០០ដុល្លារ ពោលគឺថ្លៃជាងស៊េរីឆ្នាំ២០២០ ត្រឹមតែ ៤៣០ដុល្លារប៉ុណ្ណោះ ហើយនៅតែផ្តល់ជម្រើស ៣ ម៉ូដែល គឺ S, SV និង SR។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតរថយន្តជប៉ុនខាងលើ នៅមិនទាន់បានបង្ហាញតម្លៃផ្លូវការសម្រាប់ប្រភេទ mid-spec និង top-spec ឡើយ ប៉ុន្តែ Kicks ស៊េរីឆ្នាំ២០២០ មានតម្លៃចាប់ពី ២០ ៧០០ដុល្លារ និង ២១ ៣២០ដុល្លារ ដូច្នេះសម្រាប់ស៊េរីឆ្នាំ២០២១ អាចនឹងថ្លៃលើសនេះ។

យ៉ាងណាមិញ រថយន្ត Nissan Kicks ឆ្នាំ២០២១ ទទួលបានការឌីហ្សាញថ្មីសម្រាប់ផ្នែកខាងមុខ ជាពិសេសគឺកាង និងប៉ាណាមុខ, ចង្កៀងមុខ និងអំពូលកាត់អ័ព្ទ ព្រមទាំងចង្កៀងក្រោយ និងកាងក្រោយថ្មីផងដែរ។ សម្រាប់ផ្នែកខាងក្នុង វាបំពាក់អេក្រង់កម្សាន្ត ៨អ៊ីញ, កុងទ័រ ៧អ៊ីញ, មុខងារ Android Auto និង Apple CarPlay, រន្ធដោត USB Type-C, ប្រព័ន្ធសំឡេង Bose និងមុខងារ Intelligent Around View Monitor។

Nissan Kicks បំពាក់ម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១២២សេះ ដំណើរការដោយប្រអប់លេខអូតូ CVT និងប៉ុងមួយវិលកង់មុខ។ វាមានកម្រិតស៊ីសាំងជាមធ្យម ៦,៥លីត្រ/១០០គីឡូម៉ែត្រ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង