តារា​ល្បី​ៗ ទៅ​មង្គល​ការ​ប្អូន​ចង​ដៃ​ប៉ុន្មាន​មិនដឹង ប៉ុន្តែ​រឿង​ដែល​ដឹង អ្នកឧកញ៉ា ឧបត្ថម្ភ​ទៅ​តារា​ចម្រៀង​វិញ​រាប់​ពាន់

  • 2021-01-27 04:03:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ល្បី​ៗ​ជួរ​មុខ​របស់​កម្ពុជា​ជា​ច្រើន​នាក់ បាន​បង្ហាញ​វត្តមាន​ចូល​រួម​ក្នុង​កម្មវិធី​មង្គល​ការ​ប្អូន​ថ្លៃ​របស់​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា កាល​ពី​ចុង​សប្ដាហ៍​មុន។ វត្តមាន​ពេល​នោះ មិន​មាន​ព័ត៌មាន ថា​ពួក​គេ​ចង​ដៃ​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​បែរ​ជា​មាន​ព័ត៌មាន​ថា ឧកញ៉ា បាន​ឧបត្ថម្ភ​បក​ទៅ​វិញ ម្នាក់​ៗ​រាប់​ពាន់​ដុល្លារ​អាមេរិក​ឯណោះ។

តារា​ៗ​ជួរ​មុខ​របស់​កម្ពុជា​ទាំង​នោះ​មាន លោក ព្រាប សុវត្ថិ តន់ ច័ន្ទសីម៉ា ខេមរៈ សិរីមន្ត និង ខេម ជា​ដើម​បាន​មាន​វត្តមាន​រួម​គ្នា​ជាមួយ​ឧកញ៉ា អ្នក​ឧកញ៉ា ឯកឧត្តម លោក​ជំទាវ និង​អ្នក​មុខ​អ្នក​ការ​ជា​ច្រើន​ទៀត ដោយ​បាន​ធ្វើ​ឲ្យ​វេលា​នោះ​ក្លាយ​ជា​ព្រឹត្តិការណ៍​ដ៏​មហោឡារិក ដែល​ពោរពេញ​ភាព​សប្បាយ​អឺងកង។

កម្មវិធី​ធំ​បែប​នេះ មិន​មាន​ព័ត៌មាន​ពី​ចំណង​ដៃ​របស់​ភ្ញៀវ​កិត្តិយស​ដែល​សុទ្ធ​តែ​លំដាប់​ ត្រូវ​បាន​បញ្ចេញ​ឡើយ។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ គឺ​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​ជា​បង​ថ្លៃ​របស់​កូន​ក្រមុំ បាន​ប្រកាស​ឧបត្ថម្ភ​បក​ទៅ​តារា​ល្បី​ៗ​ដែល​មាន​វត្តមាន​ក្នុង​ពិធី​ទៅ​វិញ ដែល​ម្នាក់​ៗ​ទទួល​បាន​រាប់​ពាន់​ដុល្លារ​អាមេរិក។ ការ​ផ្ដល់​ជូន​នូវ​កាដូ​ជា​ប្រាប់​រាប់​ពាន់​នេះ បើ​តាម​អ្នក​នៅ​ក្នុង​ហេតុការណ៍ និង​ជា​មនុស្ស​ស្និទ្ធ​នឹង​អ្នកឧកញ៉ា បាន​បញ្ជាក់​ថា កាដូ​នោះ គឺ​ជា​អំណោយ​ដែល​អ្នក​ឧកញ៉ា​ទៅ​ក្រុម​តារា​ចម្រៀង​ល្បី​ៗ ដែល​លោក​រាប់​អាន​ទុក​ដូច​បង​ប្អូន។

ក្រុម​តារា​ល្បី​ៗ​ដែល​ទទួល​ប្រាក់​អំណោយ​ពី​អ្នក​ឧកញ៉ា​វ័យ​ក្មេង​នោះ មាន​លោក ព្រាប សុវត្ថិ ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​អ្នក​ឧកញ៉ា ចំនួន ៦ ០០០ដុល្លារ​អាមេរិក។ តន់ ច័ន្ទសីម៉ា ទទួល​បាន ៦ ០០០​ដុល្លារ​អាមេរិក លោក ខេមរៈ សិរីមន្ត ទទួល​បាន ៥ ០០០ដុល្លារ​អាមេរិក និង​តារា​ចម្រៀង​មក​ពី​ខេត្ត​កំពង់ឆ្នាំង ខេម ទទួល​បាន ៥ ០០០ដុល្លារ​អាមេរិក​ដែរ។

ចំណុច​គួរ​កត់​សម្គាល់ អ្នក​ឧកញ៉ា បាន​ធ្វើ​ជា​អំណោយ​ដល់​តារា​ចម្រៀង​ដែល​លោក​រាប់​អាន​ទុក​ដូច​បង​ប្អូន​នូវ​ទឹក​ប្រាក់​ម្នាក់​ៗ​រាប់​ពាន់ដុល្លារ គឺ​កើត​ឡើង ក្រោយ​ពី​ឆ្នាំ​ថ្មី​នេះ គេ​ឃើញ មាន​រឿង​សិរីមន្ត​មង្គល​ជា​ច្រើន​បាន​កើត​ឡើង​បន្ត​គ្នា​នៅ​ក្នុង​សង្គម​គ្រួសារ​របស់​អ្នក​ឧកញ៉ា ដែល​មាន​ប្រវត្តិ​ជា​ពលករ​ធ្វើ​ការ​ដូរ​បាយ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នេះ។

រឿង​ល្អ​ៗ សិរី​មង្គល​នោះ គឺ​ថា ដំបូង​ឡើយ ក្រុម​គ្រួសារ អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា ចំនួន​៣​ មាន​បង​ប្រុស ឡេង ប្រុស ប្អូន​ប្រុស ឡេង និមល និង​ប្អូន​ស្រី ឡេង បញ្ចពណ៌ រូប​ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​ផ្ដល់​គោរមងារ​ជា​ឧកញ៉ា​ថ្មី​ៗ។ បន្ត​មក​មិន​យូរ​ប៉ុន្មាន​ឧកញ៉ា ឡេង ណាវ៉ាត្រា ខ្លួន​ឯង ក៏​ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​ផ្ដល់​គោរមងារ​​ថ្មី ជា​ "អ្នក​ឧកញ៉ា" ដែរ។

ចុង​ក្រោយ​នេះ គឺ​ប្អូន​ថ្លៃ​ស្រី​របស់​អ្នក​ឧកញ៉ា បាន​រៀប​មង្គលការ​យ៉ាង​មហោឡារិក ដោយ​មាន ឧកញ៉ា អ្នក​ឧកញ៉ា ឯកឧត្តម លោក​ជំទាវ និង​អ្នក​មុខ​អ្នក​ការ​ជា​ច្រើន​ទៀត​យ៉ាង​ច្រើន​កុះករ ក្លាយ​ជា​ព្រឹត្តិការណ៍​សិរីមន្ត​ធំ​ជាង​គេ គិត​ត្រឹម​ដើម​ឆ្នាំ ២០២១ នេះ៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី