ចៅស្រី ស៊ីន ស៊ីសាមុត៖ សូមប្រិយមិត្តគាំទ្រខ្ញុំក្នុងនាមខ្ញុំជាខ្ញុំ កុំគាំទ្រខ្ញុំក្នុងស្រមោលជីតារបស់ខ្ញុំ
- 2021-01-14 06:23:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចៅស្រី ស៊ីន ស៊ីសាមុត៖ សូមប្រិយមិត្តគាំទ្រខ្ញុំក្នុងនាមខ្ញុំជាខ្ញុំ កុំគាំទ្រខ្ញុំក្នុងស្រមោលជីតារបស់ខ្ញុំ
ចន្លោះមិនឃើញ
កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ដែលជាចៅស្រីរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត បានប្រកាសខ្លួនចូលប្រឡូកក្នុងអាជីពសិល្បៈពេញលេញក្នុងនាមជាតារាចម្រៀងស្រីម្នាក់នៅក្នុងផលិតកម្ម Klap YaHandz នៅព្រឹកថ្ងៃទី១៤ ខែមករា នេះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ ក្នុងពិធីទទួលស្វាគមន៍កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា របស់ផលិតកម្ម KlapYaHandz នៅសណ្ឋាគារ Raffle Le Royal សេដ្ឋសុជ្ឈតា ថា នាងមិនរំពឹងថានឹងល្បីខ្លាំងដូចជីតា ឬលោកឪពុក ប៉ុន្តែកញ្ញាមានសមត្ថភាព និងលទ្ធភាពក្នុងតែងនិពន្ធបទចម្រៀង និងច្រៀងខ្លួនឯងនូវបទថ្មីៗ ដើម្បីបម្រើអារម្មណ៍ប្រិយមិត្តគ្រប់ស្រទាប់វណ្ណៈចាប់ពីពេលនេះទៅ។
ស៊ីន សេដ្ឋសុជ្ឈតា៖"មិនមែនខ្ញុំចង់គេចចេញពីគ្រួសារហ្នឹងទេ តែខ្ញុំចង់ឲ្យទស្សនិកជនស្គាល់ខ្ញុំក្នុងនាមខ្ញុំជាខ្ញុំ ដើម្បីកុំទស្សនិកជនខ្លះគិតថាហេតុខ្ញុំមិនមានសំឡេងដូចជីតា។ ខ្ញុំនឹងប្រឹងប្រែងបង្កើតអ្វីដែលថ្មីៗទាំងបទចម្រៀងជាភាសាអង់គ្លេស និងខ្មែរ"។
បើតាមចាងហ្វាងផលិតកម្មKlapYaHandz លោក សុខ វិសាល និយាយថា តាមពិតកញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ក៏មានលក្ខណៈសម្បត្តិមិនខុសពីតារាចម្រៀងទាំង៩នាក់នៅក្នុងផលិតកម្មដែលលោកកំពុងគ្រប់គ្រងដែរ។ ប៉ុន្តែសុជ្ឈតា មានសមត្ថភាពនិពន្ធ និងច្រៀងដោយខ្លួនឯង ហើយមុនឈានដល់ការចាប់ដៃគ្នានៅពេលនេះលោកក៏បានពិភាក្សាជាមួយនាងអស់រយៈពេល២ឆ្នាំមកហើយដែរ។
កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ទទួលបានកុងត្រាច្រៀងក្នុងផលិតកម្មKlapYaHandz រយៈពេល៥ឆ្នាំ។ កញ្ញា ធ្លាប់ប្រឡូកក្នុងវិស័យសិល្បៈដោយលឹបល ឬមិនបានពេញដៃពេញជើងតាំងពីឆ្នាំ២០១៨ ដោយច្រៀងឡើងវិញនូវបទមរតកដើមមួយចំនួនដែរដូចជាបទ"ចំប៉ាបាត់ដំបង"។
សម្រាប់ការបើកឆាកនៅក្នុងផលិតកម្ម KlapYaHandz សេដ្ឋសុជ្ឈតា បានត្រៀមចេញបទចម្រៀងចំនួនបីបទជាប់ៗគ្នានៅអំឡុងខែកុម្ភៈ ឆ្នាំ២០២១។ ក្នុងបទចម្រៀងទាំងបីនោះ គឺមានបទជាខេមរៈភាសាពីរបទ និងបទជាភាសាបរទេសមួយបទ ហើយតាមរយៈបទចម្រៀងទាំងបីបទនេះ កញ្ញាសង្ឃឹមថានឹងពេញចិត្តប្រិយមិត្តគ្រប់វ័យ ព្រោះវាជាប្រភេទបទចម្រៀងមានចង្វាក់ខុសៗគ្នា៕