​រក​ឃើញ​គំនូរ​សត្វ​ក្នុង​រូងភ្នំ​ចាស់​បំផុត​លើ​ពិភពលោក គូរ​ដោយ​មនុស្ស​កាល​ពី​ជាង​៤​ម៉ឺន​ឆ្នាំ​មុន​

  • 2021-01-15 03:19:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​ស្រាវជ្រាវ​បុរាណ​វិទូ​បាន​រក​ឃើញ​ផ្ទាំងគំនូរ​គុហា​មួយ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ដែល​គូរ​ដោយ​មនុស្ស​កាល​ពី​៤៥៥០០​ឆ្នាំ​មុន​។

វា​​គឺ​ជា​​រូប​សត្វ​ជ្រូក​ព្រៃ​ ដែល​ចាត់​ទុក​ថា​ជា​រូប​គំនូរ​អំពី​សត្វ​ចាស់​ជាង​គេ​នៅ​លើ​ពិភពលោក​។ មនុស្ស​បុរាណ​បាន​ប្រើ​សារធាតុ​ពណ៌​ក្រហម​​មួយ​ប្រភេទ​មក​គូរ​ ដែល​នៅ​ជាប់​​បាន​យូរ​សឹង​មិន​គួរ​ឲ្យ​ជឿ​រហូត​ដល់​រាប់​ម៉ឺន​ឆ្នាំ។​ ខ្នាត​នៃ​ផ្ទាំង​គំនូរ​លើ​ជញ្ជាំង​ថ្ម​ភ្នំ​គឺ​មាន​ទំហំ​ប៉ុន​ជ្រូក​មែន​ទែន។ ​ រូបគំនូរ​នេះ​ត្រូវ​បាន​រក​ឃើញ​នៅក្នុង​រូង​លៀង​តេ​ដុង​នៅ​ជ្រលង​ភ្នំ​ដាច់ស្រយាល​មួយ​នៅ​លើ​កោះ ​Sulawesi​។​ ​វា​ផ្តល់​នូវ​ភស្តុតាង​ដំបូង​បំផុត​នៃ​ការ​តាំង​ទី​លំនៅ​របស់​មនុស្ស​ក្នុង​តំបន់​នេះ​។​ សារធាតុ​ឈ្មោះ​ Calcite ត្រូវ​​​ប្រើ​ដើម្បី​គូរគំនូរ​នេះ ហើយ​អ្នកឯកទេស​កំណត់​ពេលវេលា​បាន​​ប្រើ​វិធីសាស្ត្រ Uranium-series isotope​ ដើម្បី​ដឹង​ពី​អាយុ​កាល​គំនូរ​៕​

ប្រភព៖ Channelnewsasia   ប្រែសម្រួល៖ សៀនហួរ