សេដ្ឋីលេខ២លើលោក ទាមទារជិត ២លានដុល្លារពីបុរសម្នាក់

  • 2021-01-27 06:41:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jeff Bezos នាយក​ប្រតិបត្តិ Amazon បាន​ធ្វើ​ការ​ទាមទារ​ប្រាក់​ប្រមាណ ១,៧លានដុល្លារ ពី​បង​ប្រុស​​នៃ​មិត្ត​ស្រី​របស់​ខ្លួន​ឈ្មោះ​ថា Michael Sanchez។

​ប្រាក់​ដែល​ទាមទារ​នេះ​​គឺ​សម្រាប់​រ៉ាប់រង​នូវ​​ថ្លៃ​​មេធាវី​ដែល​លោក Jeff Bezos បាន​ចំណាយ ​ក្នុង​រឿង​ក្ដី​បរិហារកេរ្តិ៍​​ដែល​លោក​​ Michael បាន​ដាក់​​​ពាក្យ​ប្ដឹង​ចំពោះ​លោក Jeff Bezos។ Tom Warren មេធាវី​ការពារ​ក្ដី​លោក Michael បាន​និយាយ​ថា​ការ​ទាមទារ​របស់​លោក Jeff Bezos គឺ​ពិត​ជា​​ថោកទាប និង​​អាក្រក់​បំផុត។

ជម្លោះ​រវាង​លោក Jeff និង Michael បាន​ចាប់​ផ្ដើម​កើត​មាន​ឡើង​កាល​ពី​ជាង​ពីរ​ឆ្នាំ​មុន។ កាល​ពី​ខែ​មករា​ឆ្នាំ ២០១៩ ក្រោយ​ពី​លោក Jeff និង​ភរិយា​បាន​ប្រកាស​អំពី​ដំណឹង​លែងលះ សារព័ត៌មាន Page Six និង National Enquirer បាន​ទម្លាយ​ថា​លោក Jeff បាន​មាន​ទំនាក់ទំនង​ស្នេហា​​ជា​មួយ Lauren Sanchez ដែល​​ជា​អតីត​ពិធីការនី​ទូរទស្សន៍ និង​ជាពីឡុត​បញ្ជា​ឧទ្ធម្ភាគចក្រ។

National Enquirer និយាយ​ថា​បាន​ធ្វើ​ការ​តាមដាន​ជម្រៅ​លើ​ទំនាក់ទំនង​របស់​លោក Jeff និង Lauren រយៈពេល​៤​ខែ ដែល​ជា​លទ្ធផល​ទទួល​បាន​សារ​រោលរាល​ដែល​ពួក​គេ​ផ្ញើ​ឲ្យ​គ្នា រួម​ទាំង​រូបភាព​ស្រើបស្រាល​ទៀត​ផង។

ក្រោយ​មក​ទៀត​លោក Jeff បាន​​ចំណាយ​ថវិកា​ដើម្បី​ស៊ើបអង្កេត​ដើម​ហេតុ​នៃ​ការ​លេច​ធ្លាយ​ព័ត៌មាន​​របស់​ខ្លួន ដែល​ការ​ស៊ើបអង្កេត​មាន​ដឹក​នាំ​ដោយ​​លោក d Becker។ នៅ​ពេល​នោះ​លោក de Becker បាន​និយាយ​ថា​ Michael Sanchez ជា​មនុស្ស​ម្នាក់​​ដែល​គេ​ជឿជាក់​ថា​មាន​ទម្លាយ​ព័ត៌មាន​ទៅ​ឲ្យ​ National Enquirer ដែល​ពេល​នោះ​ Michael Sanchez បាន​ប្រកែក។

ក្នុង​ខែ​កុម្ភៈ​ឆ្នាំ ២០២០ លោក Michael បាន​ដាក់​ពាក្យ​​ប្ដឹង​ពី​បទ​បរិហារកេរ្តិ៍​​​ប្រឆាំង​នឹង​លោក Jeff Bezos និង​លោក de Becker ផង​ដែរ​ ដោយ​បាន​ចោទ​ថា​បុរស​ទាំង​ពីរ​បាន​ចោទ​ប្រកាន់​រូប​លោក​ដោយ​គ្មាន​ភស្តុតាង​ថា​បាន​ផ្ដល់​រូបភាព​អាក្រាត​របស់​លោក Jeff ទៅ​ឲ្យ​ National Enquirer ដោយ​ក្រោយ​មក​តុលាការ​សម្រេច​ឲ្យ​លោក Jeff ឈ្នះ​ក្ដី​ដោយ​សារ​ភស្តុតាង​​មិន​អាច​ទទួល​យក​បាន៕​​​​​​​​​​​​​​

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង