ផ្លូវជិះកង់ដំបូងបង្អស់នៅសៀមរាប ដ៏សែនរមនា ត្រៀមបើកឱ្យទេសចរជិះកម្សាន្តហើយ

  • 2021-01-24 10:56:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីព្រឹកថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០២១ ឯកឧត្តម បណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារជិះកង់សាកល្បងលើផ្លូវកង់ថ្មី ដែលជាផលិតផលទេសចរណ៍ថ្មីសម្រាប់ឆ្នាំ ២០២១ នៅក្នុង រមណីយដ្ឋានអង្គរ ។ នេះបើតាមទំព័រហ្វេសប៊ុកផេករបស់អាជ្ញាធរជាតិអប្សរា ។

តាមការបញ្ជាក់ពី អគ្គនាយកអាជ្ញាធរជាតិអប្សរា ការជិះកង់នេះ គឺក្នុងគោលបំណងដើម្បីពិនិត្យ សាកល្បង និងត្រៀមទទួលស្វាគមន៍ដល់សហប្រធានគណៈកម្មាធិកា ICC ដែលនឹងមកពិនិត្យ និងដកបទពិសោធន៍កម្រិតសប្បាយពេញចិត្តចំពោះគម្រោងនេះយ៉ាងណា ហើយថាតើនៅមានចំណុចណាខ្លះទៀតដែលត្រូវកែសម្រួលដើម្បីឱ្យស្របតាមគោលការណ៍រមណីយដ្ឋានដែលជាបេតិកភណ្ឌពិភពលោក ។

ឯកឧត្តម បានមានប្រសាសន៍បន្ថែមទៀតថា ការស្ថាបនាផ្លូវកង់នេះឡើងក្រោមទស្សនៈគិតគូរវែង ឆ្ងាយរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ដើម្បីជួយសម្រួលចរាចរណ៍ និងសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ចូលរួមចំណែកថែរក្សាបរិស្ថានក្នុងតំបន់អង្គរ និងទាក់ទាញទេសចរណ៍កីឡា អ្នកជិះកង់កម្សាន្ត អ្នកជិះកង់ហាត់ប្រាណដើម្បីសុខភាព ជាដើម ។

ឯកឧត្តម បណ្ឌិត អំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ អ្នកជិះកង់កម្សាន្ត អ្នកជិះកង់ហាត់ប្រាណ ទាំងអស់ជួយចូលរួមថែរក្សាបរិស្ថាន អនាម័យ ដោយកុំបោះបង់សម្រាម សំបកដប ម៉ាសប្រើរួចនៅតាមបណ្តោយផ្លូវកង់ថ្មីនេះ និងសូមជួយចូលរួមសម្អាតទាំងអស់គ្នាដើម្បីបង្ហាញពីមោទនភាពជាតិយើង ៕

អត្ថបទដោយ៖ អាជ្ញាធរជាតិអប្សារា