ថត​រឿង​អីចេះ ឬ​បាក់​ដៃ​មែនទែន? ប្រុស​ខួច ស្ពាយ​ដៃ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​គាំទ្រ​

  • 2021-01-27 08:14:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​រឿង​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង​ចំពោះ​តារា​សម្ដែង​ប្រុស លី សុខគឹមសាន ហៅ​ប្រុស​ខួច បន្ទាប់​លោក​បង្ហោះ​រូប​ថត​ពីរ​សន្លឹក​តាម​បណ្ដាញ​សង្គម​នៅ​រសៀល​ថ្ងៃទី២៧ ខែ​មករា នេះ។ រូប​ថត​១​សន្លឹក គេ​ឃើញ​លោក​ស្ពាយ​ដៃ​ឈរ​កណ្ដោចកណ្ដែង​ម្នាក់​ឯង​ក្បែរ​បង្អួច និង​១​សន្លឹក​ទៀត​គេ​ឃើញ​លោក​ស្ពាយ​ដៃ​ឈរ​នៅ​ពី​ក្រោយ​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់។

ក្រោយ​ពី​លោក​បង្ហោះ​រូប​ថត​ស្ពាយ​ដៃ​នេះ មាន​អ្នក​គាំទ្រ​គិត​ថា​ប្រុស​ខួច​ពិត​ជា​បាក់​ដៃ​មែន​ទែន ប៉ុន្តែ​ក៏​មាន​ប្រិយមិត្ត​ខ្លះ​ដាក់​ការ​សង្ស័យ​ថា នេះ​គ្រាន់​តែ​ជា​ការ​រៀបចំ​ឡើង​ដើម្បី​ថត​រឿង​ប៉ុណ្ណោះ។ អ្នក​គាំទ្រ​ម្នាក់​និយាយ​ថា​សង្ឃឹមថា វា​ជា​ខ្សែភាពយន្ត​ថ្មី​របស់​បង ប៉ុន្តែ​បើ​មិនមែន​ជា​ខ្សែភាពយន្ត​ទេ សូម​ឲ្យ​អារម្មណ៍​របស់​បង​បាន​ធូរស្បើយ​យ៉ាង​ឆាប់​រហ័ស។

ទាក់ទង​បញ្ហា​នេះ លោក លី សុខ​គឹមសាន ហៅ​ប្រុស​ខួច ប្រាប់ Sabay នៅ​មុន​នេះ​បន្តិច​ថា លោក​សូម​អគុណ​ចំពោះ​ការ​ព្រួយបារម្ភ​របស់​អ្នក​គាំទ្រ​ទាំង​ឡាយ ប៉ុន្តែ​រូប​ថត​ដែល​គេ​បាន​ឃើញ​នោះ គឺ​រៀបចំ​ឡើង​ដើម្បី​ថត​ក្នុង​ឈុត​មួយ នៃ​"មន្ត​ស្នេហ៍​ចៅស្រី"ប៉ុណ្ណោះ។

បើ​តាម​ការ​បញ្ជាក់​របស់​តារា​សម្ដែង​រូប​សង្ហា​នេះ រូប​ថត​ទាំង​ពីរ​សន្លឹក​ដែល​លោក​បាន​បង្ហោះ​នោះ គឺ​ផ្ដិត​ចេញ​ពី​ឈុត​មួយ​ដែល​តួ​អង្គ​រង​ស្រី​ម្នាក់​ស្ថិតនៅ​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់ ដោយ​មាន​ជន​ល្មើស​បម្រុង​នឹង​បាញ់​នាង ហើយ​លោក​ចូល​ទៅ​ជួយ​នាង​ក៏​ត្រូវ​ជនល្មើស​នោះ​បាញ់​ត្រូវ​ដៃ​តែ​ម្ដង។ លោក​ថា រឿង"មន្ត​ស្នេហ៍​ចៅ​ស្រី"នេះ ថត​ជិត​ចប់​ហើយ ហើយ​គេ​គ្រោង​នឹង​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍ ភី អិន អិន ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ហើយ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទថ្មី