កំពូលអ្នកដឹកនាំរឿងទាំង ៥ ដែលមានទ្រព្យសម្បត្តិហូរហៀរចាយតកូនតចៅ

  • 2021-01-18 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងមួយដែលអាចឈានដល់កម្រិតកំពូលបាន គឺអាស្រ័យទៅលើការដឹកនាំរបស់ អ្នកដឹកនាំរឿង។ យើងតែងតែឃើញពីការបង្ហាញទាក់ទងនឹងតារាសម្តែង ដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើលោក។ ចុះអ្នកដឹកនាំរឿងវិញ តើមានទ្រព្យច្រើនកម្រិតណា?

ខាងក្រោមនេះគឺជាកំពូលអ្នកដឹកនាំរឿងទាំង ៥ រូបដែលមានទ្រព្យសម្បត្តិជាមួយនឹងបទពិសោធយូរឆ្នាំផងដែរ៖

៥. Peter Jackson

សម្រាប់អ្នកគាំទ្ររឿង «Lord of the Rings» ច្បាស់ជាស្គាល់លោកហើយ គឺជាអ្នកដឹកនាំរឿងនេះ។ រឿង «Lord of the Rings» ទទួលបានជោគជ័យយ៉ាងខ្លាំង ហើយលោកបានរកចំណូលពីរឿងនេះបាន ១៨០ លានដុល្លារផងដែរ។

«King Kong» ក៏ត្រូវបានលោក Peter Jackson ជាអ្នកដឹកនាំ ហើយក៏ទទួលបានការគាំំទ្រមិនចាញ់រឿង «Lord of the Rings» ផងដែរ។ ទ្រព្យសម្បត្តិរបស់លោកគឺប្រហាក់ប្រហែល ៥០០ លានដុល្លារ។

៤. Tyler Perry

ជាតារាសម្តែង ផលិតករ ក៏ដូចជាអ្នកដឹកនាំ Tyler Perry មានទ្រព្យសម្បត្តិប្រមាណ ៦០០ លានដុល្លារ ហើយរឿងចុងក្រោយរបស់លោក ដែលបានដឹកនាំនោះគឺ «A Fall From Grace» ចេញនៅឆ្នាំ ២០២០។

៣. James Cameron

នៅពេលដែលនិយាយពីលោក James Cameron អ្នកស្នេហាវិស័យភាគយន្តច្បាស់ជានឹកដល់រឿង «Titanic» និង «Terminator» ជាក់ជាមិនខាន។ រឿងពីរដែលលោកជោគជ័យខ្លាំងនោះ គឺ «Avatar» ដែលបានបំបែកកំណត់ត្រា Box Office ផងដែរ។

អ្នកដឹកនាំសញ្ជាតិកាណាដារូបនេះ គឺជាអ្នកដឹកនាំដំបូងគេបង្អស់ដែលបានដឹកនាំរឿងដែលមានទំហំទឹកប្រាក់ ១០០ លានដុល្លារ។ ក្នុងឆ្នាំ ២០២១នេះ លោកមានទ្រព្យសម្បត្តិជាង ៧០០ លានដុល្លារ។

២. Steven Spielberg

លោកបានចាប់ផ្តើមការងារដំបូងនៅក្នុង Universal Studios។ ដោយសារតែទេពកោសល្យរបស់លោក Spielberg បានក្លាយខ្លួនទៅជាអ្នកដឹកនាំវ័យក្មេង ដែលបានចុះកុងត្រាជាមួយក្រុមហ៊ុនរយៈពេលវែង។ លោកក៏បានទទួលបានពានរង្វាន់ Academy Award ចំនួន ៣ដងផងដែរ។

រឿង «Jurassic Park» ឆ្នាំ ១៩៩៣ គឺជារឿងដែលលោកបានដឹកនាំ ហើយទទួលបាន ១,០៣ពាន់លានដុល្លារ ក្នុង Box Office។ ក្នុងវ័យ ៧៥ឆ្នាំ លោក Spielberg មានទ្រព្យសម្បត្តិ ៣,៧ ពាន់លានដុល្លារ។

១. George Lucas

លោកក្លាយជាអ្នកដឹកនាំដែលមានទ្រព្យសម្បត្តិមហាសាលគឺ ៥,៤ ពាន់លានដុល្លារ។ លោកគឺជាអ្នកដឹកនាំ អ្នកសរសេរ និងជាផលិតករ ហើយរឿងដែលលោកបានដឹកនាំមានឈ្មោះបោះសំឡេងជាងគេគឺ ខ្សែស្រឡាយរឿង «Star Wars»។

កាលពីឆ្នាំ ២០១២ លោកបានលក់ក្រុមហ៊ុនរបស់លោកទាំងមូលដែលមានឈ្មោះថា Lucasfilm ទៅឲ្យ Disney ក្នុងទឹកប្រាក់ដ៏មហាសាលគឺ ៤ ពាន់លានដុល្លារ៕

ប្រភព៖ wealthygorilla

អត្ថបទ៖ យី សុធារី

អត្ថបទពេញនិយម
អត្ថបទថ្មី