បុកពោះ! គ្រុបឆាតឯកជនលើ WhatsApp បែកធ្លាយលើ Google ជាសាធារណៈ

  • 2021-01-12 03:48:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពី WhatsApp ដាក់ចេញគោលនយោបាយថ្មី ដោយតម្រូវឱ្យអ្នកប្រើប្រាស់ចែករំលែកទិន្នន័យរបស់ពួកគេជាមួយនឹងបណ្ដាញសង្គម Facebook បន្ទាប់មកក្រុមហ៊ុននេះក៏បានទទួលរងនូវការបំពានលើទិន្នន័យឯកជន ដោយគ្រុបឆាតឯកជន (private chat groups) របស់អ្នកប្រើប្រាស់អ្នកប្រើប្រាស់មួយចំនួនត្រូវបានលេចធ្លាយ invite link ជាសាធារណៈនៅលើ Google។

ទាំងនេះមានន័យថា នរណាម្នាក់ក៏អាចចូលរួមក្នុងការជជែករបស់អ្នកប្រើប្រាស់ WhatsApp ហើយអាចនឹងមើលបានទាំងការជជែក និងលេខទូរសព្ទរបស់ពួកគេថែមទៀតផង។

យ៉ាងណាក៏ដោយបញ្ហានេះត្រូវបានដោះស្រាយយ៉ាងឆាប់រហ័សពី WhatsApp ហើយ invite link ទាំងនោះក៏ត្រូវបាត់ទៅវិញពីលើ Google។ ប៉ុន្ដែបញ្ហានេះវាហាក់មិនថ្មីនោះទេចំពោះ WhatsApp ត្បិតបញ្ហាស្រដៀងខាងលើ ធ្លាប់កើតមានម្ដងមកហើយកាលពីដើម ឆ្នាំ២០២០។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនអំពីការបំពានទិន្នន័យទាំងនេះ ពួកគេថា WhatsApp បានពង្រឹងលើប្រព័ន្ធសុវត្ថិភាពចំពោះការលេចធ្លាយតាំងពីឆ្នាំមុនមកម៉្លេះ ហើយបញ្ហាថ្មីៗនេះ អ្នកប្រើប្រាស់គួរបន្ទោសខ្លួនឯង ដែលបានចែកចាយ Link នៃ​ក្រុមរបស់ខ្លួនលើ Google។

គួរបញ្ជាក់ផងដែរថា មូលហេតុនៃគោលការណ៍ថ្មី ដោយតម្រូវឱ្យអ្នកប្រើប្រាស់ចែករំលែកទិន្នន័យរបស់ពួកគេជាមួយនឹងបណ្ដាញសង្គម Facebook នោះក៏ព្រោះតែ ដើម្បីឱ្យកម្មវិធីទាំងពីរនេះដំណើរការបានកាន់តែប្រសើរ ទាំងការគាំទ្រ ការកំណត់ផ្សេងៗលើសេវាកម្មមួយចំនួនទៀត និងផ្ដល់បទពិសោធន៍ល្អៗដល់អ្នកប្រើប្រាស់។ រីឯហេតុផលមួយទៀតគឺថា ព្រោះ WhatsApp ជាកម្មវិធីបុត្រសម្ព័ន្ធមួយរបស់ Facebook ផងដែរ៕

ប្រភព៖ RT   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម