OPPO Find X3 ទំនងជាប្រើបច្ចេកវិទ្យានេះមុន Samsung និង Apple

  • 2021-01-27 03:15:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈក្រុមហ៊ុនដទៃមិនទាន់ដោះស្រាយកាមេរ៉ាខាងមុខដាក់ក្រោមអេក្រង់បាន OPPO ហាក់ឈានដល់មុនគេទៅហើយ ដោយក្រុមហ៊ុននេះបានបង្ហាញផលិតផលគម្រូនៅព្រឹត្តិការណ៍ MWC Shanghai 2019 ដែលជាកាមេរ៉ានៅក្រោមអេក្រង់ស្មាតហ្វូន អាចធ្វើការថតរូបនិងដោះសោបានយ៉ាងប្រសើរ។

បច្ចេកវិទ្យាបង្កប់កាមេរ៉ាក្រោមអេក្រង់នេះទំនងជានឹងបង្ហាញវត្តមានជាផ្លូវការនៅលើ Find X3 របស់ OPPO ដែលគ្រោងប្រកាសចេញឆាប់ៗខាងមុខនេះ។ កន្លងមកលោក Chen Mingyong នាយកប្រតិបត្តិរបស់ OPPO ធ្លាប់បាននិយាយថា Find X3 នឹងជាស្មាតហ្វូន Flagship អនាគតមួយរបស់ OPPO ហើយវាជាផលិតផលសំខាន់មួយដែលអាចបញ្ជាក់ពីបច្ចេកវិទ្យាឈានមុខគេរបស់ OPPO។

គេរំពឹងទុកថា OPPO Find X3 នឹងប្រើប្រាស់បន្ទះឈីប Snapdragon 888 មានអេក្រង់ដែលមានកម្រិតបង្ហាញ 3K+, មានកម្រិត Refresh Rate ខ្ពស់ និងមានប្រព័ន្ធគ្រប់គ្រងពណ៌ពេញលេញលើស្មាតហ្វូនដំបូងផងដែរ។

ទោះយ៉ាងណាបច្ចេកវិទ្យាកាមេរ៉ាបង្កប់ក្រោមអេក្រង់មិនមែនមានតែ OPPO នោះទេ Samsung ក៏កំពុងធ្វើការលើផ្នែកនេះផងដែរ។ ប៉ុន្ដែ Samsung សម្រេចបច្ចេកវិទ្យានេះបានតែលើអេក្រង់កុំព្យូទ័រយួរដៃប៉ុណ្ណោះ មិនទាន់ឈានដល់បំពាក់លើស្មាតហ្វូននៅឡើយទេ៕

ប្រភព៖ Gizchina   ប្រែ​សម្រួល៖ កុសល