ដោយសារមិនច្បាស់ប្រអប់ លឹម សុមុនី ប្ដូរមកលេងបាល់ដឺមីវិញ
- 2021-01-21 08:33:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដោយសារមិនច្បាស់ប្រអប់ លឹម សុមុនី ប្ដូរមកលេងបាល់ដឺមីវិញ
ចន្លោះមិនឃើញ
ដោយសារមិនច្បាស់ក្នុងការប្រើប្រអប់ដៃ លឹម សុមុនី ត្រូវបានគ្រូបង្វឹកលោក សោម ចំណាប់ ប្ដូរឱ្យទៅលេងតំណែងដេញបាល់ដឺមីវិញ ដែលតួនាទីនេះត្រូវការប្រើកម្លាំងខ្លាំងនិងហត់ជាងតួនាទីផ្សេង។
កីឡាកររបស់ក្លឹបស្នងការនគរបាលរាជធានីភ្នំពេញ សុមុនី បានទម្លាយថា ៖«ចូលទៅត្រូវបម្រើគេ ត្រូវការកម្លាំងខ្លាំង និយាយរួមទៅត្រូវការលោត លោតខ្លាំង លោតកាន់តែខ្ពស់កាន់តែល្អ បាល់ហ្នឹងបើយើងហាត់ដល់ លោតសំកាំងតែម្ដង»។
បើតាមការឱ្យដឹងពីកីឡាករមកពីខេត្តកំពត ជំនាញបានដេញនេះគឺត្រូវឧស្សាហ៍រត់ លើកអាំងទែ និងលោតអន្ទាក់ជាដើម ដើម្បីយកកម្លាំង យកសាច់ដុំ និងលោតឱ្យបានខ្ពស់។
កីឡាករស្នងការតាំងពីឆ្នាំ២០១៩បង្ហើបថា ៖«ត្រូវរត់ឱ្យបានច្រើនរត់ឱ្យបានច្រើន កាន់តែច្រើនកាន់តែល្អ ព្រោះអាហ្នឹងវាត្រូវការសុះលេងកុំឱ្យហត់ បើយើងហត់ក៏ដេញអត់កើតដែរ បើហត់យើងលោតតែបន្តិចអស់ជើងហ្មង ហើយមួយទៀតយើងលើកអាំងទែ លើកឱ្យបានច្រើន លើកយកសាច់ភ្លៅកំភួនជើងអីហ្នឹង លោតខ្សែអន្ទាក់លោតអីហ្នឹង សុទ្ធតែចូលទាំងអស់»។
បើប្រៀបធៀបជំនាញស្មាត់ស្ដាំ សុមុនី ថារូបគេល្អបាល់ដេញជាង ហើយជំនាញមួយនេះមិនត្រូវការប្រើប្រអប់ខ្លាំង អ្វីដែលសំខាន់គឺត្រូវដេញបាល់លឿន លោតពីក្រោមឡើងលើឱ្យខ្ពស់ និងវៃបាល់ពន្លិចពីលើទៅក្រោម។
ទោះបីជាយ៉ាងណា កីឡាករវ័យ១៩ឆ្នាំថាបាល់ដេញរបស់គេល្អបានត្រឹម៦០%ប៉ុណ្ណោះ បើធៀបនឹងកីឡាករបាល់ដេញដូចគ្នា ដ្បិតរូបគេឧស្សាហ៍រងរបួស ហាត់មិនបានដិតដល់។ ជាកស្ដែងសម្រាប់ការប្រកួតដណ្ដើមពានរង្វាន់៧មករាខួបទី៤២ ថ្ងៃនេះក្រុមរបស់គេត្រូវប៉ះជាមួយក្លឹបកងពលធំអន្តរាគមន៍លេខ៣ ប៉ុន្តែគេមិនបានចូលរួមក្រុមទេ ដោយសារមានជំងឺគ្រុនឈិ៕