ដើមឈើចំនួន៣ដើម ដែលគ្រោងកាប់ចោល ពេលនេះអភិបាលរាជធានីភ្នំពេញ បន្តឲ្យថែរក្សា

  • 2021-01-12 04:15:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ និងមន្រ្ដីរដ្ឋបាលរាជធានីភំ្នពេញ ចុះពិនិត្យដើមឈើតាមបណ្ដោយវិថីព្រះអង្គឌួង​ និងវិថីក្រមួនសដោយផ្ទាល់។

ដោយដើមឈើទាំងនោះមានអាយុកាលច្រើនឆ្នាំ និងបានផ្ដល់ជាម្លប់សម្រាប់បងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរតាមវិថីនេះ ឯកឧត្ដមអភិបាលរាជធានីភំ្នពេញ បានឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីរកសិកម្ម និងមន្ទីរបរិស្ថាន បន្តថែទាំនិងរក្សាទុកដើមឈើចំនួន៣ដើមដែលចាស់ទ្រុឌទ្រោម ដោយលះមែកចេញមួយចំនួន និងធ្វើជើងទម្រទប់ដើម ដើម្បីការពារគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

គួរបញ្ជាក់ផងដែរថា កាលពីសប្តាហ៍មុន​ លោកសំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ដើមឈឺធំៗ នៅសួនកាណាឌីយ៉ា មុខពេទ្យព្រះអង្គឌួង មានចំនួនប្រមាណ៥០ដើម និងមានអាយុកាល ប្រមាណជាជាង៣០០ឆ្នាំមកហើយ គ្រោងនឹងកាប់យកចេញនៅសប្តាហ៍នេះ ដោយសារតែដើមឈើទាំង៣ដើមនោះ ពុកគល់ ប្រហោងក្នុង ដើម្បីកុំឲ្យគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋ ជាអ្នកដំណើរជាយថាហេតុ និងដាំដើមឈើថ្មីជំនួសវិញ។ ចំណែកដើមឈើ ដែលនៅសល់ក្រៅពី៣ដើមនោះ អង្គភាពនឹងកាត់គ្រី (លះមែកចេញ) ផងដែរ ដើម្បីកាត់ បន្ថយទម្ងន់ដើមឈើ ហើយក៏ជាការ លើកសោភ័ណភាពរាជធានីភ្នំពេញ ឲ្យកាន់តែស្រស់បំព្រង៕

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម
អត្ថបទថ្មី