គណៈកម្មការរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង សុំការយោគយល់អនុគ្រោះ ព្រោះសុវត្ថិភាពសុខភាពជារឿងសំខាន់បំផុត

  • 2021-01-21 02:15:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ក្រសួងទេសចរណ៍បានប្រកាសជាផ្លូវការនូវការផ្លាស់ប្តូរទម្រង់ នៃព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរលើក ទី២៥ មកជាការរត់បែប «Virtual Run» ឬ រត់ដោយស្ម័គ្រចិត្តរៀងៗខ្លួន នាថ្ងៃទី ៦-៧ ខែ កុម្ភៈ ឆ្នាំ ២០២១ នេះវិញ។

ការផ្លាស់ប្តូរនេះធ្វើឡើងក្នុងគោលបំណងដើម្បីការពារសុខភាព និងសុវត្ថិភាព អ្នកចូលរួមទាំងអស់ពីជំងឺកូវីដ១៩នៅកម្ពុជា ដែលចំនួនអ្នកធ្វើតេស្តវិជ្ជមាននៅតែកើនឡើងនៅឡើយពីមួយថ្ងៃទៅមួយថ្ងៃ។ នេះបើយោងតាមការឲ្យដឹងពី លោក សែម ផល្លា អ្នករៀបចំព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរលើក ទី២៥ ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីសប្ដាហ៍មុន។

លោក សែម ផល្លា អ្នករៀបចំព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរលើក ទី២៥ ថ្លែងក្នុងសន្និសីទសារព័ត៌មាន

លោកក៏បានសុំការយោគយល់ និង អនុគ្រោះពីអ្នកចុះឈ្មោះចូលរួមទាំងអស់ពាក់ព័ន្ធនឹងការផ្លាស់ប្តូរ នេះផងដែរ។

«ជាក់ស្តែង មេដាយលក្ខណៈពិសេសកម្មង់ធ្វើពីក្រៅប្រទេស និងស្លាកលេខមានដាក់ឈ្មោះអ្នករត់ ត្រូវបានរៀបចំរួចជាស្រេចអស់ហើយ តាំងពីមុនថ្ងៃរត់ប្រណាំងដែលគ្រោងនឹងត្រូវប្រព្រឹត្តទៅនៅសៀមរាបកាលពីខែធ្នូឆ្នាំមុនម្ល៉េះ។ ដូច្នេះ អ្នកដែលបានចុះឈ្មោះរួចគឺនៅតែអាចមកទទួលបាននូវស្លាកលេខ និង មេដាយទាំងនោះ»។ លោកបញ្ជាក់បន្ថែម។

លោក សែម ផល្លា លើកបង្ហាញ​មេដាយ​ដែលកុម្មង់ធ្វើពីក្រៅប្រទេស

ទន្ទឹមគ្នានេះ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិកានៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានលើកឡើងដែរថា៖ «ដោយសារតែចំនួនអ្នកចូលរួមច្រើន ស្របពេលដែលស្ថានភាពនៃជំងឺកូវីដ ១៩ នៅតែរីករាលដាល ទើបយើងមិនអាចមើលរំលងបានឡើយ។ ដើម្បីបង្ការ និងធានាបាននូវសុវត្ថិភាពចំពោះកីឡាករ កីឡាការនីគ្រប់គ្នា យើងត្រូវបង្ខំចិត្តផ្លាស់ប្តូរមកធ្វើការរត់បែបស្ម័គ្រចិត្តតាមទីតាំងរៀងៗខ្លួនវិញ»។

ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិកានៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា

យ៉ាងណាមិញ ព្រឹត្តិការណ៍ឆ្នាំនេះនៅតែទទួលបានការឧបត្ថម្ភគាំទ្រពី ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា (Manulife Cambodia) ដែលតែងគាំទ្រសកម្មភាពរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងនេះតាំងពីឆ្នាំ ២០១៤ មក។

សូមបញ្ជាក់ផងដែរថា អំឡុងពេលមានការរាតត្បាតនៃកូវីដ១៩នេះ ប្រទេសជិតខាងមួយចំនួនដែលគ្រោងរៀបចំទិវារត់ប្រណាំងម៉ារ៉ាតុង ឬពាក់កណ្ដាលម៉ារ៉ាតុងដែរនោះ ក៏បានផ្លាស់ប្ដូរទៅជារត់ Virtual Run ដូចកម្ពុជាដែរ។

សម្រាប់ព័ត៌មានលម្អិត ៖ Angkor Wat International Half Marathon

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម