សែលកាត ​គាំទ្រ​ប្រដាល់​គុន​ខ្មែរ​ថ្នាក់​ជាតិ ​ដើម្បី​ឈាន​ទៅ​រក​ប្រកួត​ស៊ីហ្គេម​

  • 2021-01-26 06:28:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​សែលកាត ​បាន​ប្តេជ្ញា​គាំទ្រ​ដល់​កម្មវិធី​ប្រកួត​កីឡា​ប្រដាល់​គុនខ្មែរ​ជើងឯក​ថ្នាក់​ជាតិ​ ដើម្បី​ជ្រើស​រើស​កីឡាករ​ឈាន​ទៅ​ប្រកួត​បន្ត​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម ​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នា​ឆ្នាំ​នេះ ​នៅ​ឯ​ប្រទេស​វៀតណាម។

​ក្រុមហ៊ុន​សែលកាត​ បានប្រកាស​ជាផ្លូវការនូវការប្រកួត​ជ្រើសរើស​កីឡាករ​ជើងឯក​ដែលនឹង​ត្រូវ​ហ្វឹកហាត់​ដើម្បី​ត្រៀមខ្លួន​ធ្វើជាតំណាងឱ្យប្រទេសកម្ពុជានៅក្នុងខែវិច្ឆិកាខាងមុខនេះ។ ការ​ប្រកួត​ជើងឯក​នេះ ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ ក្រោម​ការ​ណែនាំ​របស់​ក្រសួង​អប់រំយុវជន និងកីឡា ​និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​បាន​ធ្វើឡើង​ បន្ទាប់ពីការ​ប្រកាសរបស់​ក្រុមហ៊ុន​សែលកាត​កាលពីឆ្នាំកន្លង​ទៅ នៃ​កិច្ច​សហការ​រយៈពេល ​២ ឆ្នាំ​របស់ខ្លួន ​ជាមួយ​នឹង​ស្ថាប័ន​ ONE Championship មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី ដែល​ជា​ស្ថាប័ន​ផ្នែក​កីឡា ​និង​ការ​កម្សាន្ត​ដ៏​ធំ​បំផុត​មួយ​នៅ​លើ​ពិភពលោក។

ពិធី​បើកការ​ប្រកួត ​ត្រូវ​បាន​ប្រព្រឹត្តិ​ទៅ ​ដោយ​មាន​ការ​ចូលរួម​ថ្លែង​សុន្ទរកថា​ស្វាគមន៍​របស់ឯកឧត្តម តែម ម៉ឺន ​ប្រធាន​សហព័ន្ធ​ប្រដាល់​គុនខ្មែរ ​និងលោក អៀន វ៉ាតសុន (Ian Watson)​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែលកាត។

លោក វ៉ាតសុន បានថ្លែងថា ​ទស្សនៈវិស័យ​របស់សមាគមកីឡាខ្មែរ​ គឺដើរ​ទន្ទឹម​គ្នា​យ៉ាង​ល្អ​ជាមួយ​នឹង​សែលកាត ​ដែល​ជា​ក្រុមហ៊ុន​ជា​មោទនភាព​ជាតិ​ខ្មែរ​ និង​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ចល័ត​តែមួយ​គត់​នៅក្នុងប្រទេសកម្ពុជា​ ដែល​គ្រប់គ្រង​ដោយ​ជនជាតិខ្មែរ​១០០%។

លោកវ៉ាតសុន ​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ទៀត​ថា៖ “ខណៈ​ដែល​ក្រុម​សែលកាត​ចូលរួមធ្វើជា​តំណាង​ឱ្យ​គុណ​តម្លៃ ​និង​កេរ្តិ៍​ដំណែល​ប្រពៃណី​ខ្មែរ​ វាពិត​ជាប្រសើរ​ណាស់​ក្នុងការ​ជួយ​ដល់​វិស័យ​គុនខ្មែរ​យើង ​ដែលកីឡានេះ គឺ​ជា​ផ្នែក​មួយ​នៃ​ប្រវត្តិសាស្ត្រ​ដ៏​រុងរឿង ​និងជា​កីឡាដ៏​ជាទី​មោទន​បំផុត​មួយ​សម្រាប់​ប្រទេសកម្ពុជា” ។

ក្រុមហ៊ុន​ សែលកាត និងក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប​ ពិតជា​មាន​មោទនភាព​បំផុត​ សម្រាប់​ឱកាស​ក្នុង​ការ​ចូលរួម​គាំទ្រ​ដល់​កីឡាករ​ខ្មែរ​យើង ​ដែល​ពួកគេនឹងលើកទង់ជាតិខ្មែរបង្ហាញ​ ប្រកប​ដោយ​ភាព​អង់អាច​ក្លាហាន ​​នៅក្នុងការព្រឹត្តិការណ៍ប្រកួតខាងមុខនេះ។ ​

លោក ចាន់ រតនា​ ដែលជាកំពូលកីឡាករដ៏ឆ្នើមប្រចាំឱ្យកម្ពុជា​ និង​ជាទូតសុឆន្ទៈ​តំណាង​ឱ្យ​ក្រុមហ៊ុន​សែលកាត​ផង​នោះ ក៏​បាន​ចូលរួម​ថ្លែង​នៅ​ក្នុង​ពិធី​បើក​កម្មវិធី​ប្រកួត​នេះ​ ដោយ​បាន​គូស​បញ្ជាក់​ថា​ គុន​ខ្មែរ ​គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​រូបគាត់ ទាំង​ផ្នែក​អាជីព​ និង​ការ​កសាង​អនាគត​ផ្ទាល់​ខ្លួន ពោល​គឺ​បាន​ជួយ​រូប​គាត់​ឱ្យ​ទទួល​បាន​នូវ​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​នៅ​ក្នុង​ការ​ប្រកួត​អន្តរជាតិ ​ក្នុង​នាម​ជា​កីឡាករ​ប្រយុទ្ធ​របស់​ ONE Championship ។

កម្មវិធី​ប្រកួត​ជើងឯក​នេះ​ នឹងត្រូវធ្វើឡើងរហូតដល់ថ្ងៃទី២៩ ខែ​មករា ​ឆ្នាំ២០២១​ នៅ​ឯពហុ​កីឡដ្ឋាន​ស្តាតចាស់​ (មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ) ​នារាជធានីភ្នំពេញ ​ដោយក្នុងនោះ​ នឹង​មាន​ការចូលរួម​របស់កីឡាករកំពូល​ៗរបស់ខ្មែរយើង នៅក្នុង​កម្រិតទម្ងន់​ផ្សេងៗគ្នាផងដែរ​៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម