កីឡាករបរទេស ៥ នាក់ធ្វើឲ្យកក្រើកទីផ្សារដោះដូរលីគកម្ពុជារដូវកាលនេះ
- 2021-01-19 03:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករបរទេស ៥ នាក់ធ្វើឲ្យកក្រើកទីផ្សារដោះដូរលីគកម្ពុជារដូវកាលនេះ
ចន្លោះមិនឃើញ
ទីផ្សារដោះដូរកីឡាករបរទេសនៅកម្ពុជា នឹងបិទទ្វារថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ខណៈដែលក្លឹបនីមួយនៅកម្ពុជាបច្ចុប្បន្នកំពុងដុតដៃដុតជើងក្នុងការនាំយកកីឡាករថ្មីមកពង្រឹងក្រុមក្នុងការត្រៀមខ្លួនឲ្យបានល្អសម្រាប់រដូវកាលថ្មីរបស់ពួកគេ។
បើគិតត្រឹមពេលនេះមានកីឡាករបរទេសមួយចំនួនបានប្រកាសជាផ្លូវការរួចហើយ ពីការចូលរួមជាមួយក្លឹប ហើយក្លឹបធំៗបាននាំយកកីឡាករបរទេសល្អៗជាច្រើនមកកាន់ទឹកដីកម្ពុជា ដោយពេលនេះ Sabay សូមធ្វើការបង្ហាញជូនកីឡាករបរទេស៥រូបដែលធ្វើឲ្យកក្រើកទីផ្សារដោះដូរនៅកម្ពុជា៖
១- ខ្សែការពារ Paddy Barrett ៖ កាលពីពេលថ្មីៗនេះស្វាយរៀងបានប្រកាសជាផ្លូវការអំពីការចុះកុងត្រាយកជាខ្សែការពាររូបនេះ។ Paddy ធ្លាប់លេងនៅលីគកំពូលធំៗមួយចំនួននៅអឺរ៉ុប ដូចជា Dundalk លីគកំពូល អៀរឡង់ ចន្លោះឆ្នាំ២០១៥ ដល់ ២០១៧ លេងបាន ៤៣ ប្រកួតរកបាន៣ក្នុងនាមជាខ្សែការពារ និងធ្លាប់លេងនៅ Dundee United ដែលជាក្លឹបកំពុងលេងនៅលីគទី២ ប្រទេសស្កុតឡែន ក្នុងឆ្នាំ២០១៣-២០១៤ ។ បច្ចុប្បន្ន Barrett មានវ័យ ២៧ ឆ្នាំកម្ពស់ ១,៨៣ ម៉ែត្រ។
២- Marcus Haber ៖ ការផ្ទេរមកកាន់វិសាខាក្នុងនាមជាម្ចាស់អាវលេខ១១ ខ្សែប្រយុទ្ធរូបនេះធ្លាប់បង្ហាញខ្លួនក្នុងក្លឹបធំៗជាច្រើននៅតំបន់អឺរ៉ុប ដូចជា Dundee របស់ប្រទេសស្កុតឡែន និងក្លឹប Crewe Alexandra របស់ប្រទេសអង់គ្លេស។ Marcus ជាខ្សែប្រយុទ្ធឆ្នើមម្នាក់របស់អតីតក្លឹបនៅអឺរ៉ុប សម្បូរទាំងបទពិសោធ និងបច្ចេកទេសស៊ុតជើងស្ដាំយ៉ាងប៉ិនប្រសព្វ។ កីឡាកររូបនេះកើតថ្ងៃទី១១ ខែមករា ឆ្នាំ១៩៨៩ មានកម្ពស់ ១,៩០ ម៉ែត្រ។
៣- Miguel Ángel Junco Martínez ៖ ជាខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ ដែលស្វាយរៀងមិនទាន់បានប្រកាសជាផ្លូវការនៅឡើយ។ ប៉ុន្តែកីឡាកររូបនេះមានពាក្យចចាមអារ៉ាមថា នឹងបង្ហាញខ្លួនក្នុងក្លឹបស្វាយរៀងនារដូវកាលថ្មី។ និយាយពីប្រវត្តិរបស់កីឡាកររូបនេះជាអតីតកីឡាកររបស់ក្លឹប Huesca កាលឆ្នាំ២០១៥-២០១៦។ Mika ស៊ុតបាន ១១ គ្រាប់ក្នុងការបង្ហាញខ្លួនតែ ១៦ ប្រកួតប៉ុណ្ណោះសម្រាប់រដូវកាល២០២០ ឲ្យក្លឹប YKK នៃលីគទី២របស់ ហ្វាំងឡង់។
៤- Kosuke Yamazaki Uchida ៖ ខ្សែបម្រើចំណូលថ្មីរបស់ Angkor Tiger រូបនេះត្រូវបានគេដឹងថា ធ្លាប់លេងនៅលីគទី២នៃប្រទេសជប៉ុនគឺក្លឹប Oita Trinita កាលឆ្នាំ២០១០-២០១១។ បើទោះមានវ័យច្រើនបន្តិចក្ដី (៣៣ឆ្នាំ ) Kosuke នៅតែជាកីឡាករដែលកំពុងស្ថិតក្នុងការចាប់អារម្មណ៍ តាមរយៈបទពិសោធជោគជាំនៅនៅក្លឹបធំៗរបស់គេ ដូចជា Yangon United នៃប្រទេសមីយ៉ាន់ម៉ាជាដើម។
៥- Ata Inia ៖ ជាខ្សែប្រយុទ្ធវ័យត្រឹមតែ២០ឆ្នាំប៉ុណ្ណោះ ហើយកាលពីឆ្នាំ២០១៩ គេជាខ្សែប្រយុទ្ធល្អមួយរូប ដែលបានបង្ហាញខ្លួនក្នុងក្រុម Melbourne Knights FCនៃលីគ National Premier Leagues Victoria ។ ខ្សែយុទ្ធរូបនេះបង្ហាញសមត្ថភាពយ៉ាងល្អក្នុងក្រុមចាស់របស់គេ ដែលការមកដល់កម្ពុជាពិតជារឿងដ៏ល្អខ្លាំងមែនទែន ដើម្បីឲ្យលីគកំពូលកម្ពុជារដូវកាល២០២១ កាន់តែមានភាពប្រកួតប្រជែង ៕